មហា​ទើស​​ម៉ៃ សុគន្ធ ស្ងាត់​មួយ​រយៈ ​ស្រាប់តែ​ស្កាត់​ជួប​កុមារ​ជាង​២០០​នាក់​នៅ​ខេត្ត​ប៉ៃលិន

ភ្នំពេញ ​៖​ តារា​ចម្រៀង​ជាប់​ងារ​ជា​មហា​ទើស​ពូក​កែ​ខាង​រិះគន់​មិន​យល់មុខ​លោក ម៉ៃ សុគន្ធ បើ​សង្កេតឃើញ​ឃើញ​មួយ​រយៈ​ចុងក្រោយ​នេះ​ ហាក់​មាន​ភាព​ស្ងប់ស្ងាត់​ប​ន្តិ​ច​ក្នុង​ការ​បញ្ចេញ​មតិ​រិះគន់​នៅ​លើ​បណ្តាញ​សង្គម​ ចំណែក​ឯ​ចម្រៀង​របស់​លោក​គឺ​នៅតែ​មាន​ដំណើរការ​​ចរាចរណ៍​ថ្មីៗ​ជា​បន្តបន្ទាប់​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​គួរ​ឲ្យ​កត់សម្គាល់។

ស្រប​ពេលដែល​ការរិះគន់​ហាក់​ស្ងាត់​បន្តិច​ជាមុន​នោះ ​ក៏​ស្រាប់តែ​លេច​វត្តមាន​តារាចម្រៀង​ម្ចាស់​បទ គូទ​ឆ្កែ លោក ម៉ៃ សុគន្ធ បង្ហាញខ្លួន​ក្នុង​សកម្មភាព​មនុស្សធម៌​ចែករំលែក​សម្ភារៈ​សិក្សា​ជួយ​ដល់​ក្មេងៗ​ជាច្រើន​នាក់​ ស្ថិតនៅ​តំបន់​ដាច់ស្រយាល​នៃ​ខេត្ត​ប៉ៃលិន​។​ សកម្មភាព​នេះ​បានធ្វើ​ឲ្យ​មហាជន​និង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួនធំ​ងា​ក់មក​ចាប់អារម្មណ៍​សរសើរ​ពី​ទឹកចិត្ត​របស់​តារា​ប្រុស​លោក ម៉ៃ សុគន្ធ។

នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក ម៉ៃ សុគន្ធ នា​ព្រឹក​ថ្ងៃទី​០៤ ខែធ្នូ​ឆ្នាំ​២០១៩​នេះ ​បាន​បង្ហោះ​ភ្ជាប់​ជាមួយ​រូបភាព​ជាច្រើន​ស​ន្លឹ​ក​ម​ក​ថា មក​ចែក​សម្ភារៈ​សិក្សា ដល់​ប្អូនៗ​ទីទាល់ក្រ​នៅ​ខេត្ត ប៉ៃ លិ​ន ក្រោម​ការឧបត្ថម្ភ​ពី​បងប្អូន​ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី​ជួយ​កសាង​អគារ​និង​បណ្ណាល័យ​សិក្សា។

លោក ម៉ៃ សុគន្ធ បាន​ប្រាប់​គេហទំព័រ​Kh Stars ឲ្យ​ដឹង​ទៀតថា ​លោក​ពិតជា​បាន​ចូលរួម​ចែក​សម្ភារៈ​សិក្សា​ដល់​ក្មេងៗ​ប្រមាណ​ជាង​២០០​នាក់​ស្ថិតនៅ​សាលារៀន​ឆ្ងាយ​ពី​ទី​រួម​ខេត្ត​ប៉ៃលិន​តាមរយៈ​សប្បុរស​ជន​មកពី​អូ​ស្រា​លី​មែន​។​ក្នុងនោះដែរ​ក៏មាន​ការចែក​សម្ភារៈ​សិក្សា​ដូចជា​៖ សៀវភៅ ប៊ិច ខ្មៅ​ដៃ នុំចំណី និង​ថវិកា​៥០០០​រៀល​ក្នុង​ម្នាក់ៗ​ផងដែរ។

លោក ម៉ៃ សុគន្ធ បន្ថែម​ថា ​នា​ឱកាស​នោះ​ដែរ​ សប្បុរសជន​មកពី​អូស្ត្រាលី​ ក៏បាន​សន្យា​ជួយ​សាងសង់​អគារ​សិក្សា ​និង​បណ្ណាល័យ​សម្រាប់​ជួយ​សម្រួល​ដល់​ការសិក្សា​របស់​ប្អូនៗ​ ដែល​កំពុង​រស់នៅ​តំបន់​នោះ។ តាមរយៈ​សកម្មភាព​នេះដែរ​ បានធ្វើ​ឲ្យ​ទស្សនិកជន​ជាច្រើន​បង្ហាញ​ការ​គាំទ្រ​និង​លើក​សរសើរ​លោក ម៉ៃ សុគន្ធ ក្នុង​សកម្មភាព​មនុស្សធម៌​គ្រប់គ្នា៕

Related posts