ភ្នំពេញ ៖ តារាចម្រៀងសំឡេងផ្អែមរបស់ផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា កាលពីប៉ុន្មានថ្ងៃមុននេះ បានបញ្ចេញរូបថតPre-Weddingជាមួយម្ចាស់ស្នេហ៍តារាសម្តែងសង្ហាលោក ឆឹម សក្កដា ភ្ជាប់ជាមួយការប្រកាសចូលរោងជ័យនៅឆ្នាំ២០២០ខាងមុខ បង្កការភ្ញាក់ផ្អើលដល់មហាជន។
ទន្ទឹមគ្នានឹងការប្រកាសចូលរោងការនៅឆ្នាំ២០២០ខាងមុខនេះដែរ ក៏ស្រាប់តែកាលពីយប់ថ្ងៃទី៣១ ខែតុលា តារាស្រីអ្នកនាង ពេជ្រ សោភា បែរជាបង្ហាញសារថ្មីមួយទៀតបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រនិងទស្សនិកជនដោយនាងបញ្ជាក់ថា កាន់តែខិតជិតដល់ថ្ងៃចូលរោងការអ្នកនាងមានអារម្មណ៍កាន់តែភ័យ។
អ្នកនាង ពេជ្រ សោភា បានរៀបរាប់ដោយខ្លីដូច្នេះថា អោយតែគិតដល់ឆ្នាំ២០២០ភ័យហ្មង។ ការបង្ហោះរបស់អ្នកនាង ពេជ្រ សោភា នេះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនបង្ហាញការលើកទឹកចិត្តនិងជូនពរឲ្យចំណងស្នេហារវាងនាងជាមួយលោក ឆឹម សក្កដា មានសុភមង្គល និងស្រលាញ់គ្នារហូតដល់ចាស់កោងខ្នងផងដែរ។
គួររម្លឹកថា អ្នកនាង ពេជ្រ សោភា និងលោក ឆឹម សក្កដា គិតមកទល់ពេលនេះចំណងស្នេហាផ្អែមល្ហែមរបស់ពួកគេបានសាងឡើងមានរយៈពេលប្រមាណជា៣ឆ្នាំមកហើយ ខណៈដែលកន្លងមកក៏ត្រូវបានទស្សនិកជនសរសើរពីភាពផ្អែមល្ហែមនិងការរឹងមាំនៃសម្ពន្ធភាពស្នេហាមួយនេះ៕