ភាពយន្ត​ខ្នាត​ធំ​រឿង លោកឪពុក ប្រជុំ​ដោយ​តារា​ទសវត្សរ៍​ឆ្នាំ​៨០-៩០​ និង​តារា​ល្បីៗ​ជំនាន់​ក្រោយ

ភ្នំពេញ​ ៖ ​ទីបំផុត​ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​ផលិតកម្ម​មហាហង្ស​រឿង លោកឪពុក ដែលជា​ខ្សែភាពយន្ត​ដែលមាន​ការឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម​បច្ចុប្បន្ន​អំពី​គុណ​ឪពុក​ ត្រូវ​បានប្រកាស​បើកសម្ពោធ​ជា​ផ្លូវការ​កាលពី​រាត្រី​ថ្ងៃទី​០៧ ខែតុលា​ឆ្នាំ​២០១៩​ម្សិលមិញ ​ស្ថិតនៅ​ផ្សា​ទំនើប​អ៊ី​អន​១​ដោយមាន​ការចូលរួម​ពី​សំណាក់​ភ្ញៀវកិត្តិយស​និង​តារា​ប្រុស​-​ស្រី​ល្បីៗ​មួយចំនួន។

បើតាម​ការបញ្ជាក់​ពី​លោក អ៊ិន សុ​ភិន និយាយ​ឲ្យ​ដឹងថា​ ខ្សែភាពយន្ត​រឿង លោកឪពុក គឺជា​ខ្សែភាពយន្ត​ដែលមាន​ការឆ្លុះបញ្ចាំង​ពី​ត​ថ​ភាព​សង្គម​បច្ចុប្បន្ន​អំពី​គុណ​ឪពុក​ដែល​លោក​ហ៊ាន​ពាក់​លី​បូជាជីវិត លះបង់​អាយុសង្ខារ សាច់​ញើស​ឈាម ពេលវេលា សុខភាព កិត្តិយស​ឥត​អៀនខ្មាស​ដើម្បី​កូនៗ​គ្រប់រូប​ធ្វើ​ឲ្យ​គុណសម្បត្តិ​របស់​ឪពុក​ខ្ពស់​ឧ​ត្ត​ម​គ្មានអ្វី​ប្រៀបធៀប​ផ្ទឹម​បានឡើយ។

លោក​បន្តទៀតថា ​រឿង លោកឪពុក បាន​ចំណាយពេល​ថត​អស់​រយៈពេល​១​ឆ្នាំ​គត់ ​បើ​គិត​ត្រឹម​ថ្ងៃ​សម្ពោធ​ និង​ចាក់​បញ្ចាំង​នេះ​ ខណៈដែល​ការថត​គឺមាន​ការ​លំបាក​ច្រើន​ ព្រោះ​តម្រូវ​តាម​ការ​កត់​ពេលវេលា​របស់លោក យស បូ​វណ្ណៈ ដែល​គាត់​មាន​ពេល​ត្រឹមតែ​១២​ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​ការថត​សម្តែង​ហេតុនេះ​ ទើប​ការប្រើ​ពេលវេលា​ថត​ហើយ​ប្លង់​ខ្លះ​ត្រូវ​កំណត់​តាម​នេះ​។​ ម្យ៉ាងទៀត​រាល់​បច្ចេកទេស​នៃ​ការថត​ត្រូវ​មានការ​ប្រុស​ប្រយ័ត្ន​ខ្ពស់​ទាំង​អ្នក​កាន់​កាមេរ៉ា​ថត​និង​អ្នកដឹកនាំ​សម្តែង​ជាដើម។

លោក អ៊ិន សុ​ភិន បញ្ជាក់ទៀតថា​ចំពោះ​ខ្សែភាពយន្ត​រឿង​បែប​មនោសញ្ចេតនា ទឹកចិត្ត​ឪពុក នេះ​គឺមាន​តួអង្គរ​សំខាន់ៗ​ចំនួន​៣​នាក់​ដែល​តួ​សម្តែង​ធ្វើជា​ឪពុក​ ខណៈ​រឿងនេះ​បាន​ឆ្លុះ​បញ្ចាំង​ពី​ទឹកចិត្ត​ឪពុក។ តួអង្គ​ប្រុស​សំខាន់​ដែល​សម្តែង​ជា​ឪពុក​នោះ​រួមមាន​៖​លោក ហម ឈ​រ៉ា ,​លោក ម៉េង សាវុធ និង​អតីត​តារា​សម្តែង​ជើងចាស់​លោក យស់ បូ​វណ្ណៈ។

រីឯ​តារា​ផ្សេងៗ​ទៀត រួមមាន​៖​អ្នកនាង ស្វែង សុជាតា និង​អ្នកនាង ភិន សុ​ដា​លី​ស ព្រមទាំង​តារា​ល្បីៗ​មួយចំនួនទៀត​។​ សូមបញ្ជាក់ថា​រឿងនេះ​នឹងត្រូវ​ចាក់​បញ្ចាំង​ផ្លូវការ​ចាប់ពី​ថ្ងៃទី​១០​ខែតុលា​ឆ្នាំ​២០១៩​ខាងមុខនេះ​តទៅ​នៅ​គ្រប់​បណ្តា​រោងកុន​ទូទាំង​រាជធានី​និង​តាម​បណ្តា​ខេត្ត​ផ្សេងៗ​៕​

Related posts