សុខ ជំនោរ ឆ្លើយតប ជុំវិញព័ត៌មាន​វ៉ាន់ នី​ឡា សម្ងំ​សម្រាលកូន

ភ្នំពេញ ៖ បងប្រុស​របស់​តារាចម្រៀង​នាង វ៉ាន់ នី​ឡា លោក សុខ ជំនោរ បានធ្វើ​ការបដិសេធ​ជុំវិញ​ព័ត៌មាន​ដែល​ចុះផ្សាយ​ថា វ៉ាន់ នី​ឡា សម្ងំ​សម្រាល​បានកូន​ម្នាក់ ខ​ណៈ​ពេលដែល​លោក​បានចាត់ទុក​ការផ្សាយ​នោះ​គ្រាន់តែ​ជាការ​ទាក់ទាញ​មហាជន​ចូល​អាន​តែប៉ុណ្ណោះ។

ការ​ចេញមក​បដិសេធ​ពី​លោក សុខ ជំនោរ នាពេលនេះ​ បានធ្វើ​ឡើង​បន្ទាប់ពី​មាន​សារព័ត៌មាន​នៅក្នុង​ស្រុក​មួយ​បានធ្វើការ​ចុះផ្សាយ​ថា វ៉ាន់ នី​ឡា បាន​សម្រាល​បានកូន​ម្នាក់​ហើយ។ ព័ត៌មាន​បាន​នេះ​បានធ្វើអោយ​មហាជន​សម្តែង​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង ស្រប​ពេលដែល វ៉ាន់ នី​ឡា បាន​ខកខាន​មិនបាន​ចេញមុខ​ក្នុង​សិ​ល្បៈអស់​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

យ៉ាងណាក៏ដោយ​ក្នុងនាម​ជា​បងប្រុស​លោក សុខ ជំនោរ បានធ្វើ​ការបដិសេធ​ជុំវិញ​ព័ត៌មាន​មួយ​នេះ និង​ចាត់ទុក​ការចុះផ្សាយ​នេះ​គឺ​បានធ្វើអោយ​អាប់ឱន​កិត្តិយស​របស់​ប្អូនស្រី​លោក​យ៉ាងខ្លាំង។ លោក សុខ ជំនោរ អះអាងថា ការចុះផ្សាយ​នេះ​អាចជា​ចេតនា ដើម្បី​ទាក់ទាញ​អ្នកអាន​អោយចូល​មើល​បាន​ច្រើន​ប៉ុណ្ណោះ ខ​ណៈ​ពេល​ប្អូនស្រី​របស់លោក​បាន​ឃ្លាតឆ្ងាយ​ពី​សិ​ល្បះ​មួយ​រយៈ​មកនេះ។ យ៉ាងណា​លោក​ មិនអាច​ហាមឃាត់​នូវ​ការ​ចុះផ្សាយ​នោះ​បាន​ទេ ប៉ុន្តែ​លោក​គ្រាន់តែ​ស្នើ​សុំអោយ​មហាជន​កុំ​មានការ​យល់ច្រឡំ​ពី​រឿង​មួយ​នេះ​។​

ដោយឡែក​ពាក់ព័ន្ធ​សិល្បៈ​វិញ​លោក សុខ ជំនោរ ដែលជា​បងប្រុស​របស់ វ៉ាន់ នី​ឡា បាន​អះអាងថា ប្អូនស្រី​របស់​លោក​បាន​ត្រៀមខ្លួន​រួចជាស្រេច​នៅក្នុង​ការចេញ​បទ​ច​ម្រៀង​ថ្មី​ប្លែក​ខុស​ពី​មុន។ លោក​បញ្ជាក់ថា គាត់​កំពុង​ពង្រឹង​ជំនួញ ខ្ញុំ​កំពុង​រៀប​ផែនការ​ផលិត​ចម្រៀង​អោយ​គាត់ អាច​ឆាប់ៗ​នេះ​ នឹង​ចេញ​បទ​ចម្រៀង ខ​ណៈ​ពេល​ទើប​ថត​MV​គាត់​៣​ថ្ងៃមុន​ចប់​២​បទ។

លោក​បន្ថែមថា វ៉ាន់ នី​ឡា នឹង​ច្រៀង​នៅក្នុង​ផលិតកម្ម​របស់គាត់​ផ្ទាល់​។​ដោយសារ​ខ្ញុំ​មិន​ឲ្យ​គាត់​ចូល​ផលិតកម្ម​ដទៃ​ទើប​យើង​ត្រូវការ​ពេលវេលា​ពង្រឹង​។ បើតាម​លោក សុខ ជំនោរ​ការ​ច្រៀង​លើក​នេះ​ខុសពី​លើក​មុន ព្រោះ​បរិបទ​ចម្រៀង​លែង​ដូច​៤-៥​ឆ្នាំមុន​ហើយ។

ទោះជា​យ៉ាងណា​លោក សុខ ជំនោរ សុំ​លាក់​ឈ្មោះ​ផលិត​របស់​វ៉ាន់ នី​ឡា សិន ដោត​ត្រូវ​រងចាំ​បទ​ចម្រៀង​របស់​នាង​ចេញ​ជា​ផ្លូវការ ប៉ុន្តែ​ប្អូនស្រី​របស់លោក​នឹងមិន​ចូល​ផលិតកម្ម​ចាស់​នោះឡើយ ដោយសារ​ទី​១​គាត់​ចប់​កុងត្រា ទី​២ គាត់​ចង់​ឯករាជ​ និង​ទី​៣ ខ្ញុំ​មានលទ្ធភាព​ផលិត​សម្រាប់​គាត់​បាន។

ជាការ​កត់សម្គាល់​អតីត​តារាចម្រៀង​ក្នុង​ផលិតកម្ម​ភ្លេង​រីខ​តនៃ​ក្រុមហ៊ុន​ហង្ស​មាស វ៉ាន់ នី​ឡា បាន​ឃ្លាតឆ្ងាយ​ពី​អាជីព​ចម្រៀង​អស់​ជាច្រើន​ឆ្នាំ បន្ទាប់​ទទួលរង​នូវ​រឿងអាស្រូវ​ពាក់ព័ន្ធ​នឹង​រូបអាក្រាត​តាម​បណ្តាញ​អ៊ី​ន​ធឺ​ណេ​ត។ តារា​រូបនេះ​បាន​សម្ងំ​លាក់ខ្លួន​ពួន​អាត្មា​មិនបាន​ចេញមុខ​ចេញ​មាត់​ទូលំទូលាយ​នោះឡើយ ដោយសារតែ​នាង​ហាក់​មានការ​អាម៉ាស់​ចំពោះ​រឿងរ៉ាវ​ដែល​បាន​កើតឡើង​នេះ៕

Related posts