រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង បញ្ជាក់​ជុំវិញ​រឿង​ដី​៤០​ហិកតា ដែល​អ្នក​រិះគន់​ថា រដ្ឋាភិបាល​លក់​ឲ្យ​យួន

កំពង់ឆ្នាំង ​៖ ​ក្រោយពី​មានការ​រិះគន់​ជា​បន្តបន្ទាប់ ពី​ផែនការ​បន្លាស់​ទី​ប្រជាពលរដ្ឋ​រស់នៅ​ផ្ទះ​បណ្តែត​ទឹក ឱ្យ​ទ្បើង​រស់នៅ​លើគោក​វិញ ដោយ ភ្ជាប់​ទៅ​នឹង​ដី ៤០​ហិកតា ដែល​អាជ្ញាធរ​ខេត្ត​រៀបចំ ដោយ​មជ្ឈដ្ឋាន​ខ្លះ​បាន​ចោទ​ប្រកាន់ថា រាជរដ្ឋាភិបាល​កាត់​ដី​ឱ្យ​យួន​នោះ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​កាល​ពី​ថ្ងៃទី​២៩ ​ខែ​វិច្ឆិកា​ ក៏បាន​ចេញ​សេចក្ដី​​​បញ្ជាក់​​ព័ត៌មាន​ជុំវិញ​រឿងនេះ។

អភិបាលរង​ខេត្ត​កំពង់ឆ្នាំង​លោក ស៊ុន សុវណ្ណារិទ្ធ ធ្លាប់​បាន​អះអាង​ប្រាប់​គេហទំព័រ​ក្នុងស្រុក​រួចហើយ​ថា ដី​ទំហំ ៤០​ហិកតារ ដែល​ត្រូវ​ផ្លាស់​ទី​អ្នក​រស់នៅ​លើ​ផ្ទះ​បណ្ដែត​ទឹក ឱ្យ​ឡើងគោក គឺជា​ដី​ជួល ដែល​មាន​ម្ចាស់​ឈ្មោះ​រស់ ចំរើន ជា​ជនជាតិ​ខ្មែរ មិនមែន​ចែក​ឱ្យ​ទទេ​ទេ។

​អភិបាលរង​ខេត្ត​រូបនេះ​ប្រាប់​អ្នកសារព័ត៌មាន​ទៀតថា ម្ចាស់​ដី ៤០ ហិកតា​ឈ្មោះ គាត់ រស់ ចំរើន គាត់​គឺជា​ជនជាតិខ្មែរ​។ វា​គឺជា​ការព្រមព្រៀង​គ្នា​រវាង​ម្ចាស់​ដី និង អ្នក​ជួល ហើយ​តម្លៃ​ប៉ុន្មាន វា​អាស្រ័យ​ទៅលើផ្ទះ​តូច ផ្ទះ​ធំ​។ រស់ ចំរើន គាត់​ជា​ជនជាតិខ្មែរ​មាន​អត្តសញ្ញាណប័ណ្ណ​ជា​ខ្មែរ​ត្រឹមត្រូវ​ពិតប្រាកដ​។ គ្មាន​អាជ្ញាធរ​ណា​ចេញ​លុយ​ឲ្យ (​ជនជាតិ​វៀត​ណា​ទេ​)​។ សម្រាប់​បងប្អូន​វៀតណាម​ដូច​ខ្ញុំ​បញ្ជាក់​អ៊ីចឹង​គឺ​អត់​មាន​ទេ (​សិទ្ធិ​កាន់កាប់​) ដោយសារ​ពួកគាត់​ជា​ជនអន្តោប្រវេសន៍​។ នៅពេល​គាត់​រស់នៅ​លើទឹក គាត់​ជា​អន្តោប្រវេសន៍ ពេល​នៅលើ​គោក គាត់​ក៏​នៅតែ​អន្តោប្រវេសន៍​ដែរ​»​។​

ចំណែក​របាយការណ៍​របស់​រ​ដ្ឋ​បាល​ខេត្តកំពង់ឆ្នាំង​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​សន្និសីទកាសែត​ឲ្យ​ដឹង​ថា ដី​នៅ​តំបន់​នោះ​ជា​ដី​របស់​ពលរដ្ឋ ហើយ​ពលរដ្ឋ​បាន​លក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​។ របាយការណ៍​បន្តថា រ​ដ្ឋ​បាល​ខេត្ត​ទទួលបាន​ផ្លូវ​សាធារណៈ ដី​សម្រាប់​សាងសង់​សាលារៀន និង​ដី​សម្រាប់​សាងសង់​មណ្ឌល​សុខភាព​ជាដើម​។ ឯ​ក្រុមហ៊ុន​ឯកជន​ទទួល​បាន​ប្រាក់ចំណេញ​ស្របច្បាប់ ចំណែក​ពលរដ្ឋ​ដែល​ត្រូវ​បំ​ផ្លាស់​ទី​ពី​ដង​ទន្លេ​ទៅ​រស់នៅក្នុង​តំបន់​នោះ អាច​ទិញ ឬ​ជួល​ដី​ក្នុងតម្លៃ​សមរម្យ​។​

​របាយការណ៍​បញ្ជាក់ថា ​៖ «​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រជាពលរដ្ឋ​ខ្មែរ​-​អ៊ិ​ស្លាម អាជ្ញាធរខេត្ត​បានរៀបចំ​ឲ្យ​ពួកគាត់​ទាំងអស់​ឡើងទៅ​ទីតាំង​ទីលំនៅ​តាម​ភូមិ និង​ឃុំ​របស់​ពួកគាត់​ដោយ​គ្រាន់តែ​ចល័ត​ពី​ក្នុង​ទន្លេ​ឡើងទៅ​លើគោក​។ អាជ្ញាធរ​រៀបចំ​ផ្លូវ ភ្លើង ទឹកស្អាត សាលារៀន មណ្ឌល​សុខភាព​ជូន​ពួកគាត់​តាម​ការជាក់ស្តែង​។ ដោយឡែក​អន្តោប្រវេសន៍​វៀតណាម​វិញ បើ​ពួកគាត់​ជា​អន្តោប្រវេសន៍​ស្របច្បាប់​អាច​រស់នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងនាម​ជា​ជនអន្តោប្រវេសន៍ រាជរដ្ឋាភិបាល ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរខេត្ត​ត្រូវតែ​គិតគូរ​ផ្តល់​លទ្ធភាព​ដល់​ការរស់នៅ​គ្រប់បែបយ៉ាង​ស្របតាម​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា និង​ច្បាប់​អន្តជាតិ​»​។​

​តាម​របាយការណ៍ ខេត្តកំពង់ឆ្នាំង អ្នករស់នៅ​ផ្ទះ​បណ្តែត​ទឹក​លើ​ដង​ទន្លេសាប សរុប​ទាំងអស់​មាន ៤៥៦៣ គ្រួសារ ក្នុងនោះ​មាន​ទាំង​ខ្មែរ ខ្មែរ​-​អ៊ិ​ស្លាម និង វៀតណាម​។ របាយការណ៍​បង្ហាញថា​ពលរដ្ឋ​ខ្មែរ​មាន ២ ០១០ គ្រួសារ​ស្មើនឹង ៩ ១៦៨ នាក់ ខ្មែរ​-​អ៊ិ​ស្លាម​មាន ៧៣ គ្រួសារ ស្មើនឹង ២៤២ នាក់​។ ឯ​វៀតណាម​មាន​ដល់​ទៅ ២ ៤៨០ គ្រួសារ​ស្មើនឹង ១០៣១១ នាក់។

​ដើម្បី​ឲ្យ​កាន់តែ​ច្បាស់​ជាង​នេះ​ទៅទៀត សូម​អាន​លម្អិត​នូវ​សេចក្ដីបញ្ជាក់​ព័ត៌មាន​របស់​អ្នកនាំពាក្យ​របស់​រដ្ឋបាល​ខេត្ត​កំពង់​ឆ្នាំ​ស្ដីពី​ផែនការ​បន្លាស់​ទី​របស់​ប្រជាពលរដ្ឋ​រស់នៅ​ផ្ទះ​បណ្ដែត​ទឹក​ឲ្យ​ឡើង​រស់នៅ​លើគោក​វិញ​ដូចខាងក្រោម​នេះ​៖

Related posts