ស្រី​ស្អាត វ៉ាន់ ឆាំ​ភូ ត្អូញត្អែរ ​ក្រោយ​ទីផ្សារ​សិល្បៈ​មួយ​រយៈ​ចុងក្រោយ​នេះ​ កាន់តែ​ស្ងប់ស្ងាត់​មិន​សូវ​មាន​ទីផ្សារ

ភ្នំពេញ ​៖ ​អតីត​ម្ចាស់​ជ័យលាភី​លេខ​៣​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​ពេជ្រ​កំពុង​ច្នៃ​របស់​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​កាលពី​អំឡុង​ឆ្នាំ​២០១០​ កញ្ញា វ៉ាន់ ឆាំ​ភូ ខណៈ​ដែល​ទីផ្សារ​សិល្បៈ​របស់​នាង​បច្ចុប្បន្ន​ហាក់​មាន​ភាពស្ងប់ស្ងាត់​មិនសូវ​មានការ​ទាក់ទង​ហៅ​ថត​សម្តែង​ឬ​ច្រៀង​នៅតាម​កម្មវិធី​ប្រគំ​តន្ត្រី​ដូច​គ្រា​មុនៗ​នោះ ​នាង​បាន​ពី​អារម្មណ៍​ត្អូញត្អែរ​និង​ស្នើ​​ឲ្យ​ការផ្តល់​ឱកាស​សិល្បៈ​ឡើងវិញ​ពី​សំណាក់​បណ្តា​ផលិតករ​ឬ​អ្នក​រៀបចំ​កម្មវិធី​នានា។

កញ្ញា វ៉ាន់ ឆ្នាំ​ភូ បាន​ប្រាប់​គេហទំព័រ​Kh Stars​ឲ្យ​ដឹងថា​ នាង​ពិតជា​មានការ​ព្រួយបារម្ភ​ខ្លាំង​ក្រោយ​ពេលដែល​ទីផ្សារ​សិល្បៈ​របស់​នាង​នាពេល​បច្ចុប្បន្ន​កាន់​តែមាន​ភាពស្ងប់ស្ងាត់​ខុស​ប្លែក​កាលពី​អំឡុង​ពេលដែល​នាង​ទើប​ប្រ​ឡង​ជាប់​នៅក្នុង​កម្មវិធី ពេជ្រ​កំពុង​ឆ្នៃ ពោល​កាលពី​ពេលនោះ ​ទាំង​ការថត​សម្តែង​និង​ច្រៀង​គេ​ទាក់ទង​ហៅ​នាង​ច្រើន​ស្ទើរ​រក​ពេល​សម្រាក​គ្មាន​ផង​។ ​ប៉ុន្តែ​មកទល់​ពេល​សព្វថ្ងៃនេះ ​បែរជា​សឹងតែ​គ្មាន​អ្នក​ហៅ​តែម្តង។

តារា​ច្រៀង​និង​សម្តែង​កញ្ញា វ៉ាន ឆ្នាំ​ភូ​បាន​បន្តថា ​អ្វីដែល​នាង​ចង់បាន​ពេលនេះ​គឺ​ស្នើ​​ដល់​គ្រប់​បណ្តា​ផលិតករ ឬ អ្នករៀបចំ​កម្មវិធី​មួយចំនួន​ផ្តល់ឱកាស​ឲ្យ​នាង​បាន​លេច​វត្តមាន​សម្តែង​និង​ច្រៀង​ឡើងវិញ​ផង​ ព្រោះ​នាង​មិន​ចង់​ផ្អឹប​សមត្ថភាព​ដែលមាន​ឲ្យ​នៅ​ចោល​អត់​ប្រយោជន៍​នោះទេ។

ម្យ៉ាងទៀត​រាល់ថ្ងៃនេះ ឆ្នាំ​ភូ ថា​ នាង​មានឱកាស​ត្រឹម​ជា​អ្នកចម្រៀង​ប្រចាំ​ហាង​ពេល​រាត្រី​តែប៉ុណ្ណោះ​គឺ​នៅ​ភោជនីយដ្ឋាន តន្ត្រី​យល់ចិត្ត ដែលមាន​កញ្ញា លៀង ចាន់​ឡា ច្រៀង​នៅ​ទីនោះ​ដែរ​។​
កញ្ញា វ៉ាន ឆ្នាំ​ភូ បានបញ្ជាក់​បន្ថែមថា ​គិត​រហូត​មកទល់ពេលនេះ​ នាង​បានបង្ហាញ​វត្តមាន​សម្តែង​បាន​ប្រមាណ​ជា​២០​រឿង​មកហើយ​ ដែល​ក្នុងនោះ​រឿង​ដែល​ខ្លួន​លេចមុខ​ខ្លាំង​ដូចជា​៖​រឿង ឧក្រិដ្ឋជន​របស់​ទូរទស្សន៍​CTN ,​រឿង ស្ទឹង​កែវ (SEATV) , រឿង ជីវិត​លើ​វិថី​សិល្បៈ ,​រឿង ស្នេហា​ស្រុកស្រែ (SEATV ) ,​រឿង ប្រជាជន​និង​ច្បាប់​និង​រឿង មេ​កប់​ស៊េរី ជាដើម៕

Related posts