ភ្នំពេញ ៖ សកម្មភាពដឹកនាំតារាចម្រៀងល្បីៗក្នុងផលិតកម្មហ្កាឡាក់ស៊ីមានដូចជា ៖ លោក ព្រាប សុវត្ថិភាព, ខេម, កញ្ញា តន់ ចន្ទសីម៉ា និងកញ្ញា អ៊ុក សុវណ្ណារី ចុះទៅស្រុកមង្គលបុរីនាំស្បៀងអាហារអង្ករ ៥០តោន និងអាហារហូបចុកផ្សេងៗ ជូនប្រជាពលរដ្ឋដែលកំពុងជន់លិច ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម បានស្វាគមន៍យ៉ាងកក់ក្ដៅបំផុត។
ជាមួយសកម្មភាពនេះដែរ ក៏ត្រូវបានឯកឧត្ដមទេសរដ្ឋមន្ត្រីថ្លែងកោតសរសើរនូវទឹកចិត្តមនុស្សធម៌ដ៏ធំធេងរបស់លោក ឧកញ៉ាឡេងណាវ៉ាត់ត្រា ជាខ្លាំង។ ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម បានចាត់ទុកកាយវិការរបស់លោកឧកញ៉ាដែលជាអតីតភាពក្មេងទីជនបទក្រីក្រ និងជាពលករប្រទេសកូរ៉េខាងត្បូងរូបនេះថា ជាកាយវិការដ៏ល្អប្រសើរ និងជាគំរូមួយនៅក្នុងសង្គមកម្ពុជា។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ថ្លែងទៅកាន់លោកឧកញ៉ា ឡេង ណាវ៉ាត្រា ថា ការរួមចំណែករបស់លោកឧកញ៉ា ឆ្លើយតបចំសភាពការណ៍ និងតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ដែលគាត់កំពុងជួបការលំបាក និងខ្វះខាត ព្រោះតែទឹកជំនន់។នេះជាកាយវិការល្អណាស់សម្រាប់សង្គមយើង។
ឯកឧត្តម ទេសរដ្ឋមន្ត្រីបន្ថែមទៀតថាយើងមានបាន យើងថ្កុំថ្កើង ក៏ដោយសារបានការគាំទ្រពីប្រជាជន ដូច្នេះពេលប្រជាជនមានទុក្ខលំបាក យើងត្រូវជួយរំលែកការលំបាករបស់គាត់។ ទង្វើល្អដែលយើងបានធ្វើចំពោះគាត់នឹងធ្វើឱ្យជីវិតយើងមិនសាបសូន្យនោះឡើយ។
ចំណែកលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានលើកឡើងនោះចំពោះមុខក្រុមអ្នកសារព័ត៌មានដែលបានចុះទៅព័ត៌មានដោយផ្ទាល់ក្នុងសកម្មភាពមនុស្សធម៌នេះថា «នៅពេលដែលឃើញបងប្អូនខ្មែរមានទុក្ខ ខ្ញុំតែងតែមានទុក្ខជាមួយគាត់។
លោកឧកញ៉ាបន្តទៀតថា អ៊ីចឹងយើងមានសេចក្តីសុខ នៅពេលយើងបានចែករំលែកទៅដល់គាត់ ព្រោះយើងគិតថា ជីវិតយើងរស់មិនវែងទេ ១០ឆ្នាំ, ២០ឆ្នាំ, ៣០ឆ្នាំទៀត យើងមិនចឹងថានៅពេលណា? អ៊ីចឹងយើងមានឱកាសហ្នឹង អាចជួយគ្នាបាន យើងគួរតែជួយ ព្រោះគាត់ក៏ចង់រស់នៅបានស្រួល គាត់ក៏ចង់មានសេចក្តីសុខ អ៊ីចឹងយើងអាចចែករំលែកទៅគាត់ខ្លះទៅ។ ខ្ញុំគិតថា វាមិនចម្លែកសម្រាប់ខ្ញុំទេ»។
ទទឹមគ្នានោះដែរលោក ឡេង ណាវ៉ាត្រា ក៏បានបង្ហាញការគាំទ្រពេញទំហឹងចំពោះសកម្មភាពរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល និងអាជ្ញាធរ ដែលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋដែលកំពុងជួបទុក្ខជំនន់ទឹកភ្លៀងនៅប្រទេសកម្ពុជា៕