ទីបំផុត ​លោកជំទាវ ហ៊ុន ស៊ីណាត​ ចេញមុខ​សុំទោស ក្រោយ​លែង​ក្រពើ

ភ្នំពេញ ៖ នៅ​ទីបំផុត លោកជំទាវ ហ៊ុន ស៊ី​ណាត ដែល​ធ្វើ​ការ​លែង​ក្រពើ ដោយ​ចិត្ត​មេត្តាធម៌ ចូលទៅ​សិន្ធុ​ប្រាសាទអង្គរវត្ត​កាលពី​ពេល​ថ្មីៗ​នោះ បាន​ចេញមុខ​សុំទោស​ចំពោះ​កំហុស​ឆ្គង​នេះ​ហើយ ហើយ​ចាត់ទុកថា​នេះ​ជា​មេរៀន​មួយ​សម្រាប់​បងប្អូន​ដទៃ​ទៀត​ផងដែរ។

លោកជំទាវ ហ៊ុន ស៊ី​ណាត នៅមុននេះ​បន្តិច បាន​សរសេរ​សារ​សុំទោស​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​លោកជំទាវ​ដូច្នេះ​ថា នាង​ខ្ញុំ ហ៊ុន ស៊ី​ណាត សូម​ជម្រាបជូន​បងប្អូន​ប្រជាពលរដ្ឋ​ជាទីគោរព​ថា នាង​ខ្ញុំ​មានការ​សោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ កំហុស​ឆ្គង​ដែល​នាង​ខ្ញុំ​បាន ព្រលែង​សត្វ​ក្រពើ ហើយ​បាន​បង្កក្ដី​ព្រួយបារម្ភ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ចំពោះ​សុវត្ថិភាព ពេល​សត្វ​ក្រពើ​នេះ​ធំ​អាច​នាំ​គ្រោះថ្នាក់ ទៅ​អនាគត។

លោកជំទាវ​ចិត្តធម៌​រូបនេះ បន្តថា កាល ពី​ម្សិលមិញ នាង​ខ្ញុំ​បាន​និយាយថា មកពី​មិនមាន​បម្រាម​មិនមែន​មកពី​នាង​ខ្ញុំ​គ្មាន​ការទទួលខុសត្រូវ​ទេ តែ​វា​ជា​មូលដ្ឋាន​សម្រេចចិត្ត​ដ៏​ខុសឆ្គង​របស់​នាង​ខ្ញុំ និង​ដោយមាន​គំនិត​ក្នុង​ចិត្ត​ថា សត្វលោក ទោះបីជា​សត្វ ស្លូត​ឬ​សាហាវ​ព្រៃផ្សៃ​តែងតែ​ប្រាថ្នា​រស់នៅ​សុខសាន្ត​ដូចគ្នា។

លោកជំទាវ បាន​បញ្ជាក់​ជា​ចុងក្រោយ​ថា ជា​ចុងក្រោយ​នាង​ខ្ញុំ​សូម​ស្នើ​​សំណូមពរ ឲ្យ​អាជ្ញាធរ សរសេរ​បម្រាម​ផង​ដែរ​។ ដើម្បី​កុំ​ឲ្យ បងប្អូន​ពលរដ្ឋ​ផ្សេងទៀត អាច​ព្រលែង សត្វ ដូចដែល​នាង​ខ្ញុំ​បានធ្វើ​ខុស ក្នុងនាម នាង​ខ្ញុំ​ជា​អ្នក​ធ្វើបុណ្យ​មិន​ហ៊ាន​ប្រមាថ​ជីវិត​សត្វលោក​ទេ​។​ នាង​ខ្ញុំ​សូម​អភ័យទោស យក​ជា​មេរៀន​ជូន​បងប្អូន​ប្រជាពលរដ្ឋ នឹង វៀស​ចាក កុំបី​ខាន​។​ ០៩ .១១ .២០១៩។

គួរ​បញ្ជាក់ថា កូន​ក្រពើ​ដែល​លោកជំទាវ​ព្រលែង​ថ្ងៃមុន ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់បាន​វិញ​ហើយ​នៅ​រសៀល​ថ្ងៃទី​៨ ខែវិច្ឆិកាម្សិលមិញ​នេះ​។ បច្ចុប្បន្ន​ក្រពើ​នោះ ត្រូវបាន​មន្ត្រី​ជំនាញ​ផ្នែក​រដ្ឋបាល​ជលផល​ខេត្តសៀមរាប​យកទៅ​រក្សា​ទុក​នៅ​កន្លែង​ដទៃ​រួចហើយ​ដែរ៕

Related posts