ម្ចាស់​បទ ចង់​ប្តូរ​សង្សារ,​លោក លី ណា​កូ សូម​ត្រឹម​រាប់​គ្នា​ជា​មិត្តភក្តិ​ឬ​បងប្អូន​ក្រោយ​បែក​សង្សារ​ទាំង​អាល័យ

ភ្នំពេញ ​៖​ តារាចម្រៀង​Original Song​ម្ចាស់​បទ ចង់​ប្តូរ​សង្សារ លោក លី ណា​កូ ស្រប​ពេលដែល​អាជីព​សិល្បៈ​មួយរយៈ​ពេល​ចុងក្រោយ​ហាក់​មានការ​ស្ង់ស្ងាត់​ពី​ទីផ្សារ​ចម្រៀង​ពិតមែន តែ​ថ្មីៗ​នេះ​លោក​ក៏​ស្រាប់តែ​ផ្ទុះ​ការគាំទ្រ​ឡើងវិញ​ បន្ទាប់ពី​សម្រេច​ផលិត​បទ​Original Song និង​ល្បី​តាមរយៈ​បទ ចង់​ប្តូរ​សង្សារ។ នេះ​អាច​ចាត់ទុកថា​ទីផ្សារ​សិល្បៈ​របស់លោក​ចាប់ផ្តើម​កម្រើក​ឡើងវិញ​ផងដែរ​។​

ទន្ទឹមពេល​ជាមួយគ្នា​ដែល​ទីផ្សារ​ហាក់​មាន​ដង្ហើម​ឡើងវិញ​ តារា​ប្រុស​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្តបាត់ដំបង​លោក លី ណា​កូ ក៏​ស្រាប់តែ​ផ្ទុះ​នូវ​រឿងរ៉ាវ​អាស្រូវ​បែកបាក់​ស្នេហា​ជាមួយ​នារី​ស្រស់ស្អាត​ម្នាក់​ ដែលជា​សង្សារ​ស្រលាញ់គ្នា​មាន​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ​រហូត​ធ្វើ​ឲ្យ​លោក​ឈឺចិត្ត​ស្អិត​ទ្រូង​ទម្លាយ​សារ​ចេញពី​ចិត្ត​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​សាធារណៈ​កាលពី​ថ្ងៃទី​០៧ ខែតុលា​បង្ក​ការចាប់អារម្មណ៍​និង​ភ្ញាក់ផ្អើល​ចំពោះ​អ្នកគាំទ្រ​ស្ទើរ​គ្រប់គ្នា។

ផ្អែក​តាម​សំណេរ​សរសេរ​រៀបរាប់​ចេះ​ពី​ដូង​ចិត្ត​ក្នុងនាម​បុរស​ស្មោះ​ស្នេហ៍​លោក លី ណា​កូ បានលើកឡើង​ថា​ នេះ​ជា​ពាក្យ​ចុងក្រោយ​ដែរ​ខ្ញុំ​បង្ហោះ កុំអោយ​បងប្អូន​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​តាម​សួរ និង​កុំអោយ​គាត់​នៅ​ឆ្ងល់​អញ្ចឹង ​ពេលនេះ​ខ្ញុំ​បានបញ្ជាក់​ច្បាស់​ហើយ និង​សង្ឃឹមថា​បងប្អូន​នឹង​ឈប់​សួរ​និង​ឈប់​ឆ្ងល់​ទៀត​។​ខ្ញុំ​អគុណ​បងប្អូន​ដែល​តែងតែ​លើកទឹកចិត្ត​…..! ណ្ហើយ​បង​ពិតជា​សោកស្ដាយ​នៅពេល​វេលា​រយៈពេល​មួយឆ្នាំ​នេះដែរ​យើង​បាន​សាង​អនុស្សាវរីយ៍​ជាមួយគ្នា​ជាច្រើន។

លោក លី ណា​កូ បាន​បន្តថា​ ក្នុងនោះ​មានរឿង​ផ្សេងៗ​គ្នា​ជាច្រើន​ក៏ដោយ ក៏​យើង​ទាំងពីរ​នាក់​ធ្លាប់​ជួប​ដែរ មិន​ថា​រឿង​ល្អ និង​រឿង​អាក្រក់ ក៏​ពួកយើង​ស៊ូ​ហើយ​កាន់​ដៃ​គ្នា​ជម្នះ​គ្រប់​ឧបសគ្គ​តូចធំ​ទាំងអស់​មក​ដែរ មិន​ខ្លាច មិន​រុញរា ទោះ​ក្ដៅ ទោះ​រងា​ ទោះ​ភ្លៀង​ខ្លាំង ឬក៏​តិច​ទូច​ក៏​ពួក​យើង​ទាំងពីរ​នាក់​មិន​ដែល​រអ៊ូ​ដែរ​ព្រោះតែ​ក្ដី​ស្រលាញ់​ ហើយ​ពេល​មាន​ជំងឺ​ឈឺ​ថ្កាត់​ក៏​ពួក​យើង​ទាំងពីរ​នាក់​មិន​ដែរ​ទុក​គ្នា​ចោល​ដែរ មិន​ថា​យប់​ឬក៏​ថ្ងៃ​ឡើយ គឺ​ពួក​យើង​ទាំងពីរ​នៅ​អារម្មណ៍​គ្នា​ជានិច្ច​មិនដែល​ទុក​គ្នា​ចោល​ឡើយ។

តារាចម្រៀង​ប្រុស​រូបនេះ​និយាយទៀតថា ​ក្នុងនោះ​យើង​ទាំងពីរ​នាក់​ក៏មាន​ពេលខ្លះ ឈ្លោះ​គ្នា ប្រកាន់​គ្នា ប្រចណ្ឌ​គ្នា ចោទ​គ្នា យល់ច្រឡំ​លើ​គ្នា​ទៅវិញទៅមក រហូតដល់​ពួកយើង​លែង​ទុកចិត្ត​គ្នា​រហូត​ទាល់តែ​បែក​គ្នា​។​ សម្រាប់​ខ្ញុំ​គឺ​វា​ពិបាក​ទទួល​ណាស់​ពាក្យ​ថា​បែក​គ្នា​នឹង​គឺ​ឈឺ​ហើយ​និយាយ​មិន​ចេញ​ទេ តែ​ទោះជា​ឈឺ​យ៉ាងណា​ក៏​រឿង​នឹង​វា​មិនអាច​ដូចដើម​បានទេ​( តែ​ចុងក្រោយ​បើ​យើង​ទាំងពីរ​នាក់​បាន​បញ្ចា​ប់​ឬក៏​បែក​គ្នា​ហើយ ក៏​បែក​ទៅ​ចុះ )​តែ​ខ្ញុំ​សង្ឃឹមថា​អ្នកនឹង​បាន​សុខ។

បន្ថែម​ពីលើ​នេះ ​តារា​ប្រុស​សង្ហា​លោក លី ណា​កូ បានលើកឡើង​ថា បើ​សិន​ជា​អាច យើង​កុំ​ស្អប់​គ្នា​អី បើ​មិនអាច​ក្លាយជា​គូរ​អនាគត​នឹង​គ្នា​បាន ក៏​សូម​ត្រឹមតែ​កុំ​ស្អប់​គ្នា ហើយ​រាប់អាន​គ្នា ជា​បងប្អូន​ឬ​មិត្តភក្ដិ​ក៏បាន ខ្ញុំ​សូមទោស​រឿង​ដែរ​បាន​កើតឡើង​ទាំងអស់​។​ ទោះបីជា​មានការ​រៀបរាប់​ពី​វិបត្តិ​ស្នេហ៍​ដូចខាងលើ​នេះ​ក៏ពិតមែន​តែ​លោក លី ណា​កូ ពុំបាន​បញ្ចេញ​ទេ​ថា​នារី​ម្នាក់​ជានរ​ណា​គេ​នោះឡើយ៕


Related posts