រដ្ឋមន្ត្រី​ក្រសួង​ការងារ​ ប្រកាស​ឲ្យ​កម្មករ​និយោជិត​ឈប់សម្រាក​ចំនួន​៤​ថ្ងៃ​ ដើម្បី​ចូលរួម​អបអរ​ពិធីបុណ្យ​អុំទូក

ភ្នំពេញ​ ៖​ លោក បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រកាស​ឲ្យ​ថៅកែ​រោងចក្រ​ ឬ​ម្ចាស់​សហគ្រាស​គ្រឹះស្ថាន​ការងារ​ទាំងអស់​ ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​បាន​ឈប់សម្រាក​ទៅ​ចូលរួម​ពិធី​បុណ្យអុំទូក​បណ្តែតប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក​ដោយ​រក្សាទុក​ប្រាក់​ឈ្នួល និង​ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់​ដូច​ថ្ងៃ​ធម្មតា​។ ​នេះ​បើតាម​សេចក្តី​ជូន​ដំណឹង។

ផ្អែក​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ដែល​គេហទំព័រ​Kh Stars ទទួលបាន​កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩​បាន​បញ្ជាក់ថា ​សម្រាប់​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង អកអំបុក​នៅ​ឆ្នាំនេះ ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ តម្រូវ​ឲ្យ​កម្មករនិយោជិត បាន​ឈប់សម្រាក​ចំនួន​៤​ថ្ងៃ គឺ​ថ្ងៃទី​១០​ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ ជំនួស​ឲ្យ​ថ្ងៃទី​១០​ដែល​ត្រូវចំ​ថ្ងៃអាទិត្យ។

នៅក្នុង​សេចក្តីប្រកាស​ដដែល​បាន​បន្ត​ថាបើ​ក្នុងករណី​ចាំបាច់​បំផុត​ដែល​សហគ្រាស​គ្រឹះស្ថាន​មិនអាច​បញ្ឈប់​សកម្មភាព​របស់ខ្លួន​បាន​នៅក្នុង​ឱកាស​ពិធី​បុណ្យអុំទូក​បណ្តែតប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក​ខាងមុខនេះ​ម្ចាស់ និង​សហគ្រាស​គ្រឹះស្ថាន​ត្រូវ​សម្របសម្រួល​ជាមួយ​កម្មករនិយោជិត​ឲ្យ​មានការ​ស្ម័គ្រចិត្ត ព្រមទាំង​បែងចែក​ឲ្យ​មាន​ពេលវេលា និង​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ដោយ​ផ្លាស់ប្ដូរ​គ្នា​។​

លោក​បណ្ឌិត អ៊ិត សំហេង បាន​បញ្ជាក់ថា ចំពោះ​កម្មករនិយោជិត​ដែល​ធ្វើការ​នៅក្នុង​ថ្ងៃ​ឈប់​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ខាងមុខនេះ​នឹងមាន​សិទ្ធ​ទទួលបាន​នូវ​ប្រាក់​បំណាច់​បន្ថែម​ដែលមាន​ចំនួន​ស្មើនឹង​ប្រាក់​ឈ្នួល​ថ្ងៃ​ធ្វើការ​ធម្មតា​ដែរ​។​ថៅកែ​រោងចក្រ​សហគ្រាស​គ្រឹះស្ថាន​ការងារ​ទាំងអស់ នឹង​អនុញ្ញាត​ឲ្យ​កម្មករនិយោជិត​បាន​ឈប់សម្រាក​ដើម្បី​ឲ្យ​ពួកគេ​បាន​ដើរ​កម្សាន្ត ដោយ​សប្បាយរីករាយ​នៅក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក​ខាងមុខនេះ​។​

សូមបញ្ជាក់ថា​ព្រះរាជ​ពិធីបុណ្យ​អុំទូក​បណ្ដែត​ប្រទីប​សំពះ​ព្រះ​ខែ និង​អកអំបុក​នៅ​ឆ្នាំនេះ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១០, ១១ និង​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩​ខាងមុខនេះ៕

Related posts