កម្ពុជា ​ត្រៀម​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២១

ភ្នំពេញ ​៖​ កម្ពុជា​ បាន​និង​កំពុង​ត្រៀម​ដើម្បី​ការរៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២១ (ATF2021) នៅ​រាជធានី​ភ្នំពេញ ក្រោម​ប្រធានបទ «​អាស៊ាន សហគមន៍​សន្តិភាព និង​អនាគត​តែមួយ​»​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងទេសចរណ៍។

ផ្អែក​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ទៀតថា កម្ពុជា​នឹង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២១(ASEANTourism Forum-ATF 2021) លើក​ទី​៤០​នៅ​រាជធានី​ភ្នំពេញ​ក្រោម​ប្រធានបទ អាស៊ាន​៖ សហគមន៍​សន្តិភាព និង​អនាគត​តែមួយ (ASEAN-A Community of Peace and Shared Future)​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១។

ក្រសួងទេសចរណ៍​ បាន​លើក​ឡើង​ទៀត​ថា វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២១ មាន​ព្រឹត្តិការណ៍​សំខាន់ៗ ដូចជា កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ទេសចរណ៍​អាស៊ាន (ASEAN Tourism Ministers Meetings) កិច្ចប្រជុំ​ស្ថាប័ន​ជាតិ​ទេសចរណ៍​អាស៊ាន (ASEAN NTOS Meetings) និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ព្រមទាំង​កិច្ចប្រជុំ​ផ្នែក​ឯកជន (ASEANTA Meetings) សិក្ខាសាលា​នានា​និង​ព្រឹត្តិការណ៍​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ (TRAVEX)។

ការ​តាំង​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ ជា​វេទិកា​ធុរកិច្ច​ទេសចរណ៍​ដ៏​ធំ​បំផុត​ក្នុង​អាស៊ាន ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​១៩​ ដល់​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០២១ និង​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ជា​អ្នកលក់ (Sellers) ប្រមាណ​ជាង ៤៥០​ក្រុមហ៊ុន ក្រុមហ៊ុន​ជា​អ្នកទិញ (Buyers) ប្រមាណ ៤៥០​ក្រុមហ៊ុន និង​អ្នកសារព័ត៌មាន​ជាតិ​-​អន្តរជាតិ ១០០​នាក់ មកពី​ជុំវិញ​ពិភពលោក។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​ខាងលើ៕

Related posts