ចិត្តបុណ្យណាស់! តារា​សម្ដែង​លោក គង់ រ៉ា​យុទ្ធ និង អ៊ឹម សុគន្ធា ចែក​អំណោយ​ដល់​តា​ៗ​ស៊ីក្លូ​១៣២​នាក់

ភ្នំពេញ ​៖ ​តារា​សម្តែង​ ដែល​ជា​ប្តី​ប្រពន្ធ​គឺ​លោក​គង់ រ៉ា​យុទ្ធ និង​អ្នកនាង អ៊ឹម សុគន្ធា បាន​នាំយក​អំណោយ​ទៅ​ចែក​ជូន​ដល់​តាៗ​ និង​ពូៗ​រត់​ស៊ីក្លូ​ចំនួន​១៣២​នាក់ ​នៅ​វត្ត​នាគ​វ័​ន្ត​។​ ការ​ធ្វើ​ទាន​នេះ ​ចំ​ថ្ងៃ​ពិសេស​របស់​គូស្នេហ៍​នេះ ​កាលពី​ល្ងាច​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០២០។

ក្រុម​អ្នក​សិល្បៈ​និង​សមាជិក​អ្នក​រកស៊ី​អន​ឡាញ បានបង្ហាញ​វត្តមាន​យ៉ាង​កុះករ​ជាមួយ​តារា​សម្តែង​លោក គង់ រ៉ា​យុទ្ធ និង​អ្នកនាង អ៊ឹម សុគន្ធា​ក្នុង​ពិធី​ចែក​អំណោយ​និង​ថវិកា​បន្តិច បន្តួច​នេះ​។​អ្នកនាង អ៊ឹម សុគន្ធា បាន​ថ្លែង​ឲ្យ​ដឹង​ថា ​ថ្ងៃនេះ​អ្នកនាង​និង​ស្វាមី រួម​ទាំង​សិល្បករ​សិល្បការិនី ទាំង​អស់​គ្នា​មាន​អារម្មណ៍​សប្បាយចិត្ត ដោយ​ថ្ងៃនេះ​ជា​ថ្ងៃ​ពិសេស​ក្នុង​ជីវិត​របស់​នាង​(​ជា​ថ្ងៃ​ខួបកំណើត​)។


អ្នកនាង​ បន្តទៀត​ថា​ មូលហេតុ​នេះ​ទើប​នាង​សម្រេចចិត្ត ធ្វើបុណ្យ​ប្រគេន​ទេយ្យទាន​ព្រះសង្ឃ និង​ចែក​អំណោយ​ជូនៗ​ដល់​ចាស់​តាៗ​និង​ពូៗ​ស៊ីក្លូ​១៣២​នាក់ ដោយ​មុន​កម្មវិធី​គ្រោង​តែ​១០០​នាក់​ប៉ុណ្ណោះ​។ ម្យ៉ាងទៀត អ្នកនាង​ធ្លាប់​មាន​ប្រវត្តិ​ឪពុក​ជា​អ្នក​ធ្លាប់​រត់​ស៊ីក្លូ ដើម្បី​ចិញ្ចើម​គ្រួ​សារតាំង​ជំនាន់​សង្គម​ដើម​មកម្ល៉េះ​។ នេះ​ជាហេតុ​នាំ​ឲ្យ​អ្នកនាង​ចាំ​មិន​ភ្លេច​ដល់​រឿងរ៉ាវ​ធាក់​ស៊ីក្លូ និង នឹក​ដល់​គុណ​លោកឪពុក​។​


អ្នកនាង អ៊ឹម សុគន្ធា បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា កម្មវិធី​សប្បុរសធម៌​លើក​នេះ​នាង​បាន​ចំណាយលុយ​ប្រហែលជា​ខ្ទង់​ជិត​បួន​ពាន់​ដុល្លារ​សម្រាប់​ការឧបត្ថម្ភ​ជា​អំណោយ​និង​ថវិកា​។ នាង​នៅតែ​បន្ត ឆន្ទៈ​ជួយ​ដល់​អ្នកក្រីក្រ​និង​អ្នក​ខ្វះខាត​ជាប់​ជានិច្ច​ដោយ​តាម​គន្លង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​កាត់បន្ថយ​ភាពក្រីក្រ និង​ជួយ​គាំទ្រ​ដល់​អ្នកធាក់ស៊ីក្លូ​ក្នុង រាជធានី​ភ្នំពេញ​។​


អ្វី ​ដែល​ជា​សំខាន់​នោះ​ប្រាក់ចំណេញ​ពីមុខ​របប​គ្រឿងសម្អាង​និង​អន​ឡាញ របស់​ក្រុមហ៊ុន HK7 Co.,Ltd របស់​អ្នកនាង​នោះ នឹង​ដក​មក​ជួយ​សង្គម ​និង​អ្នក​ខ្វះខាត​បន្ត​ទៀត។ នាង​សន្យា​នឹង​ឧស្សាហ៍​ចេញមុខ​ដើម្បី​សង្គម និង​ជួយ​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក មានការ​ខ្វះខាត​។​សូមជម្រាបថា​កាលពី​ថ្ងៃទី​២៣ ខែសីហា ឆ្នាំ​២០២០ ក្នុង​វិបត្តិ​កូ​វីដ​១៩ តារា​ទាំង​ពីរបាន បង្ហាញ​វត្តមាន​រួមគ្នា​នៅ​អង្គការ​ពន្លឺ​អនាគត ដោយ​ឧបត្ថម្ភ​ថវិកា​ជួយ​ក្មេងៗ​កំព្រា​និង​ក្រីក្រ ជាច្រើន​នាក់៕

Related posts