ឆ្លើយ​តប​ការ​រិះគន់! មាន សុនី​តា ថា ​ករណី​ខ្លួន​ពាក់​ស្បែកជើង ចូល​គាល់​ស្ដេច​​ ពុំ​មាន​ខុស​អ្វី​ឡើយ

ភ្នំពេញ​ ៖ ​ក្រោយពី​មានការ​រិះគន់​រឿង​ខ្លួន​ពាក់​ស្ដេច​ជើង​ចូល​គាល់ ព្រះករុណា​ព្រះមហាក្សត្រ និង សម្តេច​ព្រះ​វររាជ​មាតា​ជាតិ​នោះ តារា​សម្ដែង​មាន សូ​នី​តា ក៏បាន​ធ្វើការ​ឆ្លើយតប​វិញ​ផង​ដែរ ដោយ​​​បញ្ជាក់​ថា ការ​ធ្វើ​បែបនេះ​មិន​ខុស​ឡើយ បើ​ខុស ពិធីការ​នៃ​ព្រះបរមរាជវាំង​ប្រាកដជា​ណែនាំ​ជាមិនខាន។

រាជិនី​ក្រមា​មាន សូ​នី​តា បាន​បញ្ជាក់​ឆ្លើយតប​នឹង​ការរិះគន់​បែបនេះ​ថា «នាង​ខ្ញុំ មាន សូ​នី​តា សូម​ជម្រាប​ដល់​បងប្អូន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា នាង​ខ្ញុំ​បាន​ចូល​ក្រាបថ្វាយបង្គំ​គាល់​ព្រះករុណា​ព្រះមហាក្សត្រ និង សម្តេចព្រះ​វររាជ​មាតា​ជាតិ រួម​ជាមួយ​ប្រតិភូ​ដទៃ​ទៀត ដោយមាន​ពិធីការ​នៃ​បរម​រាជវាំង​ណែនាំ​និង​រៀបចំ​ជូន​ត្រឹម​ត្រូវ​គោរព​តាមច្បាប់​ក្បួន​នៃ​ព្រះបរមរាជវាំង»។

តារា​សម្ដែង​ធ្មេញ​ជំពើស​រូប​នេះ បាន​សង្កត់​ធ្ងន់​ថា «ការ​ចូលគាល់​របស់​នា​ង​ខ្ញុំ​និង​ប្រតិភូ​នេះ​គឺ​គោរព​បែបបទ​ពិធីការ​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ពិធីការ​របស់​ព្រះបរមរាជវាំង​ទាំងអស់ ករណី​ខ្ញុំ​ពាក់​ស្បែកជើង​នេះ ពុំមាន​ខុស​អ្វី​ឡើយ បើ​ប្រការ​មិន​គប្បី​ពិធីការ​នៃ​ព្រះបរមរាជវាំង​ប្រាកដជា​ណែនាំ​ជាមិនខាន។ សូម​បងប្អូន​មួយចំនួន​ដែល​បាន​រិះគន់ និង មិន​ពេញចិត្ត សូម​ពិចារណា​អោយ​ច្បាស់លាស់​សិន»។

តារា​ស្រី​មាន​ប្រជាប្រិយភាព​ដដែល​នេះ បាន​បន្តថា «បញ្ជាក់ :​មើល​ឱ្យ​ជាក់​ចាំ​ញាក់ចិញ្ចើម​កុំ​ចេះតែ​និយាយ​តាម​ការគិត​ឃើញ​ដោយ​មិនមាន​ក្បួន​មានច្បាប់ ច្បាស់លាស់ ពិសេស​មិនមែន​ការយល់ឃើញ​របស់​អ្នក​សុទ្ធតែ​ត្រឹមត្រូវ​រហូត​នោះទេ ព្រោះ​អ្នក​យល់ឃើញ​យ៉ាង​ម៉េច​អ្នក​គិតថា​ចំណុច​នោះ​គឺ​ដឹង​តែ​ត្រូវ ការចូលគាល់​ព្រះអង្គ​ទាំង​ទ្វេ​ក្នុង​ព្រះបរមរាជវាំង ​មិនមែន​ចេះតែ​ចូល​ងាយស្រួល​ ហើយ​ធ្វើ​អ្វី​តាមចិត្ត​ចង់​ទេ។ សុំ share ម្នាក់​១​ផង​ណា​ដើម្បីអោយ​បងប្អូន ជ្រាប​កាន់តែច្បាស់​ណា៎»៕

Related posts