ត្រៀម​ភួយ​សាច់! អាកាសធាតុ​នៅ​កម្ពុជា នឹង​ចុះ​ត្រជាក់​ពី​ថ្ងៃ​ទី​៥-៩​ធ្នូ ដោយ​ខេត្ត​ខ្លះ​ ចុះ​ដល់​១៦​អង្សា​សេ

ភ្នំពេញ​ ៖ យោង​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ស្ដីពី​ស្ថានភាព​អាកាសធាតុ ចុះ​ថ្ងៃ​ទី​១ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ ​បាន​ឲ្យ​ដឹង​ថា ​អាកាសធាតុ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ចុះ​ត្រជាក់​ជា​បន្តបន្ទាប់ ​ចាប់ពី​ថ្ងៃ​ទី​៥ រហូតដល់​ថ្ងៃ​​​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៩ ដោយ​ខេត្ត​មួយ​ចំនួន​ ចុះ​ត្រជាក់​រហូតដល់​១៦​អង្សា​​សេ​ឯណោះ។

យោង​តាម​សេចក្ដីជូនដំណឹង ​ដដែល​​ បាន​បញ្ជាក់​ថា ការ​ចុះ​ត្រជាក់​នេះ ដោយសារ​ឥទ្ធិពល​នៃ​ការ​ធ្លាក់​ចុះ​ជ្រលង​សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន ផ្គួប​ផ្សំ​នឹង​ខ្យល់មូសុង​ឦសាន​ខ្លាំង បាន និង​កំពុង​មាន​ឥទ្ធិពល​ជា​បន្តបន្ទាប់​មក​លើ​ប្រទេស​កម្ពុជា។

សេចក្ដីជូនដំណឹង​ខាង​លើ​នេះ បាន​បញ្ជាក់​ទៀត​ថា ស្ថានភាព​អាកាសធាតុ​បែបនេះ នឹង​ធ្វើ​ឲ្យ​បណ្ដា​រាជធានី ខេត្ត​មួយ​ចំនួន ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ចុះ​ត្រជាក់​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃ​ទី​៥-៩ ខែធ្នូ ឆ្នាំ​២០១៩​នេះ ក្នុង​នោះ​មាន ៖ ១. ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ ប៉ៃលិន ស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី សីតុណ្ហភាព​អប្បបរមា មាន​ពី​១៦​ទៅ​១៨​អង្សាសេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​២៥ ទៅ​២៧ អង្សាសេ​។ ២. ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ ក្រចេះ និង​ខេត្តកោះកុង សីតុណ្ហភាព​អប្បបរមា​មាន​ពី ១៨ ទៅ​២០​អង្សាសេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​២៦ ទៅ​២៨​អង្សាសេ។ ៣. រាជធានី​ភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និង​ខេត្តស្វាយរៀង​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២១​ទៅ​២៣​អង្សាសេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​២៧​ទៅ​២៩​អង្សាសេ​។ ៤. ខេត្តតាកែវ កែប កំពត និង​ខេត្ត​ព្រះសីហនុ សីតុណ្ហភាព​អប្បបរមា​មាន​ពី​២២​ទៅ​២៤​អង្សាសេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី​២៧​ទៅ​២៩​អង្សាសេ។

ជាមួយ​គ្នា​នឹង​អាកាស​ធាតុ​ចុះ​ត្រជាក់​បែប​នេះ​ ក្រសួង ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស វីរៈ​កងទ័ព ដែល​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន ក្នុង​ភូមិ​សាស្ត្រ​តំបន់​ជួរ​ភ្នំ​ដងរែក និង​តំបន់​ខ្ពង់រាប​ឦសាន​ស សូម​មេត្តា​ប្រុងប្រយ័ត្ន បង្ការ និង​ថែរក្សា​សុខភាព ពី​អាកាសធាតុ​ចុះ​ត្រជាក់​នេះ៕

Related posts