ភ្នំពេញ ៖ ស្របពេលដែលប្រជាពលរដ្ឋ និងសិល្បករ-សិល្បការិនីខ្មែរទូទាំងប្រទេសបាននិងកំពុងកាន់ទុក្ខដ៏ក្រៀមក្រំ បន្ទាប់ពីសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយទិវង្គតនោះ តារាភាពយន្តល្បីឈ្មោះAngelina Jolieក៏បានថ្លែងចូលរួមរំលែកព្រះរាជមរណទុក្ខដ៏ក្រៀមក្រំអមជាមួយរូបភាពអនុស្សាវរីយ៍សម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ផងដែរ។
ខ្លឹមសារ ដែលតារាភាពយន្តល្បីឈ្មោះរបស់ហូលីវ៉ូត Angelina Jolieបានបង្ហោះភ្ជាប់ជាមួយរូបអនុស្សាវរីយ៍របស់សម្តេចព្រះរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកាក្រុម ប្រឹក្សាធម្មនុញ្ញ និងជាអតីតរដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនោះ នាងបានសរសេរភាសាអង់គ្លេសចូលរួមរំលែកព្រះរាជមរណទុក្ខដែលសម្រាយជាភាសាខ្មែរមានន័យថា សូមចូលរួមព្រះរាជមរណទុក្ខដ៏ក្រៀមក្រំបំផុតចំពោះសម្តេចព្រះរាជបុត្រី បុប្ផាទេវីជាទីស្រឡាញ់។ការចងចាំនេះ នឹងមិនត្រូវបានបំភ្លេចចោលឡើយ។
សូមជម្រាបថា ព្រះសពរបស់សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានដង្ហែតាមជើងយន្តហោះពិសេសពីទីក្រុងបាងកកប្រទេសថៃឆ្ពោះមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយនៅវេលាម៉ោងជាង០៧យប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។
ក្បូនព្រះទីនាំងព្រះបរមរាជរាំងអមដោយមន្ត្រីថ្នាក់ដឹកនាំជាន់ខ្ពស់ អ្នកសារព័ត៌មានសិល្បករ-សិល្បការិនី ប្រជាពរដ្ឋខ្មែរ និងសិស្សានុសិស្សច្រើនកុះករបានចូលរួមអមព្រះរាជដង្ហែក្បូនព្រះសពរបស់ទ្រង់ទាំងទឹកមុខក្រៀមក្រំនិងរំលែកទុក្ខសោកសៅ ជាមួយដំណក់ទឹកភ្នែកស្រណោះអាឡោះអាល័យជាទីបំផុត។
ព្រះសពសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី នឹងត្រូវបូជាថ្ងៃច័ន្ទ ទី២៥ ខែវិច្ឆិកា ដើមសប្ដាហ៍ក្រោយនេះនៅវាលព្រះមេរុ មុខវត្តបទុមវតី។ ជាមួយគ្នានេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានប្រកាសណែនាំឲ្យគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់នៅថ្ងៃទី២០ខែវិច្ឆិកាត្រូវទម្លាក់ទង់ជាតិត្រឹមពាក់កណ្តាលដើម្បីកាន់ទុក្ខព្រះសពសម្តេចរាជបុត្រីព្រះរៀម នរោត្តម បុប្ផាទេវី។
ដោយឡែកក្រសួងទេសចរណ៍ក៏បានណែនាំឲ្យផ្អាកអាជីវកម្មគ្រឿងស្រវឹងពេញមួយថ្ងៃគឺថ្ងៃទី២០ ខែវិច្ឆិកានេះ ដើម្បីចូលរួមគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ផងដែរ៕