មាន សូនីតា សឹង​មិន​ជឿ​ខ្លួន​ឯង ក្រោយ​សម្រេច​ក្ដី​ស្រមៃ​កាលពី​វ័យ​កុមារ

ភ្នំពេញ ៖ ​រាជិនី​ក្រមា​កញ្ញា ​មាន សូនីតា ​សឹង​មិន​ជឿ​ខ្លួន​ឯង​នោះ​ឡើយ ​ក្រោយ​ពេល​រូប​នាង ​មាន​ឱកាស​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្លួន ​ដែល​ប្រាថ្នា​តាំង​ពី​វ័យ​កុមារ ​គឺ​ចូល​ក្រាប​ថ្វាយ​បង្គំ​គាល់​ព្រះ​មហាក្សត្រ​ខ្មែរ​នោះ។

តារា​សម្ដែង​មាន​ សូនីតា ​បង្ហោះ​សារ​ជាមួយ​នឹង​អារម្មណ៍​រំភើប​បែប​នេះ​ថា «សឹងតែ​មិន​ជឿ​ថា​ នេះ​ជា​ការ​ពិត ធ្លាប់តែ​ប៉ង​ក្នុង​ចិត្ត តាំងតែ​ពី​វ័យ​កុមារ ឥឡូវនេះ​ក្តី​សុបិន​បាន​សម្រេច​ហើយ។ ជា​មហា​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់បំផុត​របស់ខ្ញុំ​ម្ចាស់ បាន​ចូលគាល់ និង​ថ្វាយ​ក្រមា​ពី​ផ្ទះ​ស្រលាញ់ ចំនួន​​​២០០០​ក្រមា ថ្វាយ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង និង សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ»។

តារា​សម្ដែង​មាន​ប្រជាប្រិយភាព​រូប​នេះ ​បន្ត​ថា «ខ្ញុំម្ចាស់​សូម​ថ្វាយព្រះពរ ព្រះករុណា ជា​អម្ចាស់​ជីវិត​តម្កល់​​លើ​​ត្បូង និង សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ ខ្ញុំម្ចាស់ សូម​បរម​រាជានុញ្ញាត​ក្រាប​ថ្វាយព្រះពរ​ព្រះអង្គ​ទាំង​ទ្វេ​ទ្រង់​ជួបប្រទះ​តែ​វិបុល​សុខ​មហា​​ប្រសើរ​គ្រប់ប្រការ ព្រះរាជ​សុខភាព​ល្អ ព្រះរាជ​បញ្ញា​ភ្លឺ​ថ្លា ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ស្តេច​គង់​ជា​ម្លប់​ដ៏​ត្រជាក់​នៃ​អាណាប្រជានុរាស្ត្រ​ទាំងឡាយ​នៃ​ព្រះ​នគរ»។

ដោយ​រំភើប​ខ្លាំង​ពេក ​តារា​សម្ដែង​រូប​នេះ ​ក៏​បន្ត​បង្ហោះ​សារ​ទៀត​ថា «ជា​មហា​កិត្តិយស​ដ៏​ខ្ពង់​ខ្ពស់បំផុត​របស់ខ្ញុំ​ម្ចាស់ បាន​ចូលគាល់ និង​ថ្វាយ​ក្រមា​ពី​ផ្ទះ​ស្រលាញ់ ចំនួន ២០០០​ក្រមា ថ្វាយ​ព្រះករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង និង សម្តេចព្រះ​វររាជ​មាតា​ជាតិខ្មែរ ដោយផ្ទាល់​ក្នុង​ព្រះរាជ​សវនាការ​នាម​ហា​ប្រាសាទ​ខេមរិន្ទ្រ ព្រះបរមរាជវាំង ទីក្រុង​ភ្នំពេញ»។

តារា​សម្ដែង​រូប​នេះ ​បង្ហាញ​ពី​អារម្មណ៍​រំភើប​ទៀត​ថា «ក្តី​រំភើប​រំជួល​ចិត្តបាន​​កើត​ឡើង​រួមទាំង​សេចក្ដី​ភ័យ​ផង ហាក់​ដូចជា​សុបិន​មួយ​ ដែល​ក្លាយ​ជា​ការពិត សំខាន់​ខ្ញុំម្ចាស់ ធ្លាប់​ប៉ងប្រាថ្នា​ជា​យូរ​មក​​ហើយ​ មិន​ស្មានថា​ថ្ងៃនេះ​ខ្ញុំម្ចាស់​មាន​វាសនា​បាន​ក្រាប​ទូល​ព្រះអង្គ​ដោយ​ផ្ទាល់​ក្នុង​ព្រះរាជ​សវនាការ​នា​មហាប្រាសាទ​ខេមរិន្ទ្រ ព្រះករុណា​ជា​អម្ចាស់​ជីវិត​​លើ​ត្បូង និង​សម្តេចព្រះ​មហាក្សត្រី ស្តេច​ទាំង​ទ្វេ​បាន​ប្រោស​ព្រះរាជទាន​ព្រះ​រាជានុញ្ញាត ដល់​ខ្ញុំម្ចាស់​ជា​ខ្ញុំ​អាច​ទូល​ថ្វាយ​ព្រះអង្គ​ទាំង​ទ្វេ​នូវ​សកម្មភាព​ការងារ​របស់ខ្ញុំ​ម្ចាស់​នា​ពេល​កន្លង​មក​ដោយ​ទទួល​យ៉ាង​កក់ក្តៅ»៕

Related posts