ដោយ​មិន​អស់ចិត្ត​នូវ​ទង្វើ​ និង​សកម្មភាព​របស់​មន្ត្រី​អាវុធហត្ថ​មួយ​រូប​ លោក​ឈុន រដ្ឋា​ហៅ​ឧកញ៉ា​ក្មេង​ និង​ម្ចាស់​​ផ្សារ​លក់​គ្រឿងសំណង់​ឌី​ហ្វា ​ក៏​ធ្វើ​រឿង​នេះ​ភ្លាម

ភ្នំពេញ ​​៖ ​ដោយសារ​តែ​ទង្វើ​ ​និង​សកម្ម​ភាព​ល្អ​របស់​លោក វ៉ា ណុប មន្ត្រី​កងរាជអាវុធហត្ថ​សក្ដិ​៤​កន្លះ​ កាលពី​ថ្មីៗ​កន្លង​មក​នេះ ​ដែល​បាន​ជួយសង្គ្រោះ​ស្ត្រី​ឆ្លងទន្លេ​​ម្នាក់​ទៅ​មន្ទីរពេទ្យ​នោះ ​លោក ឈុន រដ្ឋា ដែល​គេ​ស្គាល់​ថា​ជា​ឧកញ៉ា​វ័យក្មេង​ចិត្តធម៌ ​និង​ជនជាតិ​ចិន​ម្នាក់​គឺ​លោក លីម ស៊ា​វ​ចៀ ជា​ម្ចាស់​ផ្សារ​លក់​គ្រឿងសំណង់​ឌី​ហ្វា​និង​សម្ភារៈ​តុបតែង​អន្តរជាតិ​ ក៏​បានសម្រេច​ចូលរួម​បរិច្ចាគ​ថវិកា​​និង​សម្ភារៈ​មួយ​ចំនួន​ដើម្បី​ជួយ​សម្រួល​ជីវភាព​របស់​ស្ត្រី​កម្សត់​ម្នាក់​នោះ​តែម្ដង។

ជាក់ស្តែង​ដោយ​មាន​​ក្តី​អាណិតអាសូរ​ផង​នោះ​ កាលពី​ថ្ងៃទី​២០​ ខែតុលា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ​លោក​បាន​សម្រេចចិត្ត​ចូលរួម​ការងារ​មនុស្ស​ធម៌​នេះ​ ដោយ​បាន​ផ្តល់​ថវិកា​មួយ​ចំនួន​រួមទាំង​គ្រឿង​ឧបភោគ​បរិភោគ​ផ្ញើ​តាមរយៈ​​លោក​មន្ត្រី​ចិត្តធម៌​វ៉ា​ណុប​ ជូន​ទៅ​ស្ត្រី​កម្សត់​រូប​នោះ។ ជាមួយគ្នា​នេះ​ដែរ លោក​វរសេនីយ៍ត្រី​ឈិ​ត ចន្ទ​សិទ្ធា មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ ក៏បាន​ចូលរួម​ឧបត្ថម្ភ​ទឹក​សុទ្ធ​ចំនួន​២​កេស​ជូន​ស្ត្រី​កម្សត់​នោះ​ផង​ដែរ។

លោក​វ៉ា ណុប មន្ត្រី​កងរាជអាវុធហត្ថ​ស័ក្ដិ​៤​កន្លះ​ បាន​បញ្ជាក់​ថា ​ជាមួយ​នឹង​ការ​ជ្រោមជ្រែង​និង​យកចិត្ត​ទុក្ខ​ដាក់​បំផុត​ពី​សំណាក់​លោក​ផន់ ថន (​ហៅ​ពូ​កំហែង​)​ប្រធានភូមិ​សែន​ជ័យ ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច ជំនួយ​មនុស្សធម៌​ទាំងនោះ​ លោក​បាន​យក​ទៅ​ប្រគល់​ជូន​ដល់ដៃ​ស្ត្រី​កម្សត់​ក្នុង​ថ្ងៃ​ដដែល។

លោក វ៉ា ណុប បាន​បញ្ជាក់ថា​អំណោយ​សប្បុរសជន​ដែល​លោក​នាំយកទៅ​ប្រគល់ជូន​ស្ត្រី​រូបនោះ​រួមមាន​៖ អង្ករ​, មី , ត្រីខ ទឹកត្រី ,​ទឹកស៊ីអ៊ីវ ទឹកដោះគោឆៅ ,​ទឹក​សុទ្ធ នំ​បុ័ង​ព្រមទាំង​ថវិកា​មួយ​ចំនួនទៀត៕

Related posts