ចែម ស្រី​ល័​ក្ខ ​​ហក់​ចូល​ផលិតកម្ម​ថោ​ន​ ក្រោយ​ហង្ស​មាស​មិន​បើកផ្លូវ

ភ្នំពេញ ​៖​ អតីត​បេក្ខភាព​ប្រឡង​កម្មវិធី​Cambodian idol​កញ្ញា ចែម ស្រី​ល័​ក្ខ ក្រោយ​ពេល​ដែល​ផលិតកម្ម​ហង្ស​មាស​មិន​បើកឱកាស​ផ្តល់​សញ្ញា​ភ្លើង​ខៀវ​ឲ្យ​ចូលរួម​ទ្រនំ​នោះ ​ក៏​ស្រាប់​តែមាន​ដំណឹង​ថា ​នាង​ច្រម៉ក់ ចែម ស្រី​ល័​ក្ខ ពេលនេះ​ត្រូវបាន​ផលិតកម្ម​ថោ​ន​ផ្តល់​ឱកាស​ក្លាយ​ជា​តារា​ចម្រៀង​នៅក្នុង​ទ្រនំ​​របស់​ខ្លួន​ហើយ។

បើតាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​បទ ស្រឡាញ់​បង​ដល់​កាន់​ឈើ​ច្រត់ កញ្ញា ចែម ស្រី​ល័​ក្ខ បាន​និយាយ​ថា​នាង​ពិតជា​បានសម្រេច​ចិត្ត​មក​ចូលរួម​ជាមួយ​ផលិតកម្ម​ថោ​ន​ដោយមាន​កុងត្រា​រយៈពេល​៥​ឆ្នាំ​បន្ទាប់ពី​នាង​គ្មាន​កន្លែង​ជ្រកកោន​ពិតប្រាកដ​នៅ​អំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

នៅក្នុង​ផលិត​នេះ​នាង​រំពឹង​នឹង​ទទួលជោគជ័យ​បន្តបន្ទាប់​ទៀត​ក្រោយ​ពីបទ​ចម្រៀង​ដំបូង​របស់​នាង​ហាក់​ទទួលបាន​ការគាំទ្រ​ច្រើន​គួរ​សម ហើយ​នឹង​ត្រៀម​ចេញ​បទ​ថ្មីៗ​បន្ថែមទៀត។

អតីត​ម្ចាស់​ជ័យលាភី​លេខ​១​ក្នុង​កម្មវិធី​ប្រកួត​ចម្រៀង ផ្កាយ​រះ​ក្នុង​សួន ចែម ស្រី​ល័​ក្ខ បានបញ្ជាក់​បន្ថែមថា ​ភាពជោគជ័យ​ឬ​មិន​ជោគជ័យ​គឺ​អាស្រ័យ​លើ​ការខិតខំ​ប្រឹងប្រែង​ធ្វើយ៉ាងណា ច្រៀង​ឲ្យ​ពី​រោះ និង ខិតខំ​រក​អ្វីដែល​ថ្មី ហើយ​ប្លែកៗ​សម្រាប់​អ្នកគាំទ្រ​ព្រោះ​តារា​មាន​ច្រើន​គួរ​ព្យាយាម​អភិវឌ្ឍ​​ខ្លួន​ពី​ជំហាន​ដំបូង​នេះ​ទៅ។

សូម​រម្លឹកថា​ តារាចម្រៀង​មាន​វ័យ​២២​ឆ្នាំ ​និង​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្តតាកែវ​កញ្ញា ចែម ស្រី​ល័​ក្ខ គឺជា​អតីត​បេក្ខ​នារី​ដែល​ប្រឡង​ជាប់​​​​៤​នាក់​ចុងក្រោយ​នៃ​កម្ម​វិធី Cambodia Idol រដូវ​កាល​ទី​៣។ ប៉ុន្តែ​គួរ​ឲ្យ​ស្តាយ​ដែល​នាង​មិន​ត្រូវបាន​ផលិតកម្ម​ហង្ស​មាស​បើកផ្លូវ​ឲ្យ​ចូល​ច្រៀង​នៅក្នុង​ផលិតកម្ម​របស់ខ្លួន​ទើប​ផលិតកម្ម​ថោ​ន​មើលឃើញ​ពី​សមត្ថភាព​ផ្តល់ឱកាស​ឲ្យ​នាង​តែម្តង៕

Related posts