នាយ ក្រូច ទម្លាយ​ប្រាប់​ពី​មូល​ហេតុ ដែល​ទទួល​នាយ តាក់ស៊ី ឲ្យ​ស្នាក់​នៅក្រោម​ដំបូលផ្ទះ​ជាមួយ​អំឡុង​ពេល​កំពុង​ធ្លាក់ទឹក

ភ្នំពេញ ​៖​ អ្នកគាំទ្រ​ និង​ទស្សនិកជន​ច្បាស់​ជា​បាន​ដឹង​ហើយ​ថា ​បន្ទាប់ពី​នាយ តាក់ស៊ី បាន​លាចាក​សិក្ខាបទ​ដើម្បី​មក​ព្យាបាល​ជំងឺ​រហូត​បានជា​សះស្បើយ​ឡើងវិញ​នោះ ​​​ជីវិត​របស់​នាយ​ មាន​លក្ខណៈ​កម្សត់​ជាច្រើន​ ស្របពេល​ប្រពន្ធ​-​កូន​ក៏​ត្រូវ​បាត់បង់​តាមរយៈ​ការ​​​លែងលះ​គ្នា​។ ​ខណៈ​ទ្រព្យសម្បត្តិ​និង​ផ្ទះ​ក៏​គ្មាន​សល់​អ្វី​ជា​ទ្រព្យ​ជាប់​ខ្លួន​នោះដែរ។

ប៉ុន្តែ​ទន្ទឹមគ្នា​ដែល​ជីវិត​តារា​កំប្លែង​នាយ តាក់ស៊ី កំពុងតែ​ជួប​ការ​លំបាក​ស្ទើរ​អស់សង្ឃឹម​លើ​ផ្លូវ​ជីវិត​នោះ​ ភ្លាមៗ​គេ​ក៏បាន​ដឹង​ថា ​តារា​កំប្លែង​រួម​អាជីព​គឺ​នាយ​ក្រូច ក៏​ស្រាប់តែ​ប្រកាស​ទទួលយក​នាយ តាក់ស៊ី ឲ្យ​ទៅ​រស់នៅ​ផ្ទះ​ជាមួយគ្នា​តែម្តង​។​ មិនតែប៉ុណ្ណោះ​លោក សុវណ្ណ រិទ្ធី ហៅ​តា វ៉ិ​ច​ទ័​រ ក៏​ប្រកាស​ផងដែរ​ ដើម្បី​ផ្តល់ឱកាស​ឲ្យ​នាយ តាក់ស៊ី ចូល​កំប្លែង​ក្នុង​ក្រុម​វិញ​ដើម្បី​ចំណូល​ខ្លះ​ចិញ្ចឹមជីវិត។

ជាមួយគ្នា​នឹង​ការទទួលយក​នាយ តាក់ស៊ី ឲ្យ​ទៅ​រស់នៅ​ផ្ទះ​ជាមួយនេះដែរ​នាយ ក្រូច ថ្មីៗ​នេះ​បាន​រៀបរាប់​ពី​គុណបំណាច់​និង​រម្លឹក​អនុស្សាវរីយ៍​រវាង​នាយ​និង​នាយ តាក់ស៊ី ថា​ នាយ​ពិតជា​អាណិត​នាយ តាក់ស៊ី ខ្លាំងណាស់​ក្រោយពេល​ធ្លាក់ខ្លួន​ក្រ​រក​អ្វី​គ្មាន​នៅក្នុង​ខ្លួន​នោះ។

ក្នុង​ជំនួប​តាម​ទូរស័ព្ទ​ជាមួយ​Kh Stars ​នាយ ក្រូច រម្លឹក​ពី​គុណបំណាច់ ​ដែល​នាយ តាក់ស៊ី ធ្លាប់​ជួយ​ខ្លួន​ ពេល​នៅ​មិនទាន់​ក្លាយជា​តារា​កំប្លែង​ល្បីឈ្មោះ​និង​អាច​មាន​ទីផ្សារ​ បែបនេះ​ថា ​កាលដែល​នាយ​មានឈ្មោះ​ល្បី​ដល់​បច្ចុប្បន្ន​ ក៏​ព្រោះ​តែ​មាន​នាយ តាក់ស៊ី ធ្លាប់បាន​ជួយ​ជ្រោមជ្រែង​និង​ផ្តល់ឱកាស​លើកទឹកចិត្ត​ឲ្យ​មក​ចូលរួម​ប្រឡង​នៅ​ស្ថានីយទូរទស្សន៍​CTN​អំឡុង​ពេលដែល​នាយ​នៅត្រឹមតែ​បុគ្គល​មិន​ល្បី​ម្នាក់​ ដើរ​ច្រៀង កំប្លែង​តាម​រោងការ​តែប៉ុណ្ណោះ។

នាយ ក្រូច បាន​បន្ថែម​ទៀត​ថា​ ដោយសារ​មានការ​យកអាសា លើកទឹកចិត្ត ផ្តល់​យោបល់​ដែល​ត្រូវបាន​នាយ តាក់ស៊ី ធ្លាប់​ផ្តល់ឱកាស​និង​ជួយ​ណែនាំ​នេះហើយ​ទើប​ធ្វើ​ឲ្យ​នាយ​មិនអាច​បំភ្លេច​នូវ​អនុស្សាវរីយ៍​ឬ​គុណបំណាច់​របស់​នាយ តាក់ស៊ី ឡើយ​ អំឡុង​ពេលដែល​នាយ​កំពុងតែ​ធ្លាក់ទឹក​ប៊ិះ​នឹង​លង់​ស្លាប់​ទៅហើយនោះ៕

 

Related posts