ភ្នំពេញ ៖ តារាសម្តែង ដែលជាប្តីប្រពន្ធគឺលោកគង់ រ៉ាយុទ្ធ និងអ្នកនាង អ៊ឹម សុគន្ធា បាននាំយកអំណោយទៅចែកជូនដល់តាៗ និងពូៗរត់ស៊ីក្លូចំនួន១៣២នាក់ នៅវត្តនាគវ័ន្ត។ ការធ្វើទាននេះ ចំថ្ងៃពិសេសរបស់គូស្នេហ៍នេះ កាលពីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០។
ក្រុមអ្នកសិល្បៈនិងសមាជិកអ្នករកស៊ីអនឡាញ បានបង្ហាញវត្តមានយ៉ាងកុះករជាមួយតារាសម្តែងលោក គង់ រ៉ាយុទ្ធ និងអ្នកនាង អ៊ឹម សុគន្ធាក្នុងពិធីចែកអំណោយនិងថវិកាបន្តិច បន្តួចនេះ។អ្នកនាង អ៊ឹម សុគន្ធា បានថ្លែងឲ្យដឹងថា ថ្ងៃនេះអ្នកនាងនិងស្វាមី រួមទាំងសិល្បករសិល្បការិនី ទាំងអស់គ្នាមានអារម្មណ៍សប្បាយចិត្ត ដោយថ្ងៃនេះជាថ្ងៃពិសេសក្នុងជីវិតរបស់នាង(ជាថ្ងៃខួបកំណើត)។
អ្នកនាង បន្តទៀតថា មូលហេតុនេះទើបនាងសម្រេចចិត្ត ធ្វើបុណ្យប្រគេនទេយ្យទានព្រះសង្ឃ និងចែកអំណោយជូនៗដល់ចាស់តាៗនិងពូៗស៊ីក្លូ១៣២នាក់ ដោយមុនកម្មវិធីគ្រោងតែ១០០នាក់ប៉ុណ្ណោះ។ ម្យ៉ាងទៀត អ្នកនាងធ្លាប់មានប្រវត្តិឪពុកជាអ្នកធ្លាប់រត់ស៊ីក្លូ ដើម្បីចិញ្ចើមគ្រួសារតាំងជំនាន់សង្គមដើមមកម្ល៉េះ។ នេះជាហេតុនាំឲ្យអ្នកនាងចាំមិនភ្លេចដល់រឿងរ៉ាវធាក់ស៊ីក្លូ និង នឹកដល់គុណលោកឪពុក។
អ្នកនាង អ៊ឹម សុគន្ធា បានបង្ហើបឲ្យដឹងទៀតថា កម្មវិធីសប្បុរសធម៌លើកនេះនាងបានចំណាយលុយប្រហែលជាខ្ទង់ជិតបួនពាន់ដុល្លារសម្រាប់ការឧបត្ថម្ភជាអំណោយនិងថវិកា។ នាងនៅតែបន្ត ឆន្ទៈជួយដល់អ្នកក្រីក្រនិងអ្នកខ្វះខាតជាប់ជានិច្ចដោយតាមគន្លងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកាត់បន្ថយភាពក្រីក្រ និងជួយគាំទ្រដល់អ្នកធាក់ស៊ីក្លូក្នុង រាជធានីភ្នំពេញ។
អ្វី ដែលជាសំខាន់នោះប្រាក់ចំណេញពីមុខរបបគ្រឿងសម្អាងនិងអនឡាញ របស់ក្រុមហ៊ុន HK7 Co.,Ltd របស់អ្នកនាងនោះ នឹងដកមកជួយសង្គម និងអ្នកខ្វះខាតបន្តទៀត។ នាងសន្យានឹងឧស្សាហ៍ចេញមុខដើម្បីសង្គម និងជួយប្រជាពលរដ្ឋដែលជួបការលំបាក មានការខ្វះខាត។សូមជម្រាបថាកាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ ក្នុងវិបត្តិកូវីដ១៩ តារាទាំងពីរបាន បង្ហាញវត្តមានរួមគ្នានៅអង្គការពន្លឺអនាគត ដោយឧបត្ថម្ភថវិកាជួយក្មេងៗកំព្រានិងក្រីក្រ ជាច្រើននាក់៕