ពេជ្រ សូលី​កា ថ្លែង​សារ​ចូលរួម​រំលែក​ទុក្ខ​ក្រៀមក្រំ​ដល់​គ្រួសារ​ជនរងគ្រោះ

ភ្នំពេញ ​៖​ ក្រោយពេល​មាន​ហេតុការណ៍​ដ៏​រន្ធត់​ និង​តក់ស្លុត​កើតឡើង ពេជ្រ សូលី​កា បាន​ថ្លែង​សារ​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀម​ជាមួយ​ក្រុម​គ្រួសារ​ស្ត្រី​រងគ្រោះ​ ដែល​ស្លាប់​ក្នុង​ករណី​ឃាតកម្ម​ ខណៈ​ដែល​ជនសង្ស័យ​ត្រូវជា​ម្តាយ​របស់​នាង​បង្កើត។

កញ្ញា ពេជ្រ សូលី​កា បាន​សរសេរ​សារ​ចូលរួម​រំលែក​ទុក្ខ​នៅ​រសៀល​ថ្ងៃទី​១៤ ខែមករា​នេះ​ថា ​សារ​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ពី​នាង​ខ្ញុំ ជូន​ទៅដល់​គ្រួសារ​ជនរងគ្រោះ​នៃ​សព​ក្នុងនាម​ខ្ញុំ​ជា​កូនបង្កើត របស់​ជនល្មើស​នាង​ខ្ញុំ​សុំទោស​រាល់​ទង្វើ​​ទាំងឡាយ​ដែល​បាន​កើតឡើង វា​ពិតជា​ឈឺចាប់​ខ្លាំងណាស់​នៅ​ការបាត់បង់ មនុស្ស​ជាទី​ស្រលាញ់​នៅក្នុង​ផ្ទះ ខ្ញុំ​ពិតជា​មាន​អារម្មណ៍​សោកស្ដាយ​ជាខ្លាំង​ចំពោះ​ដំណឹង​មួយ​នេះ។

នាង​បន្តទៀតថា ​ក្នុងពេល​ឥឡូវនេះ ខាង​គ្រួសារ​របស់​នាង​ខ្ញុំ​ក៏មាន​ទុក្ខ​មិនតិច​ដែរ ម្ដាយ​របស់ខ្ញុំ លោក​មាន​កំហុស ឥឡូវនេះ លោក​ក៏បាន​ទទួល​នៅ​កំហុស​ដែល​លោក​បានធ្វើ​ទៅតាម​ផ្លូវច្បាប់​ផងដែរ​។​ ពាក្យ​សុំទោស​ប៉ុន្មាន​ម៉ាត់​របស់ខ្ញុំ​វា​មិន​ស្មើនឹង​ការឈឺចាប់​ដែល​បាន​បាត់បង់​មនុស្ស​ជាទី​ស្រលាញ់​របស់​គ្រួសារ​សព​ឡើយ​ ប៉ុន្តែ​ម្ដាយ​របស់​នាង​ខ្ញុំ​គាត់​បានទទួល​នូវ​ទង្វើ​ដែល​គាត់​បានធ្វើ​ហើយ ខ្ញុំ​សុំ​ការ អហោសិកម្ម​ពី​គ្រួសារ​សព ជំនួស​ម្ដាយ​របស់ខ្ញុំ​ផង។

​កញ្ញា ពេជ្រ សូលី​កា បញ្ជាក់ថា​ ចំណែក សង្គម តែ​ស្ករ​ ​៖ ​ចំពោះ​ការយឺតយ៉ាវ រំលែក​ទុក្ខ​មួយ​នេះ ខ្ញុំ​មិនដឹងថា​ត្រូវ​បកស្រាយ​បែប​ម្តេច​ទេ​ព្រោះថា​កង្វល់​របស់ខ្ញុំ​នៅពេលនេះ​ក៏​មិន​ចាញ់​គ្រួសារ​សព​ប៉ុន្មាន​ដែរ​។​ទាំងសងខាង​គឺ​សុទ្ធសឹងតែ​បាត់បង់​មនុស្ស​ដែល​ធ្លាប់​នៅក្បែរ​ខ្លួន​ដូចគ្នា​ក្នុងពេល​ឥឡូវនេះ​ខ្ញុំ​និយាយ​អ្វី​ក៏​ខុស មិន​និយាយ​អ្វី​ក៏​ខុស ខ្ញុំ​ចង់​ឲ្យ​អ្នក​ដែល​បាន​វិនិច្ឆ័យ​មកលើ​រូបខ្ញុំ​គិត​ត្រង់ចំណុច​នេះ​ផង​ថា​អ្នក​មិនដឹងថា​ខ្ញុំ​កំពុង​គិត​អ្វី ខ្ញុំ​ក៏​មិនដឹងថា​អ្នក​កំពុង​គិត​អ្វី ដូចគ្នា ។​

​នាង​បាន​បន្ថែម​ដែរ​ថា ​គ្មាន​អ្នកណា​អាច​កំណត់​បាន​ថា​ថ្ងៃស្អែក​នឹងមាន​អ្វី​កើតឡើង​នោះទេ ថ្ងៃនេះ​គេ ថ្ងៃស្អែក​ខ្ញុំ យើង​សុទ្ធតែ​ស្មាន​មិនត្រូវ​ពិតណាស់​វា​ពិបាក​ក្នុងការ​ហាមាត់​ហៅ​ម្ដាយ​របស់ខ្លួន​ថា​ជា​ជនល្មើស ខ្ញុំ​ក៏​ឈឺចាប់​មិនតិច​ដែរ។ ថ្ងៃនេះ​ជា​ថ្ងៃទី​ពីរ​ដែល​នាង​ខ្ញុំ​បានដាក់​បាត​ឧទិស​កុសលផល​បុណ្យ​ជូន​ដល់​អ្នក​ដែល​បាន​ស្លាប់ ជំនួស​ម្ដាយ​របស់ខ្ញុំ​ដែរ៕

Related posts