ពេជ្រ សូលី​កា ថ្លែង​សារ​បាក់​ទឹកចិត្ត​យ៉ាង​វែង​អន្លាយ​ក្រោយ​ម្តាយ​ក្លាយជា​ឃាតក ​និង​ត្រូវ​ចាប់ខ្លួន

ភ្នំពេញ​ ៖​ តារាចម្រៀង​កញ្ញា ពេជ្រ សូលី​កា បន្ទាប់ពី​ផ្ទុះ​រឿងរ៉ាវ​ដ៏​រសើប​ផ្អើល​អស់​មហាជន​និង​សារព័ត៌មាន​ក្នុងស្រុក ​ខណៈដែល​ម្តាយ​របស់ខ្លួន​ត្រូវបាន​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​សម្លាប់​ស្ត្រី​វ័យ​៥០​ឆ្នាំ​ព្រោះតែ​ភ្លើង​ប្រចណ្ឌ​រឿង​ស្នេហា​ស្រលាញ់​ភេទ​ដូចគ្នា​នោះ ​ភ្លាមៗ​នេះដែរ​នាង​បានបង្ហាញ​អារម្មណ៍​មិន​សប្បាយចិត្ត​ក្រោយពេល​ជួប​រឿងរ៉ាវ​បែបនេះ​។​ មិនតែប៉ុណ្ណោះ​នាង​ថែមទាំង​និយាយ​ពី​ភាព​បាក់​ទឹកចិត្ត​ផងដែរ។

បើតាម​ខ្លឹមសារ​យ៉ាង​វែង​អន្លាយ​របស់​កញ្ញា ពេជ្រ សូលី​កា បាន​រៀបរាប់ថា​រឿង​ដែល​បានកើត​ឡើង​ហើយ​វា​ក៏​មិនអាច​បក​ក្រោយ​បានដែរ នេះ​ជា​អ្វីដែល​ខ្ញុំ​កំពុង​ប្រាប់​មកដល់​ខ្លួនឯង ព្រោះថា​នៅពេល​ឥឡូវនេះ​ខ្ញុំ​មាន​តួនាទី​ដែល​ត្រូវធ្វើ​ច្រើនជាង​មុន​ទៀត​។​ដើរតួ​ជា​ឪពុក​ផង​ដើរតួ​ជា​ម្ដាយ​ផង ដើរតួ​ជា​បងស្រី​ផង ហើយ​នៅ​មិនយូរ​ទៀត ខ្ញុំ​ក៏ត្រូវ​មាន​តួនាទី​ធ្វើជា​ម្ដាយ​របស់គេ​មួយរូប​ទៀត។

កញ្ញា ពេជ្រ សូលី​កា បាន​និយាយទៀតថា​ព័ត៌មាន នឹង​សង្គមមនុស្ស ដែល​បាន​វាយប្រហារ​មកលើ​ខ្ញុំ រូបថត​ខ្ញុំ ឈ្មោះ​របស់ខ្ញុំ តើ​ខ្ញុំ​ប្រឈមមុខ​ជាមួយ​កូន​ខ្ញុំ​ទៅ​ថ្ងៃ​អនាគត​យ៉ាងម៉េច ? បើ​ខ្ញុំ​មិនមែនជា​តារា ជា​មនុស្ស​ធម្មតា មិនមាន​អ្នក​ស្គាល់​ខ្ញុំ តើ​បងៗ​សារព័ត៌មាន អាចមក​យក​រូបខ្ញុំ ប្រើ​ឈ្មោះ​របស់ខ្ញុំ មក​ដាក់​ទន្ទឹមគ្នា​ជាមួយ​ជនរងគ្រោះ​ដែលមាន​គ្រប់ Page ព័ត៌មាន ទាំងអស់ បែបនេះ​ដែរ​ទេ​?។

ខ្ញុំ​និយាយ​តាម​ត្រង់​ខ្ញុំ​ពិតជា​បាក់​ទឹកចិត្ត​ខ្លាំងណាស់​ក្នុងពេល​ឥឡូវនេះ ហើយ​ខ្ញុំ​ក៏​ខ្លាច​ពាក្យ​ថា​ជីវិត​សិល្បៈ​មួយ​នេះដែរ នេះ​មិនមែនជា​ការសម្ដែង​តែ​វា​ជា​អា​ម្មណ៍​ពិត​របស់ខ្ញុំ ខ្ញុំ​មិនអាច​ធ្វើ​អ្វី​បាន​ក្រៅពី​អង្គុយ​ហើយ​យំ លេបបាយ​មិន​ចូល​រួច​ក៏​សួរ​ខ្លួនឯង​ថា​ខ្ញុំ​នៅ​ជា​កូន​ដែល​មិនទាន់​ល្អ​គ្រប់គ្រាន់​មែន​ទេ​?​ហេតុអ្វី​ទើប​អ្នកមានគុណ​ខ្ញុំ​មាន​បញ្ហា​នៅក្នុង​ចិត្ត​រឿង​អ្វី​បានជា​ខ្ញុំ​មិនដឹង​?​ខ្ញុំ​ស្ដាយក្រោយ បើ​ខ្ញុំ​បានដឹងថា​គាត់​កំពុង​ជួប​បញ្ហា​អ្វី ខ្ញុំ​នឹងមិន​បណ្ដោយអោយ​គាត់​មក​ពិបាក​បែបនេះ​ទេ ។​កញ្ញា ពេជ្រ សូលី​កា បញ្ជាក់​។​

តារា​ស្រី ពេជ្រ សូលី​កា បាន​បន្តថា ​ខ្ញុំ​ក៏​មិន​បណ្ដោយអោយ​ប្អូនស្រី​របស់ខ្ញុំ ឃើញ​នៅ​រូបភាព​បែប​ដែរ ខ្ញុំ​អាណិត​ប្អូន​ខ្ញុំ ដឹង​ហើយ​ឭ​ហើយ តែ​ខំទ្រាំ​មិន​សួរ​មិន​និយាយ សុខចិត្ត​ទៅ​លួច​អង្គុយ​យំ​នឹក​ម៉ាក់​។​បងៗ​សារព័ត៌មាន នឹង​អ្នក​ដែល​កំពុង​សើចចំអក​គ្រួសារ​ខ្ញុំ​ត្រូវ​ចាំ​ថា អ្នក​មិនបាន​ធ្វើអោយ​ខ្ញុំ​មាន​អារម្មណ៍​ថា បាក់​ទឹកចិត្ត នឹង​ខ្លាច​សង្គម​មួយ​នេះ តែ​ខ្ញុំ​ម្នាក់​ទេ អ្នក​ក៏​កំពុង​អោយ​ក្មេងស្រី​ដែល​គ្នា​មិនដឹង​អ្វី ក៏​កំពុង​ទទួល​អារម្មណ៍​បែប​ហ្នឹង​ដូច​ខ្ញុំ​ដែរ។

នាង​លើកឡើងថា​ ម៉ាក់​ហត់​ខ្លាំងណាស់​ហើយ ទើប​ម៉ាក់​មិនអោយ​កូន​ដឹង​បែបនេះ​ម្ដាយ​ខ្ញុំ​ធ្វើ​ខុស គាត់​ក៏បាន​ទទួល​នូវ​កំហុស ចំណែក​ច្បាប់​ក៏បាន​ធ្វើការ ទៅតាម​ផ្លូវច្បាប់ តែ​ហេតុអ្វី​អ្នក​ដែល​គ្មាន​មេត្តា ខំប្រឹង​មក​កាត់ក្ដី ជំនួស​ច្បាប់​បន្ថែមទៀត​បែបនេះ ម្នាក់ៗ​សុទ្ធ​តែមាន​ម្ដាយ​សុទ្ធតែ​ខ្លាច​ជួប​រឿង​បែបនេះ​នៅលើ​គ្រួសារ​ខ្លួន អ្នក​ក៏​មើលមិនឃើញ​នៅ​ស្អែក ខ្ញុំ​ក៏​មើលមិនឃើញ​នៅ​ស្អែក ហេតុអ្វី​មក​សប្បាយ​នៅលើ​គំនរ​ទុក្ខ​របស់ខ្ញុំ ?​អ្វីដែល​ខ្ញុំ​អាចធ្វើ​បានតែ​មួយគត់ គឺ រឹងមាំ រឹងមាំ ដើម្បី​ប្អូន ដើម្បី​កូន នឹង​អនាគត​គ្រួសារ​របស់ខ្ញុំ​។​សុំទោស​ណា៎​ម៉ាក់៕

Related posts