ស្ងើចសរសើរ​ណាស់! ពី​ជីវិត​អ្នករត់​ម៉ូតូ​ឌុប​ រង​ការ​មាក់ងាយ​ពី​មនុស្ស​​​នៅ​ជុំវិញខ្លួន ​ក្លាយជា​ឧកញ៉ា​និងមាន​លុយ​ពេញដៃ

ភ្នំពេញ ​៖​ លោក​ភិរម្យ វិចិត្រ​ដា​រ៉ា ដំបូង​ឡើយ​ផ្តើម​ពី​ជីវិត​អ្នករត់ម៉ូតូឌុប​និង​ភាព​តស៊ូ​អត់ធ្មត់​ចំពោះ​ការ​មាក់ងាយ​ពី​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន​។​ ទាំងនេះហើយ​ធ្វើ​ឲ្យ​យុវជន​ម្នាក់​ហ៊ាន​លះបង់​កម្លាំងកាយ ​និង​កម្លាំងចិត្ត​ជម្នះ​រាល់​ឧបសគ្គ​ទាំងឡាយ​ ដែល​មាននៅ​ចំពោះមុខ រហូតមកដល់​ពេលនេះ ​បាន​ក្លាយខ្លួនជា​អគ្គនាយក​ក្រុមហ៊ុន​វិនិយោគ​មួយ​ដោយ​ផ្តោតលើ​វិស័យ​អចលនទ្រព្យ ដីធ្លី បានទទួល​ជោគជ័យរ​ហូត​ដល់​សព្វថ្ងៃនេះ។

នេះ​ពិតជា​ស្ងើចសរសើរ​ជាមួយនឹង​ខ្សែជីវិត​ពិត​របស់លោក ភិរម្យ វិចិត្រ​ដា​រ៉ា ដែល​មហាជន​ស្គាល់​គឺជា​បុគ្គល​ជោគជ័យ​ផ្នែក​អចលនទ្រព្យ​និង​ជា​សាស្ត្រាចារ្យ​ជំនាញ​លើ​អចលនទ្រព្យ​ល្បីឈ្មោះ​មួយ​ក្នុងប្រទេស​កម្ពុជា​។​ លោក​ត្រូវបាន​ព្រះមហាក្សត្រ​​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សព្វ​ព្រះរាជហឫទ័យ​ត្រាស់បង្គាប់​តែងតាំង​ជា​ឧកញ៉ា​កាលពី​ថ្ងៃទី​១១​ខែតុលា​ឆ្នាំ​២០១៩ នេះ។

បើតាម​ការរៀបរាប់​លោក ឧកញ៉ា ភិរម្យ វិចិត្រ​ដា​រ៉ា ជីវិត​ជា​អ្នករត់ម៉ូតូឌុប ដឹក​ភ្ញៀវ​នៅ​ព្រលានយន្តហោះ​ខេត្តសៀមរាប​ បាន​មួយឆ្នាំ​នៅក្នុង​អំឡុង​ឆ្នាំ​២០០៥ ក៏​ត្រឡប់មក​ភ្នំពេញ​វិញ​ប្រកបរ​បរជា​ជាងភ្លើង នៅ​កន្លែង​លក់​គ្រឿង​បរិក្ខារ​ពេទ្យ​មួយកន្លែង​។ ​ក្នុង​រយៈពេល​មួយឆ្នាំ​ជីវិត​ជា​អ្នករត់ម៉ូតូឌុប មិនអាច​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ល្អប្រសើរ​បានឡើយ​។ ម្យ៉ាងទៀត​ជា​អ្នក​នៅ​ទីក្រុង​ភ្នំពេញ​ផង​មិនអាច​សម្រប​ខ្លួន​ទៅតាម​អ្វីៗ​បាន​ភ្លាមៗ​នោះឡើយ ហើយ​ភាព​ស៊ី​វិ​ល័យ​នៅ​ខេត្តសៀមរាប មិនទាន់មាន​ការអភិវឌ្ឍ​​​ដូច​សព្វថ្ងៃ នេះ​ទេ។

លោក ភិរម្យ វិចិត្រ​ដា​រ៉ា បាន​និយាយ​ឲ្យ​ដឹងថា ​ជីវិត​របស់លោក​ទម្រាំ​មាន​ថ្ងៃនេះ​(​ក្លាយខ្លួនជា​អគ្គនាយក​ក្រុមហ៊ុន​)​លោក​បាន​ជួប​ឧបសគ្គ​ជាច្រើន​ទាំង​ភាពជោគជ័យ និង បរាជ័យ កក្តា​ទាំងនេះហើយ​បានធ្វើ​ឲ្យ​លោក​ចេះ​អភិវឌ្ឍន៍​ខ្លួន​តាមរយៈ​ការមើល​សៀវភៅ គួបផ្សំ​នឹង​បទពិសោធន៍​ដែល​ខ្លួន​មាន​ស្រាប់ ធ្វើ​ឲ្យ​ការងារ​មុខរបរ​សព្វថ្ងៃ​មាន​ភាពរលូន​ទៅមុខ​ជានិច្ច​។ អ្វីៗ​ដែល​កើតឡើង​ហើយ​យើង​ទទួលបាន​ជោគជ័យ​ដល់​ថ្ងៃនេះ គឺ​កើតចេញពី​កម្លាំង​ញើស​ឈាម​ខិតខំ​តស៊ូ​គ្រប់បែបយ៉ាង​ទម្រាំ​ឆ្លង​ផុត​ភាព លំបាក​ក្រខ្សត់​នៃ​ជីវិត បើ​គ្មាន​ការតស៊ូ​ជំនះ​គ្រប់​ឧបសគ្គ​ទេ យើង​មិនអាច​សម្រេច​គោលដៅ​និង​បំណង​របស់ខ្លួន​បានឡើយ យើង​មិនអាច អង្គុយ​ឈឺចាប់ នូវ​អ្វីៗ​ដែល​កំពុង​កើតឡើង​នៅក្នុង​ជីវិត​យើង​នោះទេ។

លោក​វិចិត្រ​ដា​រ៉ា បាន​បញ្ជាក់ថា ជា​ភ័ព្វសំណាង​ដោយសារ​ការសេព​គប់​ម​នុស្ស​ល្អៗ នៅក្នុង​សង្គម បានធ្វើ​ឲ្យ​លោក​មាន​ឱកាស​បើកមុខ​របរជំនួញ​មាន​លុយ​ផ្ទាល់ខ្លួន​តែ​៤០០​ដុល្លារ​និង​ខ្ចី​គេ​បន្ថែម​បាន​មួយចំនួនទៀត​ដើម្បី​បើក​អាជីវកម្ម​ខ្លួនឯង ដោយមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ជនជាតិ​ចិន ពេលនោះ​ហើយ​បានធ្វើ​ឲ្យ​លោក​មានឱកាស​ទៅ​ទិញ​គ្រឿង​សម្ភារៈ បរិក្ខារ​ពេទ្យធ្មេញ​ពី​ប្រទេស​ចិន មក​លក់​ឲ្យ​អតិថិជន​នៅ​រាជធានី​ភ្នំពេញ។​

លោក វិចិត្រ​ដា​រ៉ា បន្ថែមថា ចាប់​ពេល​នោះមក ធ្វើ​ឲ្យ​មុខ​ជំនួញ​របស់លោក​មាន​ដំណើរការ​ទៅមុខ​ជានិច្ច រហូត​មាន​លុយ​អាចបង្កើត​ក្រុមហ៊ុន​មួយ​ឈ្មោះ​ECC Reality ផ្តោតលើ​វិស័យ​អចលនទ្រព្យ វិនិយោគ​ដី​លំនៅដ្ឋាន។ លោក​ថា ផ្តើមចេញ​រកស៊ី​លើកដំបូង បាន​ជួប​ការបរាជ័យ​ពេលនោះ​ហើយ​ជីវិត​របស់លោក​បាត់បង់​កិត្តិយស មនុស្ស​ដែល​គេ​ធ្លាប់​ឲ្យ​តម្លៃ​គេ​លែង​ឲ្យ​តម្លៃ មានការ​មើលងាយ​ពី​មនុស្ស​នៅ​ជុំវិញ​ខ្លួន​គេ​លែង​រាប់អាន គេ​លែង​មើលមុខ​ពេលនោះ​ហើយ​ធ្វើ​ឲ្យ​ជីវិត​របស់​លោក​មានកា​រ​ឈឺចាប់។

លោ​ក​បន្តថា ​បញ្ហា​នេះ​ហើ​យ ​ទើប​ធ្វើ​ឲ្យ​លោក​សម្រេចចិត្ត​បើក​អាជីវកម្ម​ខ្លួនឯង​ដើម្បី​ធ្វើ​ម្ចាស់ការ​ខ្លួនឯង ដោយ​មើល​ឃើញថា បើ​ចង់​ជោគជ័យ​ត្រូវតែ​បើក ធ្វើ​អាជីវកម្ម​ខ្លួនឯង។ ការផ្តល់​តម្លៃ​លើ​ការទំនាក់ទំនង​និង​សេពគប់​បុគ្គល​ជោគជ័យ បាន​រុញច្រាន​ឲ្យ​លោក​ហ៊ាន​ផ្លាស់ប្តូរ​ពី​អ្នកធ្វើការ​ស៊ីប្រាក់ខែ​គេ​ងាក​មក​បើក​ជំនួញ វិញ​ម្តង​ខណៈ​មនុស្ស​មួយចំនួន​មិន​ហ៊ាន​ប្រថុយ ដោយ​ខ្លួនឯង​មាន​លុយ​តែ​៤០០​ដុល្លារ​តែប៉ុណ្ណោះ៕

Related posts