សមាគម​សិល្បករ​ខ្មែរ ​ផ្ដល់​មេធាវី​ជួយ​រក​យុត្តិធម៌ ​និង​សំណង​ជូន​គ្រួសារ​នាយ ស្មាញ

ភ្នំពេញ ​៖ ​ខណៈ​ពេល​នេះ​ សំណង​រដ្ឋប្បវេណី​របស់​គ្រួសារ​នាយ ស្មាញ នៅ​មិន​ទាន់​មាន​ពន្លឺ​យុត្តិធម៌​ក្រោយពេល​រងគ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​(​នាយ ស្មាញ​) និង​របួសធ្ងន់​(​ប្រពន្ធ​)​ កាលពី​អំឡុងពេល​ចុងខែ​ធ្នូ​បំណាច់​ឆ្នាំ​២០១៩​នោះ​ លោក ហេង ឡុង បាន​ប្រកាស​ថា ​នៅ​ថ្ងៃ​ចន្ទ ទី​១៣ ខែមករា ឆ្នាំ​២០២០​នេះ ​សមាគម​នឹង​ផ្ដល់​ជូន​មេធាវី​ដើម្បី​ជួយ​​ពន្លឿន​ការ​ដោះស្រាយ។

លោក ហេង ឡុង បាន​បញ្ជាក់ថា ​បន្ទាប់ពី​នាយ ស្មាញ ត្រូវបាន​រថយន្តបុក​ស្លាប់ ​និង​ភរិយា​ដ៏​កម្សត់​របស់គាត់​របួស​ជើង​យ៉ាងធ្ងន់ធ្ងរ មកដល់​ថ្ងៃនេះ​ ជាង​១០​ថ្ងៃ​ហើយ មិនទាន់មាន​សំណង​រដ្ឋប្បវេណី​ណាមួយ​នៅឡើយ​ ក្នុងនាម​លោក​ជា​ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម សូម​អំពាវនាវ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​មេត្តា​ ជួយផ្ដល់​មេធាវី​ជូន​គ្រួសារ​គាត់​ផង។

លោក​បន្តទៀតថា ​គាត់​ជា​ស្ត្រី​ក្រីក្រ ​ដែល​ទាមទារ​ការជួយ​គាំពារ​ផ្នែក​ផ្លូវច្បាប់​ពី​មេធាវី ដើម្បី​ឈានទៅ​ទទួលបាន​យុត្តិធម៌​ទាំង​សំណង​រដ្ឋប្បវេណី និង​ព្រហ្មទណ្ឌ​។​ សូម​បងប្អូន​មេត្តាជួយ​ស៊ែរ​ចែករំលែក​អោយ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​បានឃើញ​ផង។

ដោយឡែក​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​លោក ហេង ឡុង ​ភរិយា​របស់​នាយ ស្មាញ បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ និង​ក្តុកក្តួល​ថា​ គិត​មកទល់ពេលនេះ​មាន​រយៈពេល​ជាង​១០​ថ្ងៃ​មកហើយ ​ដែល​អ្នកស្រី​កំពុង​សម្រាក​នៅលើ​គ្រែពេទ្យ​ក្រោយពី​ស្វាមី​នាយ ស្មាញ បានទទួល​មរណភាព​យ៉ាង​រន្ធត់។

ភរិយា​នាយ ស្មាញ បាន​បញ្ជាក់ថា​ ចំពោះ​សំណង​រហូតមកដល់​ថ្ងៃនេះ​នៅ​មិនទាន់បាន​ដោះស្រាយ​ពី​ជន​បង្ក​នៅឡើយ​ទេ។ ភរិយា​នាយ ស្មាញ ក៏បាន​អំពាវនាវ​ដល់​ប្រព័ន្ធ​ច្បាប់​ជួយ​​ពន្លឿន​ការ​ដោះស្រាយ​សំណង​ជូន​ដល់​គ្រួសារ​គាត់​ផងដែរ។

ក្រោយ​ពី​មាន​ការ​អំពាវនាវ​នោះ ​លោក​ហេង ឡុង ​បាន​បញ្ជាក់​ថា ​នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ ២០២០ លោកស្រី​មេធាវី​ពីររូប តំណាង​ឲ្យ​ឯកឧត្តម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​តេ​ជោ​សែន បាន​ជួប​ធ្វើការ​ជាមួយនឹង​ភរិយា​របស់​សព​នាយ ស្មាញ រួចរាល់​ហើយ នៅឯ​មន្ទីរពេទ្យ​លោកសង្ឃ។ខ្ញុំបាទ​តំណាងឱ្យ​ក្រុមគ្រួសារ​សព​នាយ ស្មាញ សូម​គោរព​ថ្លែងអំណរគុណ​ដល់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែល​បាន​បង្កើត​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​តេ​ជោ​សែន នេះ​ឡើង​សម្រាប់​ជួយ​ស្រោចស្រង់ និង​ផ្ដល់​យុត្តិធម៌​ជូន​ស្ត្រី​រងគ្រោះ​ក្រីក្រ ដែលមាន​សាខា​គ្រប់ ២៥​រាជធានី ខេត្ត។

គួរ​រម្លឹក​ថា​ នាយ ស្មាញ ​​ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បាត់បង់​ជីវិត​កាលពី​ល្ងាច​ថ្ងៃ​២៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ស្ថិត​នៅលើ​កំណាត់​ផ្លូវ​៦០​ម៉ែត្រ​ ក្នុងភូមិ​ទួល​រកា​០១​សង្កាត់​ចាក់អង្រែ​ក្រោម ​ខណ្ឌមានជ័យ៕

Related posts