បង្ក្រាប​ទីតាំង​ផលិត​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ ដក​ហើយ​បាន​គ្រឿងញៀន​២១​គីឡូក្រាម​ហើយ

ភ្នំពេញ ​៖ ​​ទីតាំង​ផលិត​ថ្នាំញៀន​មួយ​កន្លែង ក្នុង​ហាង​ «ទន្លេ​មាស​តន្ត្រី» ស្ថិត​ក្នុង​ភូមិ​របោះ​អង្កាញ់​ សង្កាត់​ព្រែក​ឯង ​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​នគរបាល​ក្រុងភ្នំពេញ​ សហការ​​​ជាមួយ​នគរបាល​ខណ្ឌ​ច្បារអំពៅ ​កំពុង​ចុះ​បង្ក្រាប។

ប្រតិបត្តិការ​នេះ​ បាន​ធ្វើឡើង​នៅ​វេលា​ម៉ោង​១១​និង​០៥​នាទី​ព្រឹក​ថ្ងៃ​ទី​៤​ ខែ​ធ្នូ ​ឆ្នាំ​២០១៩ ​ហើយ​ពេល​នេះ​​ សមត្ថកិច្ច​​មួយ​ចំនួន ​កំពុង​ឡោម​ព័ទ្ធ​ទីតាំង​នេះ ​ហើយ​មួយ​ចំនួន​ទៀត ​បាន​ចូល​ទៅ​ឆែកឆេរ ​ក្នុង​ហាង​មួយ​នេះ ​ដោយ​គិត​មកដល់​ពេលនេះ រក​ឃើញ​គ្រឿងញៀន​សរុប​ប្រមាណ​២១​គីឡូក្រាម​ហើយ។

សមត្ថកិច្ច​​ បាន​ឲ្យ​ដឹង​​ថា​ ការ​បង្ក្រាប​ទីតាំង​នេះ​ ធ្វើ​ឡើង ​ក្រោយ​ពី​​​កម្លាំង​ជំនាញ​ចាប់ខ្លួន​មុខសញ្ញា​ចែកចាយ​បាន​ចំនួន​៤​នាក់​នៅ​ក្នុង​សង្កាត់​បឹងត្របែក​ ខណ្ឌ​ចំការមន​​ ​ហើយ​ក៏​ដឹង​ពី​ទីតាំង​ផលិត​ ទើប​ឈាន​ដល់​ការ​បង្ក្រាប​នេះ​តែម្ដង។ ​គិត​មក​ដល់​ម៉ោង​១២​និង​៤០​នាទី​នេះ ​ប្រតិបត្តិការ​កំពុង​បន្ត​នៅ​ឡើយ ​ដើម្បី​ឈាន​ទៅ​ដល់​ការ​ចាប់​ខ្លួន​មេខ្លោង​ធំ ​ដែល​ផលិត​គ្រឿង​ញៀន​នេះ៕

Related posts