ឃាត់ខ្លួន​ម្ដាយ​ ពេជ្រ សូលី​កា ករណី​សម្លាប់​ស្ត្រី​អាយុ​៥០​ឆ្នាំ​ ព្រោះ​រឿង​ប្រចណ្ឌ​ស្រី​ស្រលាញ់​ស្រី​ដូចគ្នា

ភ្នំពេញ ​៖ ​បន្ទាប់ពី​មាន​ករណី​ឃាតកម្ម​សម្លាប់​ស្ត្រី​វ័យ​៥០​ឆ្នាំ​ម្នាក់​កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២០​បង្ក​ការភ្ញាក់ផ្អើល​នោះ ​ទីបំផុត​ជង​សង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ ​ខណៈដែល​ឃាតក​​ ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​ម្តាយ​របស់​តារា​ចម្រៀង​ស្រី​កញ្ញា ពេជ្រ សូលី​កា ផង​នោះ។

ប្រភព​ពី​សមត្ថកិច្ច​បានបញ្ជាក់​ថា​ ជនសង្ស័យ ​ដែល​សម្លាប់​ជនរងគ្រោះ​ឈ្មោះ ងិន សុខលី ភេទ​ស្រី អាយុ​៥០​ឆ្នាំ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ហើយ ​ខណៈដែល​ជនសង្ស័យ​ត្រូវបាន​ប្រភព​បញ្ជាក់ថា​ត្រូវជា​ម្តាយបង្កើត​របស់​តារា​ស្រី​កញ្ញា ពេជ្រ សូលី​កា។ ចំពោះ​ជនសង្ស័យ​មានឈ្មោះ ស៊ិន ស្រី​នាង​អាយុ​៤៥​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​នៅផ្ទះ​លេខ L42A ផ្លូវ​លេខ​V16A (​បុរី​វីឡា​ថោ​ន​) ភូមិ​ទួល​រកា សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ។

បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​នោះ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២០​នេះ​ ជនសង្ស័យ​ក៏​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​ធ្វើ​ត្រាប់​សកម្មភាព​ដែល​ខ្លួន​ បាន​ធ្វើ​សម្លាប់​ជន​រងគ្រោះ​នៅ​នឹង​កន្លែង​ទីតាំង​ផ្ទះ​​ជនសង្ស័យ​ផង​ដែរ។ ចំណែក​ឯ​ជនរងគ្រោះ​ ដែល​ស្លាប់​មានឈ្មោះ ងិន សុខលី ភេទ​ស្រី អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​ផ្ទះ​លេខ​59 ផ្លូវ​លេខ​134 សង្កាត់ ផ្សារ​ដេប៉ូ​2 ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ មុខរបរ​លក់​កាហ្វេ​នៅក្នុង​ផ្សារ​ដេប៉ូ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​ទីលំនៅ​ផ្ទះ​លេខ L42A ផ្លូវ​លេខ​V16A (​បុរី​វីឡា​ថោ​ន​) ភូមិ​ទួល​រកា សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

លោក ម៉េង វិមាន​តារា អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ​បាន​ប្រាប់​អ្នកព័ត៌មាន​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១០​យប់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២០ ​ជនរងគ្រោះ​ឈ្មោះ ងិន សុខលី បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ម្នាក់ឯង​មកលេង​ផ្ទះ​របស់​ជនសង្ស័យ ឈ្មោះ ស៊ិន ស្រី​នាង ត្រូវជា​ម្តាយ​របស់​កញ្ញា ពេជ្រ សូលី​កា ដោយ​អ្នក​ទាំង​២​នាក់​មាន​ទំនាក់ទំនង​ស្នេហា​ស្រី​ស្រឡាញ់​ស្រី​ដូចគ្នា ។​

ប្រភព​បាន​បន្តថា ​អំឡុង​ពេលនោះ​ជនសង្ស័យ​បានឃើញ​ជនរងគ្រោះ​ពុំមាន​ពាក់ចិញ្ចៀន​ពេជ្រ​ទាំង​០២​វង់​ដូច​ធម្មតា​បាន​ខឹង​ប្រច័ណ្ឌ​ដោយ​ដឹងថា​ជនរងគ្រោះ​មាន​ទំនាក់ទំនង​ជាមួយ​ស្រី​ផ្សេងទៀត​ទើប​ជនសង្ស័យ​ក៏បាន​ទារលុយ​ចំនួន​១៥០០០​ដុល្លារ ដែល​ឲ្យ​យកទៅ​រកស៊ី​ចងការ​ពី​ជនរងគ្រោះ​មកវិញ​។​ពេលនោះ​ជនរងគ្រោះ​មិន​ព្រម​សង​វិញ​ក៏​កើតមាន​ទំនាស់​វាយ​ប្រតាយប្រតប់​គ្នា ខណៈនោះ​ជនរងគ្រោះ​មាន​អាកា​រៈ​ទន់​ដៃជើង ដូច​មនុស្ស​ស្រវឹងស្រា​ជោគជាំ​ទើប​ជនសង្ស័យ​បាន​យក​ខ្សែ​អាវ​ធ្វើ​ពី​ក្រណាត់​ចំនួន​០១​ខ្សែ​មក​ចងដៃ​ជនរងគ្រោះ​ទៅក្រោយ ហើយ​ចាប់​ក្បាល​សង្កត់​មុខ​ផ្ទប់​ជាមួយ​ខ្នើយកើយ​រហូត​ថប់ដង្ហើម​ស្លាប់។

លោក​បន្ថែមថា​លុះដល់​វេលា​ម៉ោង​ប្រមាណ​២​រសៀល​ថ្ងៃទី​១២ ខែមករា​ឆ្នាំ​២០២០​ទើប​ជនសង្ស័យ​បាន​ឲ្យ​ក្រុមគ្រួសារ មក​រាយការណ៍​ប្រាប់​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម ពី​រឿង​ជនរងគ្រោះ​បាន​ស្លាប់​ក្នុងផ្ទះ​របស់ខ្លួន​។​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា​ជនរងគ្រោះ​មាន​ស្លាកស្នាម​ចងដៃ​ទាំងសងខាង បណ្តាល​ឲ្យ​ដាច់​រលាត់ស្បែក និង​មាន​ស្នាម​ដាច់​រលាត់ស្បែក​ក្រោម​ភ្នែក​ទាំងសងខាង​។​ចំពោះ​សម្ភារៈ​ដែល​ជនរងគ្រោះ​បាត់បង់​រួ​មាន​ចិញ្ចៀនពេជ្រ​ចំនួន​០២​វង់ ដែល​១​វង់​មាន​ដាំ​ពេជ្រ​ធំ​ល្មម​ចំនួន​៣​គ្រាប់ និង​១​វង់​ទៀត​មាន​ដាំ​ពេជ្រ​តូចៗ​ចំនួន​០៣​ជួរ​។​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ ស៊ិន ស្រី​នាង ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី៕

Related posts