ឃុន ច័ន្ទ​មូ​ន​ណា​ ស្រវា​សិល្បៈ​ឲ្យ​ពេញដៃ ដោះដៃ​ស្នេហា​ចោល​សិន

ភ្នំពេញ​ ៖ Freshie Girls លេខ​៥ ឆ្នាំ​២០១៣ ឃុន ច័ន្ទ​មូ​ន​ណា បាន​បដិសេធចោល​​រាល់​ការ​សុំ​ស្នេហ៍​ពី​បុរស​ជា​បន្តបន្ទាប់ ដើម្បី​ចាប់យក​អាជីព​សម្តែង​ឲ្យ​បាន​ពេញដៃ ត្បិត​សិ​ល្បៈ​គឺជា​បំណង​ប្រាថ្នា​របស់​នាង​តាំងពី​តូច​មក​ម្ល៉េះ​។ កន្លងមក​ឃុន ច័ន្ទ​មូ​ន​ណា ក៏​ធ្លាប់មាន​​​សង្សារ​ម្នាក់​ផង​ដែរ តែ​បាន​ដាច់​ពី​គ្នា​វិញ ដែល​បាន​ធ្វើអោយ​នាង​​​ហាក់​ខ្លាចរអា​ ​និង​មិនទាន់​ចង់​មាន​ស្នេហា​ក្នុង​ពេល​នេះឡើយ។

ឃុន ច័ន្ទ​មូ​ន​ណា បាន​ឲ្យ​ដឹងថា ពេលនេះ​អាជីព​សិល្បៈ​របស់​នាង​កំពុងតែ​បោះ​ជំហាន​ទៅមុខ ដោយនៅ​ក្នុងនោះ​នាង​ថត​បាន​ជាង​១០​រឿង​ហើយ ខ​ណៈ​ពេលដែល​នាង​ក៏បាន​បង្ហាញ​វត្តមាន​សម្តែង​ច្រើន​នៅក្នុង​បទ​ចម្រៀង​របស់លោក ហង្ស សុវណ្ណ​រិ​ទ្ធ និង​ទឹកភ្នែក​អាល័យ​របស់លោក ខេ​មរះ សិរីមន្ត​។

នាង​បញ្ជាក់ថា បច្ចុប្បន្ន​នាង​មានការ​មមាញឹក​យ៉ាងខ្លាំង​នៅក្នុង​វិស័យ​សិល្បៈ​នេះ ដោយ​នាង​ទទួលយក​ការសម្តែង​ជា​បន្តបន្ទាប់ ហេតុនេះ​នាង​នៅ​មិនទាន់​ទទួលយក​ស្នេហ៍​នៅក្នុង​អំឡុងពេល​នេះឡើយ ដោយ​ទុកពេល​ប្រឡូក​សិ​ល្បះ​ឲ្យ​បាន​រឹងមាំ​ជាមុនសិន​។​

ប្រឡូក​ក្នុង​សិ​ល្បះ​ប្រមាណ​ជា​៤​ឆ្នាំ ឃុន ច័ន្ទ​មូ​ន​ណា បានបង្ហាញ​វត្តមាន​សម្តែង​ជា​បន្តបន្ទាប់ ក្នុងនោះ​សម្រាប់​ដើមឆ្នាំ​ក្រោយនេះ នាង​ក៏​គ្រោង​ចេញ​ថត​ខ្សែភាពយន្ត និង​បទ​ចម្រៀង​ថ្មីៗ​បន្ថែមទៀត​ផងដែរ​។​

ក្នុង​វ័យ​២២​ឆ្នាំ ឃុន ច័ន្ទ​មូ​ន​ណា បាន​អះអាងថា បើទោះបីជា​នាង​គឺជា​តារា​សម្តែង​ជើង​ថ្មី​ក៏ដោយ ប៉ុន្តែ​នាង​តែងតែ​ហាត់​ពុត​លុត​ដុំ​សមត្ថភាព​ខ្លួនឯង​បន្ថែម ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​ទស្សនិកជន​ឲ្យ​កាន់តែច្រើន​។​

នាង​បញ្ជាក់ថា ក្រៅពី​ខិតខំ​ចាប់យក​ការសម្តែង​នេះ នាង​ក៏​មិន​ភ្លេច​សិក្សា​រៀនសូត្រ​ទៅលើ​មុខជំនាញ​រកស៊ី​ថែមទៀត​ផងដែរ ព្រោះ​ទៅ​ថ្ងៃមុខ​នាង​ក៏​ចង់​ក្លាយជា​រកស៊ី​ម្នាក់​ផងដែរ ព្រោះ​សិ​ល្បះ​ក៏​មិនអាច​ឲ្យ​យើង​រស់​មួយជីវិត​ដែរ​។​

ជាការ​កត់សម្គាល់​នៅពេលដែល​នាង​បាន​ប្រឡូក​ក្នុង​សិ​ល្បៈ និង​មានឈ្មោះ​បោះ​សម្លេង​ម្នាក់​ផង​នោះ ឃុន ច័ន្ទ​មូ​ន​ណា មិនអាច​គេចផុត​ក្រសែភ្នែក​បុរសៗ​ដែលមាន​បំណង​ប្រលោម​ស្នេហ៍​នោះឡើយ​។ ប៉ុន្តែ​នាង​ហាក់​មិនសូវ​ជា​ចាប់អារម្មណ៍ និង​ទទួលយក​នោះឡើយ ដោយសារតែ​ពេលខ្លះ​នាង​គិតថា ជាការ​ស្រឡាញ់​ក្លែងក្លាយ ខ​ណះ​ពេលដែល​នាង​ក៏​មិនទាន់​ចង់​គិត​អ្វី ក្រៅពី​ពង្រឹង​អាជីព​សិ​ល្បៈ​នេះ​ឲ្យ​រឹង​ម៉ាំ​ជាមុនសិន៕

 

Related posts