សហរដ្ឋ​អាមេរិក​ចេញ​បម្រាម​ផលិតផល​បារី​ចំហាយ​មាន​ក្លិនប្រហើរ​ហើយ ខណៈ​ករណី​ជំងឺ​សួត​កើនឡើង

រដ្ឋការ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក ដូ​ណា​ល់ ត្រាំ បានប្រកាស​កាលពី​ថ្ងៃ​ពុធ​ថា ខ្លួន​នឹងដាក់​ចេញ​បម្រាម​ឆាប់ៗ​នេះ អំពី​ផលិតផល​បារី​ចំហាយ​ដែលមាន​ក្លិនក្រអូប​ប្រសើរ e-cigarettes ដើម្បី​ទប់ទល់​នឹង​ការកើនឡើង​នូវ​អ្នក​ជក់​ជា​យុវវ័យ​អាស្រ័យ​ដោយសារតែ​ផលិតផល​ប្រភេទ​នេះ​ពាក់ព័ន្ធ​នឹង​ករណី​បាត់បង់​ជីវិត។

ការសម្រេច​បែបយ៉ាង​នេះ​គឺ​សំដៅ​ទៅលើ​ការហាមឃាត់​ប្រភេទ​បារី​ចំហាយ​នោះ​។ ថ្លែងប្រាប់​ទៅ​អ្នកសារព័ត៌មាន​នៅឯ​សេត​វិមាន​លោក​ប្រ​ធានា​ធីប​តី​បាន​និយាយថា ទាំង​រូបលោក​ព្រមទាំង​លោកជំទាវ​ស្រី​ទីមួយ Melania Trump សុទ្ធតែ​កើត​ក្តីបារម្ភ ខណៈ​ជា​មាតា បិតា របស់​កូនប្រុស​វ័យ​ជំទង់​ម្នាក់​អំពី​ការកើតមាន​ការស្លាប់​ដោយសារតែ​អាកា​រៈ​ជំងឺ​សួត​ធ្ងន់ធ្ងរ​ដែល​បានសម្លាប់​មនុស្ស​អស់​៦​នាក់​និង​រាប់រយ​នាក់​ទៀត​ធ្លាក់ខ្លួន​ឈឺ។

យោងតាម​ការចេញផ្សាយ​ដោយ​រដ្ឋមន្ត្រី​ទទួលបន្ទុក​ផ្នែក​សុខាភិបាល​និង​សេវាកម្ម​ថែទាំ​ព្យាបាល​មនុស្សលោក Alex Azar ដែល​ឆ្លើយតប​ទៅនឹង​សំណួរ​មួយ​អំពី​ការ​ចង់ដឹង​ពេលវេលា​កំណត់​ចុងក្រោយ​ក្នុងការ​ហាមប្រាម​ប្រភេទ​បារី​នេះ លោក​និយាយថា ទីភ្នាក់ងារ​របស់លោក (​ក្រសួងសុខាភិបាល​)​នឹងដាក់​ចេញ​នូវ​បម្រាម​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ខាងមុខនេះ។

លោក​បាន​ថ្លែងថា នៅពេល​ចេញ​ជា​បម្រាម​ហើយ​រាល់​គ្រប់​បារី e-cigarettes ដែលមាន​ក្លិនក្រអូប​ប្រហើរ​ព្រមទាំង​ប្រភេទ​បារី​ផ្សេងទៀត​ក្នុង​ទម្រង់​ដូចគ្នា​ដែរនោះ​នឹងត្រូវ​ដកចេញ​ទាំងស្រុង​ពី​ទីផ្សារ៕

Related posts

Leave a Comment