ភ្នំពេញ ៖ អ្នកនាង ម៉េង កែវពេជ្ជតា កាលពីរសៀលថ្ងៃមិញ បានប្រតិកម្មដោយដាក់ឱសានវាទឲ្យលោក ប៉ាង សុខឿន ត្រូវតែប្រញាប់ចេញមុខឆ្លើយសំនួររបស់នាងចំនួន៧ចំណុច បើមិនដូច្នោះទេពុំមែនជាចិត្តកូនប្រុស ដែលលួចខាំគេហើយដាក់កន្ទុយរត់នោះឡើយ។
ប្រត្តិកម្មរបស់អ្នកនាង ម៉េង កែវពេជ្ជតា នេះ បានធ្វើឡើងក្រោយពេលដែលលោក ប៉ាង សុខឿន ត្រូវអ្នកនាង ម៉េង កែវពេជ្ជតា ចោទប្រកាន់ថា បានបញ្ចេញព័ត៌មានមានចេតនារិះគន់និងជាន់ពន្លិចលើខ្លួនដែលនាងចាត់ទុកថានេះ ចេតនាបរិហារកេរ្តិ៍កិត្តិយស និងភាពថ្លៃថ្លាស្អាតស្អំរបស់នាងជាសាធារណៈ។
អ្នកនាង ម៉េង ម៉េងកែវពេជ្ជតា ថ្លែងសាររៀបរាប់ថា ៧ សំនួរសម្រាប់លោក ប៉ាង សុខឿន ឆ្លើយក្នុងពេលដែលលោកយកព័ត៌មានគេសរសេរអំពីខ្ញុំសោះ យកមកឆ្លៀតឱកាសបញ្ចេញCommentវាយប្រហារបែបនេះដល់ពេលខ្ញុំសួរ លោកមិនត្រឹមមិនឆ្លើយ តែបែរជាប្លុកខ្ញុំមិនអោយចូលខមិនលោកទៅវិញ ។ដូច្នេះមានតែលើកមកទីនេះ !ហើយអ្នកដែលចូលចិត្តជេរបញ្ចោរក៏សូមបើកភ្នែកមើលផង !
អ្នកនាង ម៉េង កែវពេជ្ជាតា លើកឡើងសំនួរទាំង៧ចំណុចនោះថា សូមសួរលោក ប៉ាង សុខឿន ដូចនេះ៖១.លោកជាមនុស្សប្រុសដើមទ្រូងប្រាំហត្ថមែន តើលោកគួរតែអបអរដែរទេ នៅពេលដែលឃើញស្ត្រីម្នាក់ក្រោយលែងលះធ្លាក់ខ្លួនក្រសល់តែកូនពីរតែអាចងើបឈរដើម្បីកូនៗខ្លួនឯងបានមកវិញ ដោយមិនសម្លាប់ខ្លួន ឬបោះបង់កូនរត់តាមប្រុសដូចស្រីខ្លះ ?។ ២ . តើលោកនឹងសប្បាយមែនទេពេលដែលលោកឃើញម្តាយម្នាក់នេះនាំកូនធ្លាក់ខ្លួនអានាថាជក់ថ្នាំ សេពគ្រឿងញៀន ឬប្រើជីវិតក្នុងអបាយមុខបំផ្លាញសង្គម ? បើដូច្នេះមែនលោកនឹងនាំគ្នាដៀលត្មះមិនឈប់មាត់។
៣ . តើលោកគួរតែខ្មាស់កូនៗខ្ញុំទៅវិញដែរទេ ដែលក្នុងនាមលោកក៏ជាឪពុកកូនរបស់លោកម្នាក់ដែរ តែបែរជាមិនបានផ្តល់គំរូល្អអ្វីដល់កូនៗរបស់លោក ?។ ៤.តើលោកខ្មាស់អៀនចំពោះពិភពលោកទេ ដែលលោកជាមនុស្សចាស់ហើយតែងតែស្រែកជេររដ្ឋាភិបាលកម្ពុជាថាមិនដែលគិតគូរដល់សុខទុក្ខប្រជាជន តែពេលនេះលោកបែរជាកំពុងយកជើងរាទឹក យកដៃសរសេរ បំផ្លាញ និងមុខមាត់របស់លោកស្រែកប្រកូកប្រកាសហៅអោយគ្នីគ្នាមួយក្តាប់តូចរបស់លោកចូលមកជេរបញ្ចោរធ្វើជាឧបសគ្គរារាំងក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ?។
៥. តើលោកគួរតែខ្មាស់អៀនកូនៗខ្ញុំដែរទេ ដែលពួកលោកសុទ្ធតែជាមនុស្សពេញវ័យ និងជាមនុស្សចាស់ៗសក់ពីរពណ៌ទៅហើយ ប៉ុន្តែស្នាដៃត្រឹមតែចុងក្រចកអ្វីក៏មិនទាន់បានបន្សល់ទុកជាចំណែកជួយជាតិអោយដូចកូនៗខ្ញុំដែលត្រឹមជាកូនក្មេងនៅឡើយសោះ តែលោកបែរជាក្លាហានចូលមករុកកួនកូនក្មេង និង មនុស្សស្រីដែលមានកម្លាំងតិចត្រឹមតែជាអ្នកសិល្បៈទៅវិញនេះ តើថ្លៃថ្នូរទេ ?។
៦.បើលោកឈ្នះខ្ញុំតើលោកនឹងមានមោទនៈភាពមែនទេដែលក្នុងនាមលោកជាមនុស្សប្រុសពេញកំលាំងបែរជាមកប្រណាំងច្បាំងជាមួយមនុស្សស្រី និងជាអ្នកសិល្បៈគ្មានគ្រឿងអាវុធ ហើយកំពុងដឹកដៃកូនតូចៗដើររកផ្លូវល្អ តើលោកគិតថាធ្វើបែបនេះវាអស្ចារ្យសម្រាប់លោក ?តើលោកមានបេះដូងជាមនុស្សដែរទេ ?សម្រាប់ខ្ញុំគ្រាន់តែនិយាយប៉ុណ្ណេះខ្ញុំញ័ររន្ធត់ដោយក្តីអាណោចខ្លោចចិត្តទៅហើយបើសិនរូបខ្ញុំជាម្តាយ ឬជាបងប្អូនស្រីរបស់លោកវិញនោះ?តើលោកនឹងគិតថាពិភពលោកលើកពានអ្វីអោយលោកទេ ?។
បន្ថែមពីនេះតារាស្រីអ្នកនាង ម៉េង កែវពេជ្ជតា បាននិយាយទៀតថាចំណុចទី៧.តើលោកបានគិតទេថាបើ លោកនៅមានចិត្តច្រណែនព្យាបាទយ៉ាងថោកទាបបែបនេះ តើពាក្យសម្តីរបស់លោកដែលតែងតែស្រែកអួតថាបក្សលោកស្អាតស្អំនោះ តើនឹងមានប្រយោជន៍ស្អីទៅ ?។សរុបមកដោយសារលោកនិងបក្សពួកមួយចំនួននោះមានចរិតបំផ្លាញជាតិ និងគ្មានស្មារតីបង្រួបបង្រួមជាតិបែបនេះហើយ ទើបបានជាគេអស់ជំនឿ ហើយបក្សរបស់លោកក៏រលត់រលាយគ្មានថ្ងៃងើបគឺសមហេតុសមផលណាស់៕