ភ្នំពេញ ៖ តារាចម្រៀងចិត្តធម៌រូបសង្ហាលោក សន វុជ្ជបុត្រ និងក្រុមការងារដោយមើលឃើញពីក្តីអាណិតអាសូរនិងការលំបាករបស់វីរសិល្បករជើងចាស់ផ្នែកចាប៉ីដងវែងលោកតា អ៊ិន សារុន នោះកាលពីថ្ងៃទី០៨ ខែធ្នូឆ្នាំ២០២០ម្សិលមិញ បានចុះទៅសួរសុខទុក្ខ ហើយនាំយកសម្ភារៈរួមទាំងថវិកាមួយចំនួនទៅឧបត្ថម្ភជូនដល់គាត់ផងដែរ។
បើតាមការបញ្ជាក់ឲ្យដឹងពីតារាចម្រៀងលោក សន វិជ្ជបុត្រ បានរៀបរាប់ថា លោកនិងក្រុមការងារកាលពីថ្ងៃម្សិលមិញបាននាំយកថវិកានិងសម្ភារៈមួយចំនួនទៅជូនដល់វីរសិល្បករជើងចាស់ផ្នែកចាប៉ីដងវែងលោកតា អ៊ិន សារុន ខណៈដែលបច្ចុប្បន្នលោកតាកំពុងរស់នៅយ៉ាងកម្សត់ក្នុងទឹកដីស្រុករមាសហែកខេត្តស្វាយរៀង។
លោក សន វិជ្ជបុត្រ បានបញ្ជាក់ថា ខ្ញុំបានមកសួរសុខទុក្ខលោកតា អ៊ិន សារុន សិល្បៈចាប៉ីដងវែង (មរតកមនុស្សរស់)នៅភូមិត្រពាំងរុន២ ចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង។ អំណោយដែលនាំយកទៅចែកជួននោះរួមមាន៖ អង្ក ,ទឹកត្រី ,ទឹកស៊ីអ៊ីវ ,មី, ប្រេងឆា និងត្រីខ រួមទាំងថវិកាមួយចំនួនទៀតផងដែរ។
តារាប្រុសលោក សន វិជ្ជបុត្រ និយាយបន្តទៀតថា ក្រៅតែសកម្មភាពចុះសួរសុខទុក្ខនិងចែកអំណោយដល់វីរសិល្បករជើងចាស់ផ្នែកចាប៉ីដងវែងលោកតា អ៊ិន សារុន នោះ នៅថ្ងៃដដែលនេះលោកនិងក្រុមការងារ ក៏បន្តដំណើរទៅចែកកង់ចំនួន៦គ្រឿងនិងសម្ភារៈសិក្សាដល់សិស្សរៀននៅសាលាបឋមសិក្សាភូមិធំថ្មី ក្នុងទឹកដីភូមិព្រះធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ជាការកត់សម្គាល់នេះពុំមែនទើបជាលើកទី១សម្រាប់តារាចម្រៀងលោក សន វិជ្ជបុត្រ នោះទេខណៈកន្លងមកតារាប្រុសរូបនេះតែងតែបង្ហាញពីសកម្មភាពចែករំលែកក្តីស្រលាញ់ជូយដល់កុមារកំព្រា ចាស់ជរា និងប្រជាពលរដ្ឋជួបការខ្វះខាតខាតនៅតាមបណ្តាខេត្តនានានៃប្រទេសកម្ពុជា។ សកម្មភាពនេះ កំពុងទទួលបានការគាំទ្រនិងលើកសរសើរពីសំណាក់មជ្ឈដ្ឋានមហាជនគ្រប់ស្រទាប់វណ្ណៈទៀតផង៕