សរសើរ​ទឹកចិត្ត! តារាចម្រៀង ម៉ូ​លីកា ឧបត្ថម្ភ​ថវិកា​៥០០​ដុល្លារ​ជួយ​តារា​ជើងចាស់ អ៊ឹម ផល្លា

ភ្នំពេញ​ ៖​ តារា​សម្តែង​ជើងចាស់​អ្នកស្រី អ៊ឹម ផល្លា ខណៈ​ថ្មីៗ​នេះ​ ត្រូវ​បាន​ម្ចាស់​ផ្ទះ​ជួល​ចាក់សោ​មិន​ឲ្យ​ចូល​ផ្ទះ ​ហើយ​ប៉ង​លោតទឹក​សម្លាប់​ខ្លួន​នោះ ​កាលពី​ថ្ងៃ​ទី​២៦ ខែ​តុលា​ ត្រូវបាន​តារា​ចម្រៀង​ស្រី​កញ្ញា ម៉ូ​លីកា ឧបត្ថម្ភ​ផ្ដល់​ថវិកា​ចំនួន​៥០០​ដុល្លារ​ ព្រមទាំង​សម្ភារៈ​មួយ​ចំនួន​ដល់​តារា​ជើងចាស់​កម្សត់​រូប​នេះ។

តារា​ស្រី​កញ្ញា ម៉ូ​លីកា បញ្ជាក់​ថា​ អ្នកស្រី​អ៊ឹម ផល្លា បាន​ទៅ​ទទួល​ថវិកា​ និង​សម្ភារៈ​នៅ​ហាង​រក្សា​​សម្រស់​របស់​នាង​ ដែលមាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​សាលា​ចតុមុខ សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។​ ចំពោះ​សម្ភារៈ​ដែល​តារា​​​សម្ដែង​ជើងចាស់​អ្នកស្រី អ៊ឹម ផល្លា អាយុ​៥៦​ឆ្នាំ​ទទួលបាន​គឺ​ទឹកប្រាក់​ចំនួន​៥០០​ដុល្លារ អង្ករ​២​ប៉ាវ , ត្រីខ​២​កេស និង​ទឹក​ផ្លែឈើ​២​កេស។

ការ​ផ្ដល់​ថវិកា​​ជូន​តារា​ជើងចាស់​អ្នកស្រី អ៊ឹម ផល្លា នៅពេលនេះ ​ត្រូវបាន ម៉ូ​លីកា បញ្ជាក់​ថា​ដោយសារតែ​នាង​មានការ​តក់ស្លុត​យ៉ាង​ខ្លាំង​នៅ​ពេល​ ដែល​ឃើញ​អ្នកស្រី​យំ​បង្ហូរទឹកភ្នែក ព្រោះតែ​បន្ទប់​ជួល​ត្រូវ​បាន​ម្ចាស់ផ្ទះ​ចាក់សោ​ជាប់​មិន​ឲ្យ​ចូល​ស្នាក់នៅ​ព្រោះតែ​ហេតុផល​គាត់​គ្មាន​លុយ​បង់ថ្លៃ​បន្ទប់​រយៈពេល​៣​ឬ​៤​ខែ​។​

ម៉ូ​លីកា បន្តថា នេះ​ជា​ទឹកចិត្ត​បន្តិច​បន្តូច​ដែល​នាង​អាចជួយ​សម្រាល​ការ​លំបាក​ដល់​អ្នកស្រី អ៊ឹម ផល្លា ទៅតាម​លទ្ធភាព​ដែល​នាង​មាន ហើយ​នាង​នឹង​បន្ដរ​សកម្មភាព​សប្បុរសធម៌​នេះ​តទៅទៀត។

តារា​សម្តែង​កញ្ញា​ម៉ូ​លីកា​បន្តទៀតថា​ ជាមួយគ្នា​នោះដែរ​អ្នកស្រី អ៊ឹម ផល្លា​បានបង្ហាញ​អារម្មណ៍​រំភើប​រីករាយ​ខ្លាំង​រហូត​រលេងរលោង​ទឹកភ្នែក​ ក្រោយ​ទទួល​ជំនួយ​ពី​កញ្ញា ម៉ូ​លីកា ព្រោះ​ទឹកប្រាក់​នោះ​អាច​សម្រួល​ដល់​ការ​លំបាក​របស់​អ្នកស្រី​បាន​មួយ​ផ្នែក ​ដែល​អាច​យកទៅ​បង់ថ្លៃ​បន្ទប់​ជួល និង​បានរស់នៅ​ជា​បន្ដទៅទៀត។ ពិសេស​នោះ​គឺ​អាចជួយ​សម្រួល​ដល់​ថ្លៃ​ចំណាយ​ប្រចាំថ្ងៃ​ផង​ដែរ​។​

សូម​​បញ្ជាក់ថា ​នេះ​ពុំមែន​ទើប​ជា​លើកទីមួយ​ឡើយ ​ដែល​អតីត​តារាចម្រៀង Rock កញ្ញា ម៉ូ​លីកា តែង​បង្ហាញ​នូវ​ទឹកចិត្ត​សប្បុរសធម៌​ចំពោះ​តារា​មាន​ជីវភាព​លំបាក​និង​ទាល់​ខ្លាំង​ដូចជា​មុន​នេះ ម៉ូ​លីកា ក៏បានផ្ដល់​ថវិកា​​ចំនួន​៥០០​ដុល្លារ​និង​សម្ភារៈ​មួយ​ចំនួន​ដល់​អតីត​បេក្ខភាព X Factor Cambodia​កញ្ញា លៀង ចាន់​ឡា ផងដែរ៕

Related posts