តោះ​កូន​ខ្មែរ​គ្រប់រូប​មក​ស្តាប់​ព្រះរាជ​បណ្ដាំ​ចុងក្រោយ ​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម​បុប្ផា​ទេវី «​ទេព​នាដ​វ​ដ្ដី​ឯក​»

ភ្នំពេញ​ ៖ ​ដំណឹង​នៃ​ការយាង​ចូល​ទិវង្គត​របស់​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម​បុប្ផា​ទេវី «​ទេព​នាដ​វ​ដ្ដី​ឯក​»​ក្នុង​ព្រះជន្ម​៧៦​ព្រះវស្សា​កាលពី​វេលា​ម៉ោង​១២​និង​៣០​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្នុង​មន្ទីរពេទ្យ​ព្រះរាជាណាចក្រ​ថៃ ដោយ​ជរាពាធ​បានធ្វើ​ឲ្យ​កូន​ខ្មែ​ង​និង​សិល្បករ​-​សិល្បការិនី​ទូទាំងប្រទេស​បានបង្ហាញ​នូវ​ការ​កាន់ទុក្ខ​យ៉ាង​ក្រៀមក្រំ​គ្រប់គ្នា។

​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម​បុប្ផា​ទេវី ទ្រង់​គឺជា​មាតា​នៃ​របាំ​ព្រះរាជ​ទ្រព្យ​ដែល​បាន​លះបង់​បូជា​នូវ​កម្លាំងកាយ​ចិត្ត​ដើម្បី​ស្រាវ​ជ្រា​ជីក​គាស់កកាយ​ឡើងវិញ​នូវ​របាំ​ព្រះរាជ​ទ្រព្យ​ឲ្យ​លេច​ឈ្មោះ​ល្បីល្បាញ​លើក​ឆាក​អន្តរជាតិ​។​ម្យ៉ាងទៀត​ជា​បន្តបន្ទាប់​ទ្រង់​ក៏​លះបង់​អស់ពី​កម្លាំងកាយ​ចិត្ត​និង​ការរៀបចំ​ក្រុម​សម្តែង​របាំ​ព្រះរាជ​ទ្រព្យ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​យុវជន​និង​កូន​ខ្មែរ​ជំនាន់​ក្រោយ​បានដឹង​និង​ផ្សព្វផ្សាយ​នៅលើ​ឆាក​អន្តរជាតិ​ព្រមទាំង​បាន​ដឹកនាំ​របាំ​ព្រះរាជ​ទ្រព្យ ក្លាយជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ​របស់​អង្គការ​យូណេស្កូ​ទៀតផង​។​

នេះ​បើ​យោងតាម​ព្រះរាជបន្ទូល​ទ្រង់​នៅក្នុង​វីដេអូ​ដែលជា​ព្រះរាជ​បណ្ដាំ​ចុងក្រោយ​របស់​សម្ដេច ព្រះរៀម នរោត្តម​បុប្ផា​ទេវី​«​ទេព​នាដ​វ​ដ្ដី​ឯក​»​នា​ក្នុង​ពិធី​សំពះគ្រូ​ដើម្បី​ចងក្រង​ស្រាវជ្រាវ​ថត​ទុកជា​ឯកសារ​ផ្លូវការ នូវ​របាំ​ក្បាច់បុរាណ​ខ្មែរ សម្រាប់​ទុកជា​មរតក​អោយ​កូនចៅ​ជំនាន់​ក្រោយ និង​បួងសួង​រម្លឹក​គុណ​ថ្វាយ​សម្ដេចព្រះ​មហាក្សត្រី​យា​នី​«​ស៊ីសុវត្ថិ មុនី​វង្ស កុសុមៈ នារីរតន៍ សេរី​វ​ឌ្ឍ​នា​»​ព្រះ​មាតា​សិល្បៈ​នៃ របាំ​ព្រះរាជ​ទ្រព្យ កាលពី​ថ្ងៃទី​០១​ខែសីហា​ឆ្នាំ ២០១៩ នៅមុខ​ព្រះ​បរម​ចេតិយ​ក្នុង​ព្រះបរមរាជវាំង​។​

ទ្រង់​បាន​ព្រះរាជបន្ទូល​ថា ​ខ្ញុំ​សូម​សំណូមពរ​ដល់​ក្មួយៗ ចៅៗ​ដែលជា​អ្នក​ស្នង​តំណែង​សិល្បៈ​ជំនាន់​ក្រោយ​ចូលរួម​សហការគ្នា​ជួយ​ការពារ​សម្បត្តិ​វប្បធម៌​ជាតិ សម្បត្តិ​តំណាង​ជាតិខ្មែរ​ព្រោះ​វិស័យ​សិល្បៈ​របាំ​បុរាណ​មាន​អាយុកាល​មកជា​យូរ​លង់​ឆ្នាំ​ណាស់​មកហើយ​។​ចំពោះ​ក្មួយៗ​ចៅៗ​ដែល​មិនមែន​អ្នករៀន​ផ្នែក​នេះ​ក៏ដោយ ខ្ញុំ​សុំ​អង្វរ ជួយ​ការពារ​សម្បត្តិ វប្បធម៌ ជាតិ​របស់​យើង​មិនត្រូវ​ឲ្យ​រលាយបាត់​បង់​ឬ​យកទៅ​ធ្វើ​អ្វី​ផ្តេសផ្តាស​នោះទេ ព្រោះ​យើង​មិនបាន​ក្រ​ឡៃ​មកពីណា​មក​ទេ​គឺជា​របស់​ខ្មែរ​។​

សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម​បុប្ផា​ទេវី ទ្រង់មាន​ព្រះរាជបន្ទូល​ថា​ទ្រង់​មិន​ចង់​ឲ្យ​របាំ​បុរាណ​ខ្មែរ​និង​របាំ​ព្រះរាជ​ទ្រព្យ​បាត់បង់​ទៅវិញ​ឡើយ​នៅពេលដែល​បាត់បង់​ពី​ទ្រង់​និង​អ្នកសិល្បៈ​ជំនាន​ដើម​ទៅ​ដូច្នេះហើយ​ទើប​ទ្រង់​ខិតខំ​ស្រាវជ្រាវ​ឡើងវិញ​ដើម្បី​បង្ហាត់ បង្ហាញ បង្រៀន​អ្នកសិល្បៈ​ជំនាន់​ក្រោយៗ​និង​កូនៗ​ចៅៗ​ខ្មែរ​រហូត​មាន​ថត​ជា​ឯកសារ​ដើម្បី​រក្សាទុក​។​សូម​ស្តាប់​ព្រះរាជបន្ទូល​របស់​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម​បុប្ផា​ទេវី​លម្អិត​ដូចខាងក្រោម៖៕

ព្រះរាជបណ្ដាំចុងក្រោយ សម្ដេច ព្រះរៀម នរោត្តមបុប្ផាទេវី

ព្រះរាជបណ្ដាំចុងក្រោយ សម្ដេច ព្រះរៀម នរោត្តមបុប្ផាទេវី «ទេពនាដវដ្ដីឯក» ក្នុងពិធីសំពះគ្រូ ដើម្បីចងក្រងស្រាវជ្រាវថតទុកជាឯកសារផ្លូវការ នូវរបាំក្បាច់បុរាណខ្មែរ សម្រាប់ទុកជាមរតកអោយកូនចៅជំនាន់ក្រោយ និងបួងសួងរម្លឹកគុណថ្វាយសម្ដេច ព្រះមហាក្សត្រីយានី «ស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរតន៍ សេរីវឌ្ឍនា» ព្រះមាតាសិល្បៈនៃ របាំព្រះរាជទ្រព្យ កាលពីថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០១៩ នៅមុខព្រះបរមចេតិយក្នុងព្រះបរមរាជវាំង ៕ក្រោមរាជកិច្ចដឹកនាំចងក្រងដោយ៖សម្តេចរាជបុត្រី ព្រះរៀម បុប្ផាទេវី " ទេពនាដវដ្តីឯក"ទទួលខុសត្រូវបច្ចេកទេសដោយ៖អ្នកគ្រូ សុទ្ធ សុម៉ាលីចងក្រងរូបភាពដោយ៖ ក្រុមហ៊ុន ដំរី អ៉ីវេនផ្លេននើរ

Posted by មហាវេស្សន្តរជាតក on Monday, November 18, 2019

Related posts