ហេង ឡុង ព្រម​ដក​ពាក្យបណ្តឹង​លោក អ៊ឹម ជីវ៉ា តាម​សំណើលោកជំទាវ ហ៊ុន ស៊ី​ណាត

ភ្នំពេញ ​៖​ រឿងរ៉ាវ​ជម្លោះ​ប្រកាស​ប្តឹងផ្តល់​គ្នា​ឡើង​តុលាការ​រវាង​លោក ហេង ឡុង និង អ៊ឹម ជីវ៉ា ទីបំផុត​ត្រូវបាន​ប្រកាស​បញ្ចប់​ស្របពេល​ដែលមាន​ការសម្របសម្រួល​ស្នើសូមពី​លោកជំទាវ ហ៊ុន ស៊ី​ណាត ឲ្យ​ភាគី​ទាំងសងខាង​ពន្លត់​កម្ដៅ​។​ ចំណែកឯ​ពាក្យបណ្តឹង​ក៏ត្រូវ​ដក​រៀងៗ​ខ្លួន​ផងដែរ។

បើតាម​ការ​បង្ហោះ​សារ​ពី​សំណាក់​លោក អ៊ឹ ជីវ៉ា បាន​រៀបរាប់ថា ​ខ្ញុំ អ៊ឹម ជីវ៉ា សូម​ជម្រាបជូន​សាធារណជន និង​បងប្អូន​អ្នកសារព័ត៌មាន​ថា​ក្រោយពី​បាន​ជួប​ជជែក​គ្នា​រវាង​ខ្ញុំ មេធាវី និង​ភាគី​លោក ហេង ឡុង ក្នុង​ស្មារតី​ជា​គ្រួសារ​អ្នកសិល្បៈ ភាគី​ទាំងអស់​បានសម្រេច​បញ្ចប់​ការយល់ច្រលំ​គ្នា​នាពេល​កន្លងមក​ដោ​យស​ន្តិ​វិធី​។ ក្នុងន័យនេះ​ផង​ដែល​ខ្ញុំបាទ​សូម​ធ្វើ​បំភ្លឺ​ទាក់ទង​នឹង​ការយល់ច្រលំ​គ្នា​នាពេល​កន្លងមក​ដូចខាងក្រោម​៖

១,​កាលពី​ថ្ងៃទី​១៥​ខែវិច្ឆិកា​ខ្ញុំបាទ​ប្រកាស​លាឈប់​ពី​សមាគម​សិល្បៈ ដោយ​ភ្ជាប់​ជាមួយ​ការស្នើសុំ​ឲ្យ​មាន​បំភ្លឺ​ចំនួន​៩ ចំណុច​ទាក់ទង​នឹង​ការងារ​របស់​សមាគម តាមរយៈ​គណនី​ហ្វេ​ស​ប៊ុក​របស់ខ្ញុំ​ដែល​ខ្លឹមសារ​ដែល​ខ្ញុំបាទ​បាន​បង្ហោះ​ធ្វើ​ឲ្យ​មាន​ការយល់ច្រលំ ពី​សំណាក់​បង ហេង ឡុង និង​អ្នក​បង ច​ន ច័ន្ទ​លក្ខិណា ថា​ជាការ​បរិហារកេរ្តិ៍​ការប្រមាថ និង​ការ​គំរាមកំហែង​ហែកកេរ្តិ៍​ទៅវិញ​ដែល​ធ្វើ​ឲ្យ ប៉ះពាល់​អារម្មណ៍​របស់​ពួកគាត់ ដែលជា​បុគ្គល​ស្អាតស្អំ និង​ខិតខំ​ដើម្បី​សិល្បៈ​នាពេល​កន្លងមក​។

​២, ខ្ញុំ​បាន​យល់ច្បាស់​ថា​សកម្មភាព​បណ្តឹងរ​បស់បង ហេង ឡុង និង​អ្នក​បង ច​ន ច័ន្ទ​លក្ខិណា គឺជា​សកម្មភាព​ប្រកបដោយ​សីលធម៌ ដោយ​មិនមាន​ចេតនា​អាក្រក់​ណាមួយ​មកលើ​ខ្ញុំ​ឡើយ ផ្ទុយទៅវិញ​វា​ជា​សិទ្ធិ​ស្របច្បាប់​របស់​ពួកគាត់​ដែល​ត្រូវតែ​ធ្វើ​យ៉ាង​ចាំបាច់​ការពារ​ភាព​ស្អាតស្អំ ភាពចាស់ទុំ និង​កិត្តិយស​របស់​សមាគម ហើយ​ខ្ញុំបាទ​ក៏​មិន​មានការ​អាក់អន់ស្រពន់ចិត្ត​អ្វី ទាក់ទង​នឹង​សកម្មភាព​របស់​ពួកគាត់​ឡើយ ដោយ​ខ្ញុំ​បាន​យល់ច្បាស់​ពី​សិទ្ធិ​របស់​ពួកគាត់​ក្នុងនាម​ខ្ញុំ​ជា​បញ្ញាវន្ត​ម្នាក់​ដែល​បានបញ្ចប់​ការសិក្សា​បរិញ្ញាបត្រ​ច្បាប់​ផ្ទុយទៅវិញ​ខ្ញុំ​យល់ឃើញថា វា​គឺជា​សេច​ក្តី​ថ្លៃថ្នូរ​មួយ​ដែល​អ្នកសិល្បៈ​មិន​ឈ្លោះ​ហែកហួរ​គ្នា​តាម​បណ្តាញ​សង្គម​Facebook។

៣,​ទោះបីជា​ខ្ញុំ​បាន​លាឈប់​ពី​សមាគម​សិល្បៈ​ហើយ​ក្តី​ប៉ុន្តែ​ខ្ញុំ​នៅតែ​ស្រលាញ់​រាប់អាន​បង ហេង ឡុង និង​អ្នក​បង ច​ន ច័ន្ទ​លក្ខិណា ដោយ​ស្មារតី​ជា​គ្រួសារ​អ្នកសិល្បៈ​តែមួយ ។​គិត​មកទល់ពេលនេះ​គេ​មិនទាន់​ឃើញ​មានការ​បញ្ជាក់បន្ថែម​ពី​លោក ហេង ឡុង នៅឡើយ​ទេ៕

Related posts