ផ្នែក​ខ្លះ​របស់​វិ​ប​សាយ Wikipedia​ត្រូវ​គាំង ក្រោយពី​មានការ​វាយប្រហារ​ពី​ក្រុម​ទុច្ចរិត

Wikipedia ដែលជា​វិ​ប​សាយ​សម្រាប់​ឯកសារយោង​នៅលើ​អ៊ីនធឺណិត​ដ៏​មាន​ប្រជាប្រិយភាព​បាន​គាំង​បើក​មិន​ចេញ​ក្នុងប្រទេស​មួយចំនួន បន្ទាប់ពី​វិ​ប​សាយ​មួយ​នេះ​ត្រូវបាន​ក្រុម​ទុច្ចរិត​វាយប្រហារ​រួចមក។

គណនី​អាល្លឺម៉ង់​របស់​ស្ថាប័ន​ខាងលើនេះ​បាន​បង្ហោះ​សារ​នៅលើ Twitter កាលពី​ថ្ងៃ​សៅរ៍​ថា ម៉ាស៊ីន​មេ​របស់​មូលនិធិ Wikimedia ដែលជា​កន្លែង​មេ​សម្រាប់​បង្ហោះ​វិ​ប​សាយ​នោះបាន​ទទួលរង​ការវាយប្រហារ​ដ៏​ធំ​មួយ​ឈ្មោះថា DDoS។

នៅក្នុង​សេចក្តីថ្លែងការណ៍​ដាច់ដោយឡែក​មួយទៀត មូលនិធិ Wikimedia បានឱ្យដឹងថា​ការវាយប្រហារ​លើ​វិ​ប​សាយ Encyclopedia ដែលជា​វិ​ប​សាយ​មួយ​ក្នុងចំណោម​វិ​ប​សាយ​ដ៏​ពេញនិយម​បំផុត​នៅលើ​ពិភពលោក​នោះ​កំពុង​នៅតែ​បន្ត​កើតមាន ហើយ​ក្រុមការងារ​របស់​ខាង​វិ​ប​សាយ​កំពុងធ្វើការ​ដើម្បី​ស្តារ​សិទ្ធិ​ចូល​ប្រើ​ឡើងវិញ។

ការវាយប្រហារ​លក្ខណៈ DDoS ជារឿយៗ​ពាក់ព័ន្ធ​ទៅនឹង​ការរំខាន​ដល់​ប្រតិបត្តិការ​នៃ​ប្រព័ន្ធ​កុំព្យូទ័រ ឬក៏​បណ្តាញ​ដែល​ភ្ជាប់​ទៅកាន់​អ៊ីនធឺណិត ដោយ​ធ្វើឱ្យ​ម៉ាស៊ីន​ឆ្លង​មេរោគ ហើយ​ត្រូវបាន​បញ្ជា​ឱ្យចូល​មើល​វិ​ប​សាយ​ណាមួយ​ក្នុងពេល​ដំណាលគ្នា។

គួរ​បញ្ជាក់ថា ការវាយប្រហារ​តាម​អ៊ីនធឺណិត​ស្រដៀង​គ្នា​នេះ​បានធ្វើឱ្យ​រអាក់រអួល​ក្រុមហ៊ុន​អ៊ីនធឺណិត​ដ៏​ពេញនិយម​ដទៃទៀត រួមមាន Twitter, Facebook និង Google ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​ផងដែរ៕

Related posts

Leave a Comment