ភ្នំពេញ ៖ ស្របពេលដែលមានការរៀបរាប់យ៉ាងភ្ញាក់ផ្អើល និងកម្សត់ពីតារាជើងចាស់អ្នកស្រី អ៊ឹម ផល្លា ថា គាត់ប៊ិះនឹងបញ្ចប់ជីវិតតាមរយៈការលោតទឹកសម្លាប់ខ្លួនព្រោះតែគ្មានលទ្ធភាពដើម្បីបង់ថ្លៃផ្ទះជួល ហើយក៏ត្រូវបានម្ចាស់ផ្ទះចាក់សោទ្វាមិនឲ្យចូលស្នាក់នៅ ខណៈដែលបច្ចុប្បន្នគាត់ក៏មានជំងឺប្រចាំកាយផងនោះ បានធ្វើឲ្យទស្សនិកជនជាច្រើនអាណិតគាត់។
ដំណឹងនេះ បានកំពុងនិងធ្វើឲ្យទស្សនិកជនជាច្រើនបង្ហាញពីការអាណិតអាសូរ និងចាប់អារម្មណ៍ខ្លាំង ក្រោយពេលដែលតារាជើងចាស់រូបនេះ ត្រូវបានម្ចាស់ផ្ទះជួលចាក់សោទ្វារមិនឲ្យចូលផ្ទះព្រោះតែហេតុផលគ្មានលទ្ធភាពបង់ថ្លៃផ្ទះជួលគេរយៈពេល៤ទៅ៥ខែមកនោះ។ យ៉ាងណាមិញអ្នកស្រី អ៊ឹម ផល្លា ពេលនេះក៏ទទួលបានការយកចិត្តទុកដាក់និងជួយឧបត្ថម្ភបន្ថែមពីខាងសមាគមសិល្បករខ្មែររបស់អ្នកនាង ចន ច័ន្ទលក្ខិណា។
ជាក់ស្តែងលោកហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានលើកឡើងថា នេះមិនមែនទើបជាលើកទីមួយទេ ដែលអ្នកមីង អ៊ឹម ផល្លា បានទទួលអំណោយពីមូលនិធិសិល្បៈចាស់ជរារបស់ សមាគមសិល្បករខ្មែរ។ ដោយលើកទី១,នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៨ ,លើកទី២ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ,លើទី៣ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩និងលើក៤ នៅថ្ងៃទី១៥ខែតុលា ឆ្នាំ២០១៩។
ស្វាមីរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ,លោក ហេង ឡុងបានបន្ថែមឲ្យដឹងទៀតថា តារាជើងចាស់អ្នកស្រី អ៊ឹម ផល្លា ក៏នឹងទទួលបានសេវាព្យាបាលដោយឥតគិតថ្លៃពីសមាគមសិល្បករខ្មែរជាមួយនឹងមន្ទីរពេទ្យជាដៃគូសហការ៕