ឯកឧត្ដម​ទេសរដ្ឋមន្ត្រី គន់ គីម សរសើរ​ទឹកចិត្ត​មនុស្សធម៌​ដ៏​ធំធេង​របស់ ឧកញ៉ា​ឡេង ណា​វ៉ា​ត់​ត្រា

ភ្នំពេញ ​៖ ​សកម្មភាព​ដឹកនាំ​តារា​ចម្រៀង​ល្បីៗ​ក្នុង​ផលិតកម្ម​ហ្កា​ឡាក់​ស៊ី​មានដូចជា​ ៖​ លោក ព្រាប សុវត្ថិភាព​, ខេ​ម​, កញ្ញា តន់ ចន្ទ​សី​ម៉ា និង​កញ្ញា អ៊ុក សុ​វណ្ណា​រី ចុះទៅ​ស្រុក​មង្គលបុរី​នាំ​ស្បៀងអាហារ​អង្ករ ៥០​តោន និង​អាហារ​ហូបចុក​ផ្សេងៗ ជូន​ប្រជាពលរដ្ឋ​ដែល​កំពុង​ជន់​លិច ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​បំផុត​។​

ជាមួយ​សកម្មភាព​នេះដែរ​ ក៏ត្រូវ​បាន​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ថ្លែង​កោតសរសើរ​នូវ​ទឹកចិត្ត​មនុស្សធម៌​ដ៏​ធំធេង​របស់​លោក ឧកញ៉ា​ឡេង​ណា​វ៉ា​ត់​ត្រា ជាខ្លាំង​។​ ឯកឧត្ដម ទេសរដ្ឋមន្ត្រី គន់ គីម បាន​ចាត់ទុក​កាយវិការ​​របស់​លោក​ឧកញ៉ា​ដែល​ជា​អតីតភាព​ក្មេង​ទីជនបទ​ក្រីក្រ និង​ជា​ពលករ​ប្រទេស​កូរ៉េខាងត្បូង​រូបនេះ​ថា ជា​កាយវិការ​ដ៏​ល្អប្រសើរ និង​ជា​គំរូ​មួយ​នៅក្នុង​សង្គម​កម្ពុជា​។


ឯកឧត្តម ទេសរដ្ឋមន្ត្រី ថ្លែង​ទៅកាន់​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា ថា ​​ការរួមចំណែក​របស់​លោក​ឧកញ៉ា ឆ្លើយតប​ចំ​សភាពការណ៍ និង​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដែល​គាត់​កំពុង​ជួប​ការលំបាក និង​ខ្វះខាត ព្រោះតែ​ទឹកជំនន់​។​នេះ​ជា​កាយវិការ​ល្អ​ណាស់​សម្រាប់​សង្គម​យើង​។

ឯកឧត្តម ទេសរដ្ឋមន្ត្រី​បន្ថែមទៀតថា​យើង​មានបាន យើង​ថ្កុំថ្កើង ក៏ដោយ​សារបាន​ការគាំទ្រ​ពី​ប្រជាជន ដូច្នេះ​ពេល​ប្រជាជន​មាន​ទុក្ខលំបាក យើង​ត្រូវ​ជួយ​រំលែក​ការ​លំបាក​របស់​គាត់​។​ ទង្វើ​ល្អ​ដែល​យើង​បាន​ធ្វើ​ចំពោះ​គាត់​នឹង​ធ្វើឱ្យ​ជីវិត​យើង​មិន​សាបសូន្យ​នោះឡើយ។


ចំណែក​លោក​ឧកញ៉ា ឡេង ណា​វ៉ា​ត្រា​ បានលើកឡើង​នោះ​ចំពោះមុខ​ក្រុម​អ្នកសារព័ត៌មាន​ដែល​បាន​ចុះទៅ​ព័ត៌មាន​ដោយផ្ទាល់​ក្នុង​សកម្មភាព​មនុស្សធម៌​នេះ​ថា «​នៅពេលដែល​ឃើញ​បងប្អូន​ខ្មែរ​មានទុក្ខ ខ្ញុំ​តែងតែ​មានទុក្ខ​ជាមួយ​គាត់​។​

លោក​ឧកញ៉ា​បន្តទៀតថា​ អ៊ីចឹង​យើង​មាន​សេចក្តីសុខ នៅពេល​យើង​បាន​ចែករំលែក​ទៅដល់​គាត់ ព្រោះ​យើង​គិតថា ជីវិត​យើង​រស់​មិន​វែង​ទេ ១០​ឆ្នាំ​, ២០​ឆ្នាំ​, ៣០​ឆ្នាំ​ទៀត យើង​មិន​ចឹ​ង​ថា​នៅពេលណា​? អ៊ីចឹង​យើង​មានឱកាស​ហ្នឹង អាចជួយ​គ្នា​បាន យើង​គួរតែ​ជួយ ព្រោះ​គាត់​ក៏​ចង់​រស់​នៅបាន​ស្រួល គាត់​ក៏​ចង់​មាន​សេចក្តីសុខ អ៊ីចឹង​យើង​អាច​ចែករំលែក​ទៅ​គាត់​ខ្លះទៅ​។ ខ្ញុំ​គិតថា វា​មិន​ចម្លែក​សម្រាប់​ខ្ញុំ​ទេ​»​។

ទទឹម​គ្នា​នោះដែរ​លោក ឡេង ណា​វ៉ា​ត្រា ក៏បាន​បង្ហាញ​ការគាំទ្រ​ពេញទំហឹង​ចំពោះ​សកម្មភាព​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ ដែល​បាន​យកចិត្តទុកដាក់​ចំពោះ​ពលរដ្ឋ​ដែល​កំពុង​ជួប​ទុក្ខ​ជំនន់​ទឹកភ្លៀង​នៅ​ប្រទេស​កម្ពុជា​៕​

Related posts