ភ្នំពេញ ៖ អតីតបេក្ខភាពប្រឡងកម្មវិធី X Factor របស់ស្ថានីយទូរទស្សន៍ហង្សមាសលោក ចាន់ គូមែន ថ្មីៗនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន ដោយក្នុងនោះគេសង្កេតឃើញ លោកក៏បានថតកៀកជិតស្និទ្ធជាមួយតារាស្រីរៀមច្បងកញ្ញា សុខ ពិសី ភ្ជាប់ជាមួយប្រយោគមួយឃ្លាខ្លីមានន័យគួរឲ្យចាប់អារម្មណ៍។
ជាការកត់សម្គាល់លោក ចាន់ គូមែន ថ្វីត្បិតតែមិនជាប់ជាម្ចាស់ជ័យលាភីក្នុងការប្រឡងក៏ពិតមែនតែបើតាមការសង្កេត ក្រោយពេលបញ្ចប់ការប្រឡងកម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor ចាន់ គូមែន គឺមានសន្ទុះទីផ្សារគាំទ្រនិងប្រជាប្រិយភាពច្រើនគួរសម។
ភាពលេចធ្លោរបស់តារាចម្រៀងលោកចាន់ គូមែន នេះហើយ ទើបធ្វើឲ្យបេក្ខភាពរូបនេះកាន់តែមានឱកាសទីផ្សារចម្រៀងនៅតាមកម្មវិធីប្រគំតន្ត្រីនានា ដែលអាចរកប្រាក់ចំណូលបានខ្ពស់ពីការឡើងឆាកម្តងៗ។
ចាប់អារម្មណ៍មកមើលនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ចាន់ គូមែន ថ្មីៗនេះ បានបង្ហោះរូបភាពអនុស្សាវរីយ៍ជាច្រើនសន្លឹកដោយក្នុងនោះគឺមាន១សន្លឹកដែលថតកៀកស្និទ្ធជាមួយរៀមច្បងកញ្ញា សុខ ពិសី បង្កការចាប់អារម្មណ៍គាំទ្រពីសំណាក់ទស្សនិកជនគ្រប់គ្នា។ លើសពីតែប៉ុណ្ណោះ ចាន់ គូមែន ក៏បានពោលពាក្យដោយខ្លីថា បានជួបរៀមច្បង សប្បាយៗ។
តាមរយៈរូបភាពនេះ បានធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រជាច្រើននាំគ្នាសរសើរហើយលើកឡើងថា ចាន់ គូមែន ពិតជាអតីតបេក្ខភាពប្រឡងកម្មវិធី X Factorដែលមានសមត្ថភាពច្រៀងបានពីរោះនិងមានភាពរួសរាយរាក់ទាក់ខ្លាំងគួរឲ្យសរសើរទឹកចិត្ត៕