បើក​ការដ្ឋាន​ជួសជុល​កំណាត់​ផ្លូវ​វាង​ក្រុង​សៀមរាប​ប្រវែង​២.២៣០​ម៉ែត្រ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ

សៀមរាប ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ១៥​កើត ខែស្រាព​ណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​២០១៩ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​ជួសជុល​ឡើងវិញ​កំណាត់​ផ្លូវ​វាង​ក្រុង (​ផ្លូវ​២SR៣) មួយ​ខ្សែ​ប្រវែង ២.២៣០​ម៉ែត្រ ស្ថិតនៅក្នុង​សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប។

កម្មវិធី​នេះ​មានការ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី​គណៈប្រតិភូ​ក្រសួង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាល នៃ​គណៈ​អភិបាលខេត្ត អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ថ្នាក់ដឹកនាំ​មន្ទីរ​ជុំវិញ​ខេត្ត ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ប្រជា​ការពារ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់។

កំណាត់​ផ្លូវ​វាង​នេះ​មាន​ប្រវែង​សរុប ១៥​គីឡូម៉ែត្រ គិត​ចាប់ពី​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៦ ត្រង់​ចុង​កៅស៊ូ ដល់​ចំណុចប្រសព្វ​មុខ​ទីចាត់ការគយ និង​រដ្ឋាករទឹក​វិល ត្រូវ​ជួសជុល​ឡើងវិញ​ក្រោម​គម្រោង​ឆ្នាំ​២០១៩ មាន​ប្រវែង ២.២៣០​ម៉ែត្រ គិត​ចាប់ពី​បង្គោលគីឡូម៉ែត្រ​លេខ ០០+០០ ដល់​គីឡូម៉ែត្រ​លេខ ០២+២៣០ និង​ទទឹង​ប្រវែង ១៤​ម៉ែត្រ ចាក់​ក្រាល​កៅស៊ូ និង​បាច​ថ្ម​ពីរ​ស្រទាប់ DBST និង​ដាក់លូ​រំដោះ​ទឹកជា​ច្រើន​កន្លែង ហើយ​ក្រសួង​នឹង​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ថវិកា ដើម្បី​ជួសជុល​ផ្លូវ​នេះ​ឡើងវិញ​ឱ្យបាន ១០០%។

កំណាត់​ផ្លូវ​នេះ​សាងសង់​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ត្រួតពិនិត្យ​បច្ចេកទេស ដោយ​នាយកដ្ឋាន​ផ្លូវថ្នល់​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចំណាយ​ថវិកា​ចំនួន ៣.៧០២.៩៥៧.០០០,០០ រៀល ជា​ថវិកា​របស់​រដ្ឋ​ក្រោម​គម្រោង​ជួសជុល​ផ្លូវថ្នល់​ឆ្នាំ​២០១៩។

ផ្លូវ​ក្រវាត់ក្រុង​ទីមួយ​នេះ​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​បង​ប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ការដឹកជញ្ជូន​ផលិតផល​នានា​របស់​បងប្អូន​ប្រជាពលរដ្ឋ​ទៅកាន់​ទីផ្សារ និង កាត់បន្ថយ​ការកកស្ទះ ចរាចរណ៍​នៅក្នុង​ទីក្រុង​សៀមរាប​ដែលជា​ទីក្រុង​ទេសចរណ៍​មួយ​ដ៏​មាន​សក្ដានុពល។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​គូសបញ្ជាក់​ពី​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ថ្នល់ និង​ការតភ្ជាប់​ពី​រាជធានី ភ្នំពេញ​ទៅកាន់​គ្រប់​ច្រកល្ហក និង​ប្រទាក់ក្រឡា​គ្នា ផ្ដល់​ជម្រើស និង​បង្ក​ភាពងាយស្រួល​ក្នុងការ​ធ្វើ ដំណើរ​របស់​បងប្អូន​ប្រជាពលរដ្ឋ។

លោក​ទេសរដ្ឋមន្ត្រី បាន​បន្ថែមថា រាជរដ្ឋាភិបាល​មាន​គោលដៅ​ចង់ឱ្យ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ធូរធារ សម្បូរ​សប្បាយ​នៅ​ទូទាំងប្រទេស និង​បាន​សំណូមពរ​ឱ្យ បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងសកម្ម​ក្នុងនាម​ជា​ពលរដ្ឋ​ល្អ គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ផ្ដោតលើ​ការអនុវត្ត​ច្បាប់ និង​សុវត្ថិភាព​ផ្ទាល់ខ្លួន មិនមែន​ខ្លាច​ប៉ូលីស​ផាកពិន័យ​នោះទេ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ស្នើឱ្យ​បងប្អូន​ដែល​រស់នៅ និង​ធ្វើដំណើរ​តាម​ដងផ្លូវ​នេះ​មានការ​យោគយល់ និង​អធ្យាស្រ័យ​ខ្ពស់​ចំពោះ​ការរំខាន​នានា​ដែល​កើតមានឡើង​ខណៈពេល​កំ​ពុង​សាងសង់ និង​ចូលរួម​សហការ​ឱ្យបាន​ស្អិតរ​មួ​ត ដើម្បីឱ្យ​ការសាងសង់​ប្រព្រឹត្ត​ទៅដោយ​រលូន និង​បញ្ចប់​តាម​កាលកំណត់៕

Related posts

Leave a Comment