នាយ ក្តឹប ទទួល​បាន​បច្ច័យ​ចូល​បុណ្យ​ពី​តំណាង​សមាគម​សិល្បករ​ខ្មែរ

ភ្នំពេញ ​៖​ តារា​កំប្លែង​ជើងចាស់​នាយ ក្តឹប កាលពី​ថ្មីៗ​នេះ​ បាន​ជួប​ទុក្ខ​ធំ​យំ​ស្ទើរ​សន្លប់​ទាំង​ខ្លួន​កំពុងមាន​ជំងឺ​ប្រចាំកាយ​ ខណៈដែល​កូនប្រុស​ជាទី​ស្រលាញ់​របស់​នាយ ​បាន​ស្លាប់បាត់​បង់ជីវិត​ដោយសារ​ហេតុ​ការណ៍​ គ្រោះថ្នាក់​ចរាចរណ៍​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​អា។

ដំណឹង​មរណភាព​ដ៏​ក្រៀមក្រំ​ និង​សោកសៅ​នេះ​ បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​សម្តែង​ការចូលរួម​រំលែក​ទុក្ខ​ដោយ​ក្តី​អាណិតអាសូរ ​មិនតែប៉ុណ្ណោះ​ពេលនេះ​ ខាង​សមាគម​សិល្បករ​ខ្មែរ​ បាន​ចាត់​ឲ្យ​តំណាង​គឺ​តារា​ចម្រៀង​ជើងចាស់​លោក សែន សង្វា​ត់ នាំយក​ថវិកា​ទៅ​ចូលរួម​បច្ច័យ​បុណ្យ​ផងដែរ។

លោក ហេង ឡុង បាន​បញ្ជាក់​ថា​ ខ្លួន​ឈឺ​ហើយ កូន​ស្លាប់​ទៀត លោក សែម សង្វាត បាន​យក​បច្ច័យ​របស់​សមាគម​សិល្បករ​ខ្មែរ ទៅ​ចូល​បុណ្យ​សព​កូនប្រុស​របស់​នា​យ​ក្តឹប។ គេ​កត់សម្គាល់​ឃើញថា ​ពេលនេះ​នាយ ក្តឹប ហាក់​កំពុង​មានទុក្ខ​ផ្ទួនៗ​គ្នា​ ខណៈ​កូន​ក៏​ស្លាប់​ខ្លួន​នាយ​ក៏​មាន​ជំងឺ​ប្រចាំកាយ​ផង​នោះ។

សូម​រម្លឹក​ថា​ មរណភាព​ដ៏​ក្រៀមក្រំ​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២០​កន្លងទៅ ស្ថិតនៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦​អា បង្កឡើង​រវាង​រថយន្ត​ជិះ​បុក​ជាមួយ​PassApp(​កង់​បី​ឥណ្ឌា​)​ត្រង់ចំណុច​ស្ពាន​ទី​១​ជិត​វត្ត​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោ​ចង្វា រាជធានី​ភ្នំពេញ ដែល​បណ្តាល​ឲ្យ​បុរស​អ្នក​រត់​កង់​បី​ឥណ្ឌា​កូន​នាយ ក្តឹប ស្លាប់​តែម្តង៕

Related posts