ថា​មែនៗ! ម៉ៃ សុគន្ធ ចេញមុខទើស​​តារា​កំប្លែង​ម្នាក់​​ ​​​​​ ព្រោះតែ​រឿង​រៃអង្គាស​ប្រាក់​ទិញ​រថយន្ត

ភ្នំពេញ​ ៖​ តារាចម្រៀង​ជាប់​ងា​ជា​តារា​កំពូល​ទើស​លោក ម៉ៃ សុគន្ធ កាលពី​យប់មិញ​ បានធ្វើការ​Live​វីដេអូ​រិះ​គន់ ​ដោយ​មិន​សំចៃ​មាត់​លើ​តារា​កំប្លែង​ម្នាក់​ ខណៈ​ដែល​ពេល​ឈឺ​ក៏​រៃ​អង្គាស​លុយ​ ពេល​ទិញ​រថយន្ត​ក៏​រៃ​អង្គាស​លុយ ហើយ​ដល់ពេល​ឡាន​ខូច​ក៏​រៃ​អង្គាស​លុយ…..។

លោក ម៉ៃ សុគន្ធ បាន​និយាយ​រៀបរាប់​ក្នុង​ការ​Live​ដូច្នេះ​ថា ​ខ្ញុំ​សូម​ទើស​បន្តិច​ទៅ​ពី​សិល្បករ​ខ្មែរ ឈឺ​ក៏​រៃ​អង្គាស​លុយ ទិញ​ឡាន​ក៏​រៃអង្គាស​លុយ ពេល​ឡាន​ខូច​ក៏​រៃ​អង្គាស ហើយ​បើ​ដឹងថា​ខ្លួនឯង​គ្មាន​លទ្ធភាព​ក្នុងការ​ជិះឡាន​ទេ​កុំ​ជិះ​ធ្វើ​អី្វ ជិះ​ចាន​ទៅ​ល្អ​ជាង។ នេះ​ខ្ញុំ​និយាយ​ទៅកាន់​តារា​កំប្លែង​ម្នាក់។

តារាចម្រៀង​លោក ម៉ៃ សុគន្ធ បន្តទៀតថា​ រឿង​អី​បន្តិច​ក៏​រៃ​អង្គាស ហើយ​បើ​ដឹងថា​ខ្លួនឯង​អត់​សមត្ថភាព​ជិះ​ឡាន​ទេ​ជិះ​ធ្វើ​អ្វី ?។ ដូច្នេះ​កុំ​យក​វប្បធម៌​រៃ​អង្គាស​នេះ​មក​ដាក់​មុខ​ឬ​យកឈ្មោះ​សិល្បៈ​មក​ប្រើ ព្រោះ​បើ​គ្មាន​​សមត្ថភាព​ជិះឡាន​ហើយ​នោះ​ព្រោះ​ខ្លាច​ថ្ងៃក្រោយ​ពេល​ឡាន​ខូច​ឬ​អស់​សាំង​ប្រកាស​រៃ​អង្គាស​ទៀត​….​ឈប់​បាន​ឈប់​ទៅ​វប្បធម៌​នេះ។

តាមរយៈ​ការលើកឡើង​របស់លោក ម៉ៃ សុគន្ធ ខាងលើនេះ​គេ​មិនដឹងថា​លោក​ចង់​សំដៅ​លើ​តារា​កំប្លែង​រូប​ណា​នោះ​ទេ ​ប៉ុន្តែ​បើតាម​ការសង្ស័យ​របស់​អ្នកគាំទ្រ​និង​មហាជន​អាច​និយាយ​​បញ្ឆិតបញ្ឆៀង​ទៅ​តារា​កំប្លែង​នាយ តាក់ស៊ី ដែល​ទើប​ត្រូវ​បាន​គេ​រៃ​ប្រាក់​ទិញ​រថយន្ត​អោយ​កាលពី​ថ្មីៗ​កន្លង​មកនេះ៕

Related posts