ភ្លឺ​ភ្នែក​ហើយ! ម៉េង កែវពេជ្ជតា​ ផ្ទុះ​ប្រតិកម្ម​ និង​ច្រានចោល​ដំណឹង​ផ្សះផ្សា​​គ្នា​ជាមួយ​ ច​ន ច័ន្ទ​លក្ខិណា

ភ្នំពេញ​ ៖​ បន្ទាប់​ពី​មាន​ការ​ចុះផ្សាយ​ និង​លើក​ឡើង​ថា ​តារា​ចម្រៀង​អ្នកនាង ម៉េង កែវពេជ្ជតា ដែលជា​ភាគី​ជម្លោះ​ស៊ីសាច់ហុតឈាម​គ្នា​ជាមួយ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ប្រធាន​សមាគម​សិល្បករ​ខ្មែរ​ផ្សះផ្សា​ត្រូវរ៉ូវ​គ្នា​វិញ​នោះ​ ក៏​ស្រាប​តែ​សាមីខ្លួន​អ្នកនាង ​ម៉េង កែវពេជ្ជតា ផ្ទុះ​ប្រតិកម្ម​លើ​ករណី​ចុះផ្សាយ​នេះ។

អ្នកនាង ម៉េង កែវពេជ្ជតា បាន​ថ្លែង​សារ​រៀបរាប់​ដូច្នេះ​ថា ​សោកស្តាយ​ផង សម្រាប់​រឿង​នេះ វា​មិនទាន់​ដូច​អ្វី​ដែល​មើល​ឃើញ​ទេ ព្រោះ​របួស​ដ៏​ជ្រៅ​ដល់​ឆ្អឹង ​ដែល​គេ​ជា​អ្នក​បង្ក​​លើ​ខ្លួន​ខ្ញុំ បងប្អូន​ខ្ញុំ កិត្តិយស​ឪពុកម្តាយ​ខ្ញុំ និង​លើ​ហ្វ៊ែ​ន​ ខ្ញុំ​ជាច្រើន​នាក់​នៅ​ឈឺ​នៅឡើយ មិនមែន​ត្រឹម​ស្ករ​មួយ​គ្រាប់​ឬ​ពីរ​ក៏​អាច​ផ្សះ​មុខ​បួស​អោយ​បិទ​ជិត​គ្មាន​ស្នាម​បាន​នោះទេ ខ្ញុំ​មិនមែន​កូនក្មេង​ទេ! ខ្ញុំ​មិន​មែន​ជា​មនុស្ស​គុំ។

អ្នកនាង ម៉េង កែវពេជ្ជតា បាន​បន្ថែមទៀតថា ​ខ្ញុំ​ចេះ​ធ្វើបុណ្យ ចេះ​យល់​ពី​ធម៌​អធ្យាស្រ័យ ក៏​ចេះ​ចង់បាន​មិត្ត​ជាង​សត្រូវ​ដែរ តែ​អ្វីដែល​ខ្ញុំ​បដិសេធ​នាពេលនេះ​ក៏​ព្រោះ​ខ្ញុំ​មិនទាន់​អាច​ភ្លេច ហើយក៏​មិន​ហ៊ាន​ជឿជាក់។ សូម​បងប្អូន​កុំអាល​យល់​ច្រឡំ​តាម​ការ​ប្រឌិត​ចង់​យក​មុខមាត់​នោះ​អី។ បើ​គ្រាន់តែ​ឈរ​ថត​រួច​បន្លំ​ថា​រួច​គ្នា​នោះ​ គេ​មិនបាច់​បង្កើត​ពាក្យ សូមទោស ធ្វើ​អី​នោះទេ។ ខ្ញុំ​មិនមែនជា​អ្នក​ផ្តើម​ក៏​មិនបាន​ចូលរួម​ជេរ​នរណា​របៀប​បាត​ផ្សារ​ដែរ​សម្តី​ខ្ញុំ​ថ្លៃថ្នូរ​ជា​ដរាប​ទោះបី​ពេលនោះ គេ​និង​បក្សពួក​បាន​ជេរប្រមាថ​ខាង​ខ្ញុំ​ដោយ​សម្តី​ពាល​យ៉ាងណាក៏ដោយ។

តារាចម្រៀង​អ្នកនា ម៉េង កែវពេជ្ជតា បាន​បន្តថា​ បងស្រី ក្មួយៗ​ខ្ញុំ​ត្រូវ​ពួកគេ​ជេរ​បញ្ចោរ​កប់ៗ​មាត់​, ហ្វ៊ែ​ន​ខ្ញុំ​ត្រូវ​ពួកគេ​ជេរប្រទេច​ដល់​ឪពុកម្តាយ។ ខ្ញុំ​ត្រូវគេ​ប្រឹង​មួលបង្កាច់​បំណង​អោយ​ជាប់គុគ គេ​លើកយក​បទ​ចម្រៀង​ឈ្មោះ សុំ​ដៀល​ស្រី​ម្នាក់ ថា​ជា​រឿង​របស់ខ្ញុំ​ទាំង​ដែល​ចម្រៀង​នោះគេ​ច្រៀង​តែ​គេ​តាំងពី​ឆ្នាំ​១៩៩០-១៩៩១ មិន​ទាក់ទង​ដល់​ការ​លែងលះ​របស់ខ្ញុំ​ឆ្នាំ​២០១០​សោះ។ ខ្ញុំ​ត្រូវគេ​ចំអក​ថា​ជួល​ហ្វ៊ែ​ន​ទៅ​ហ៊ោរ​តាម Concert នានា​ដែល​ទាំង​ខ្ញុំ​និង​ហ្វ៊ែ​ន​មិន​បានដឹង​ពី​របៀបនេះ​ផង។ គ្រាមួយ​ក្រោយ​ការបោះឆ្នោត ឆ្លៀត​ពេលដែល​ពួក​អ្នក​ឆ្លៀតឱកាស​នយោបាយ​ជេរ​ខ្ញុំ ក្រុម​គេ​ក៏បាន​បន្លំ​ខ្លួន​បែងភាគ​ចូលមក​ជេរ​ខ្ញុំ​ដែរ ។ នៅមាន​ព័ត៌មាន​ជាច្រើន​ទៀត​ដែល​ខ្ញុំ​ប្រមូលបាន។

សរុបទៅ​រឿង​ល្អ​មិនទាន់​កើតមាន​ទេ សូម​ឈប់​យក​ខ្ញុំ​ទៅលេង​សើច ឈប់​យក​ខ្ញុំ​ទៅប្រើ​ប្រាស់​ដើម្បី​ប្រយោជន៍​ខ្លួន​ទៀត​ទៅ ! មាន​សួរ​ខ្ញុំ​ទេ​ថាបើ​ខ្ញុំ​លើកលែង តើ​ឪពុកម្តាយ បងប្អូន និង​ហ្វ៊ែ​ន​របស់ខ្ញុំ​គាត់​ព្រម​ដែរ​ឬ​អត់ ? ត្រឹមតែ​រូបថត​ប៉ុណ្ណេះ មាន​អ្នកខ្លះ​ឈប់​លេង​ចូល​ខ្ញុំ​ទៅហើយ ព្រោះ​គេ​ស្មានថា​ខ្ញុំ​ព្រម​លេង​បាយឡុកបាយឡ​ជាមួយ​គេ​វិញ ! បាន​ហើយ​ខ្ញុំ​មិនបាន​ដេក​រំពឹង​លើ​ការ​សូមទោស​ពី​នរណា​ទេ ខ្ញុំ​រវល់​ណាស់ ! ខ្ញុំ​ទើប​ធ្វើបុណ្យ​បច្ច័យ​បួន កតញ្ញូ កតវេទី រាប់បាត្រ​ព្រះសង្ឃ​១៦៨​អង្គ និង​ចែកទាន​រួច សូម​អនុមោទនា​ណា​បងប្អូន​។​អ្នកនាង ម៉េង កែវពេជ្ជតា បន្ថែម៕

Related posts