ដំណឹង​ល្អ! អង្គការ​បេះដូង​ជប៉ុន ​ប្រកាស​ផ្តល់​ការពិនិត្យ​និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ

កំពង់ឆ្នាំង ​៖ អង្គការ​ស្ម័គ្រចិត្ត​មួយ ​ដែល​ហៅថា “​អង្គការ​បេះដូង​ជប៉ុន​”​ បាន​ប្រកាស​ផ្ដល់​សេវា​ពិនិត្យ​និង​ព្យាបាល​ជូន​អ្នកជំងឺ​ដោយ​ឥតគិតថ្លៃ​សម្រាប់​ប្រជាពលរដ្ឋ​ ដែល​រស់នៅ​ក្នុង​ស្រុក​ជល​គី​រី​ខេត្តកំពង់ឆ្នាំង​ ខណៈ​ដែល​ការពិនិត្យ​ព្យាបាល​នេះ​ នឹង​ធ្វើឡើង​នៅ​មណ្ឌល​សុខភាព​ព្រៃ​គ្រី។

អង្គការ​បេះដូង​ជប៉ុន ប្រកាសថា ​សម្រាប់​ការពិនិត្យ​និង​ព្យាបាល​នេះ ​នឹង​ធ្វើឡើង​រយៈពេល​២​ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី​១៨​និង​១៩​ ខែមករា ​ឆ្នាំ​២០២០​ខាងមុខនេះ ​ដោយ​អង្គការ​ នឹង​សហការ​ជាមួយ​មណ្ឌល​សុខភាព​ព្រៃ​គ្រី ស្រុក​ជល​គី​រី​ ខេត្តកំពង់ឆ្នាំង​ដើម្បី​ផ្តល់​សេវា​នេះ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​តំបន់​នោះ។

ប្រភព​បាន​បន្តថា សេវា​ពិនិត្យ​សុខភាព​នេះ​គឺធ្វើឡើង​ចំពោះ​អ្នក​ដែលមាន​អា​ការៈ​ពិបាក​ក្នុង​ពោះ អាកា​រៈ​ផ្លូវដង្ហើម ឈឺក្បាល ឈឺសន្លាក់ អាកា​រៈ​ផ្ដាសាយ​ជាដើម​។ ​ក្រុមការងារ​នៃ​អង្គការ​ស្ម័គ្រចិត្ត​នេះ​នឹងធ្វើ​ការពិនិត្យ​សុខភាព​ជូន​ទាំង​មនុស្ស​ចាស់ និង​កុមារ​ប៉ុន្តែ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​គឺ​មិនត្រូវ​បានផ្តល់​សេវា​ពិនិត្យ​នេះ​ទេ​។​

សម្រាប់​ប្រជាពលរដ្ឋ ​ដែល​មិន​អាច​ចូលរួម​នៅ​ថ្ងៃ​ដែល​ក្រុមការងារ​ស្ម័គ្រ​ចិត្តបាន​សហការ​ជាមួយ​ខាង​មណ្ឌល​សុខភាព​ព្រៃ​គ្រី​បានទេ​នោះ ​ក៏​អាច​ទៅ​មន្ទីរពេទ្យ​ផ្ទាល់​របស់​អង្គការ​បេះដូង​ជប៉ុន​ ដែល​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៥ ក្នុង​បរិវេណ​មន្ទីរពេទ្យបង្អែក​ពញាឮ (​ក្បែរ​ក្លោងទ្វារ​ចូល​ភ្នំ​ឧដ្ដុង្គ​) ខេត្តកណ្ដាល​៕​

Related posts