ស្តេច​ថៃ ​ដកតំណែង​អ្នក​ម្នាង​ ដោយសារ​មានគំនិត​ចង់​បំផ្លាញ​អគ្គ​មេ​ហេ​សី

ព្រះមហាក្សត្រ​ថៃ Maha Vajiralongkorn បាន​ដកហូត​តំណែង​ទាំង​អស់ពី​អ្នក​ម្នាង​របស់​ទ្រង់​ព្រះជន្ម​៣៤​វស្សា​សម្រាប់ “​ភាពមិនស្មោះត្រង់​” និង “​មហិច្ឆតា​” ក្នុងការ​ដណ្តើម​តំណែង​របស់​ព្រះមហាក្សត្រី​យា​នី។

អតីត​អង្គរក្ស​ឈ្មោះ Sineenat Wongvajirapakdi ដែល​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ហៅ​ក្រៅ​ថា “Koi” ត្រូវបាន​ប្រគល់​ងារ​នេះ​នៅ​ថ្ងៃ​បុណ្យចម្រើនព្រះជន្ម​គម្រប់​៦៧​ព្រះវស្សា​កាលពី​ថ្ងៃទី​២៨​ខែកក្កដា។

ប៉ុន្មាន​ថ្ងៃ​ក្រោយមក ព្រះបរមរាជវាំង​បាន​បញ្ចេញ​រូបភាព​របស់​ព្រះ​នាង Sineenat កាត់សក់​ខ្លី​ក្នុង​ឈុត​ប្រយុទ្ធ​ដោយ​បាញ់កាំភ្លើង បើក​យន្តហោះ​ចម្បាំង​និង​ត្រៀម​លោតឆ័ត្រ​យោង​ចេញពី​យន្តហោះ​ព្រមទាំង​កាន់​ព្រះហស្ត​របស់​ព្រះមហាក្សត្រ​ផងដែរ។

វា​គឺជា​ការបង្ហាញ​យ៉ាង​កម្រ​អំពី​ជីវិត​ឯកជន​របស់​ស្តេច​ដែលមាន​អំណាច​និង​មានទ្រព្យ​ស្តុកស្តម្ភ​ដែល​ត្រូវបាន​គេ​ស្គាល់​ថា រ៉ា​ម៉ា​ទី​១០​នៃ​រាជវង្ស​ចក្រី​។ ប៉ុន្តែ​កាលពី​ថ្ងៃ​ចន្ទ ការផ្លាស់ប្តូរ​យ៉ាង​លឿន​និង​រឿងរ៉ាវ​ជា​សាធារណៈ​របស់​ព្រះ​នាង Sineenat ត្រូវបាន​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ។

ព្រះ​នាង​ត្រូវបាន​បញ្ចប់​ឋានៈ​គោ​រម្យ​ងារ​ជា “​ចៅពញា​ឃុន​” ដោយសារ​ភាពមិនស្មោះត្រង់​នឹង​ព្រះរាជា​ព្រមទាំង​ធ្វើ​សកម្មភាព​ប្រឆាំងនឹង​ការតែងតាំង​ព្រះមហាក្សត្រី​យា​នី Suthida សម្រាប់​មហិច្ឆតា​ផ្ទាល់ខ្លួន​ផងដែរ។

ព្រះ​នាង Suthida ដែលជា​អតីត​អនុប្រធាន​កង​អង្គរក្ស​រាជវង្ស​ត្រូវបានតែងតាំង​ជា​ព្រះមហាក្សត្រី​យា​នី​ក្នុង​ខែឧសភា​ដោយបាន​ក្លាយជា​មហេសី​ទី​បួន​របស់​ព្រះអង្គម្ចាស់ Vajiralongkorn។

គួរ​បញ្ជាក់ថា របបរាជានិយម​ថៃ​ត្រូវបាន​ការពារ​ដោយ​ច្បាប់​បរិហារកេរ្តិ៍​ដ៏​តឹងរ៉ឹង​ដែល​ធ្វើ​ឲ្យ​ការពិភាក្សា​ដោយ​បើកចំហ​លើ​ស្ថាប័ន​នេះ​សម្រាប់​សាធារណជន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​គឺ​មិនអាច​ទៅរួច​ទេ៕


Related posts