អ្នកជំនាញសន្តិសុខម្នាក់ បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន AFPថា ក្លិបបាល់ទាត់អង់គ្លេស ត្រូវតែភ្ញាក់ខ្លួនលើហានិភាពសុវត្ថិភាពមកលើក្រុមកីឡាកររបស់ពួកគេ ពេលដែលសមាជិកណាម្នាក់ក្នុងចំណោមពួកគេ ឬសមាជិកគ្រូសាររបស់ពួកគេ អាចនឹងរងការឈឺចាប់ ឬត្រូវបានសម្លាប់នោះ។
ការក្រើនរំឭកពីលោក Alex Bomberg ដែលជាអតីតយោធិនមួយរូប បានកើតមានឡើង ក្រោយពេលតារាបាល់ទាត់របស់ក្លិប Arsenal គឺកីឡាករ Mesut Ozil និងកីឡាករ Sead Kolasinac បានក្លាយជាគោលដៅនៃការប្លន់រថយន្ត ដោយក្រុមប្រដាប់ដោយកាំបិត នៅទីក្រុងឡុងដ៍ កាលពីខែកក្កដា កន្លងទៅនោះ។
ឧប្បត្តិហេតុនេះដែរ បានធ្វើឲ្យកីឡាករទាំង២ មិនអាចចូលរួមការប្រកួតបើកឆាករដូវកាល Premier Leagueរបស់ក្រុម Arsenalពេលប៉ះជាមួយក្រុម Newcastleដោយសារតែព្រួយបារម្ភពីបញ្ហាសន្តិសុខរបស់ពួកគេ។
លោក Bomberg គឺជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Intelligent (UK Holdings) Limited ដែលទទួលបន្ទុកការការពារសុវត្ថិភាពផ្ទាល់ខ្លួនលើកីឡាករបាល់ទាត់៩នាក់នៅប្រទេសអេស្ប៉ាញ និងប្រទេសបារាំង ប៉ុន្តែលោកបាននិយាយថា ក្រុមហ៊ុនរបស់លោកមិនទាន់ទទួលបានការទាក់ទងណាមួយ ពីក្រុមកីឡាករនៅអង់គ្លេសនោះទេ ដើម្បីការពារសុវត្ថិភាពរបស់ពួកគេ ចាប់តាំងពីឧប្បត្តិហេតុនេះកើតឡើងមក។
លោកបាននិយាយថា លោកមានការភ្ញាក់ផ្អើលខ្លាំងណាស់ ពេលដែលក្រុមកីឡាករ និងក្លិបអ្នកមាននៅ Premier Leagueមើលស្រាលចំពោះការគំរាមកំហែងបែបនេះ៕