បទ​ចម្រៀង​របស់ តន់ ច័ន្ទ​សីមា គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០២០​នេះ មាន​អ្នក​ចូល​មើល​សរុប​ដល់​ទៅ ៣២៣.៧ លាន​ដង

ភ្នំពេញ​ ៖ តន់ ច័ន្ទ​សី​ម៉ា គឺជា​តារា​ចម្រៀង​វ័យក្មេង​មួយរូប ដែល​ទទួល​បាន​ប្រជាប្រិយភាព​ដាច់​គេ​ក្នុង​ឆ្នាំ​២០២០​នេះ ខណៈ​គ្រប់​ចម្រៀង Original របស់​នាង ដែល​បាន​បញ្ចេញ​ក្នុង​ផលិតកម្ម Galaxy Navatra ក្នុង​មួយ​បទៗ​សុទ្ធសឹងតែ​ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន​យ៉ាង​ភ្លូកទឹកភ្លូកដី​។

ជាពិសេស គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០២០​នេះ តន់ ច័ន្ទ​សី​ម៉ា ក្លាយជា​តារាចម្រៀង​មាន​ប្រជាប្រិយភាព​បំផុត ដោយមាន​អ្នក​ចូល​ទស្សនា​បទ​ចម្រៀងរ​បស់​នាង​សរុប​រហូតដល់​ទៅ ៣២៣.៧ លាន​ដង ក្នុង​យូ​ធូប​។

​យោងតាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​ផលិតកម្ម Galaxy Navatra បាន​ឲ្យ​ដឹងថា នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​នៅក្នុង​វិស័យ​សិល្បៈ​ចម្រៀង ដែល​តារា​វ័យក្មេង​ម្នាក់ អាច​ទទួលបាន​ការគាំទ្រ​លើសលប់​នៅក្នុង​ប្រទេស​កម្ពុជា​។ អ្វីដែល​ពិសេស បទ​ចម្រៀង​ទាំងអស់​របស់ តន់​ច័ន្ទ​ស៊ី​ម៉ា គឺ​សុទ្ធសឹងតែ​ជា​ប្រភេទ Original ទាំងអស់​។ វា​ពិតជា​អស្ចារ្យ​មែនទែន នៅក្នុង​វិស័យ​សិល្បៈ​ដែល​អ្នក​ផលិត​ប្រចាំ​ផលិត​កម្ម Galaxy Navatra អាចធ្វើ​បទ Original Song បាន​ច្រើន​សន្ធឹកសន្ធាប់ ហើយក៏​ជា​មោទនភាព​មួយ​សម្រាប់​វិស័យ​សិល្បៈ​ចម្រៀង​ក្នុងប្រទេស​កម្ពុជា​។

​ភាព​រីកចម្រើន​ និង​ភាពលេច​ធ្លោ​នៅ​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ ធ្វើ​ឲ្យ​វិស័យ​សិល្បៈ​ផ្លាស់ប្ដូរ​យ៉ាង​គំហុក ដែល​ធ្វើ​ឲ្យ​ប្រាក់ចំណូល​របស់​អ្នកនិពន្ធ​បទ​ភ្លេង​, អ្នកនិពន្ធ​ទំនុកច្រៀង និង​អ្នកចម្រៀង​រកចំណូលបាន​ខ្ពស់ មិន​ធ្លាប់​ទទួលបាន​ពីមុនមក​។

គួរ​ជម្រាប​ថា តារាចម្រៀង​ស្រី​កញ្ញា តន់ ច័ន្ទ​សី​ម៉ា មួយរយៈ​ចុងក្រោយ​នេះ ត្រូវបាន​មហាជន​សង្កេតឃើញថា ទទួលបាន​ប្រជាប្រិយភាព និង​ការគាំទ្រ​កាន់តែខ្លាំង ពី​សំណាក់​ទស្សនិកជន ជាពិសេស​រាល់​គ្រប់​បទ​ចម្រៀង​របស់​នា​ង​ដែល​ចេញមក ក្រោម​ផលិតផល​ Galaxy Navatra គឺ​សុទ្ធតែ​ពេញនិយម​ខ្លាំង​ពី​មហាជន​។ ទោះជា​តារាចម្រៀង​វ័យក្មេង​ទើប​ចូលប្រឡូក​ក្នុង​ពិភព​ចម្រៀង​ពិតមែន ប៉ុន្តែ​សន្ទុះ​នៃ​ការបង្កើន​ប្រិយភាព​របស់ តន់ ច័ន្ទ​សី​ម៉ា គឺ​មិនធម្មតា​ឡើយ​៕

Related posts