ហេង ឡុង តក់ស្លុត​ និង​សម្តែង​ការ​អាណិ​ត ពេជ្រ សូលី​កា ក្រោយ​ម្តាយ​នាង​ក្លាយជា​ឃាតក

ភ្នំពេញ ​៖ ​ប្រធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​លោក ហេង ឡុង បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នៃ​ការចាប់ខ្លួន​​​ម្តាយ​របស់​តារា​ស្រី​កញ្ញា ពេជ្រ សូលី​កា, ​បានបង្ហាញ​ការតក់ស្លុត​នឹង​ថែមទាំង​ចេញ​សារ​លើកទឹកចិត្ត សូលី​កា ថា​រឿង​ម្តាយ​ធ្វើ​ខុស​ផ្សេង​ហើយ​កូន​ផ្សេង​ចែកដាច់​ពីគ្នា។

លោក ហេង ឡុង បាន​រៀបរាប់ថា ច្បាប់ព្រហ្មទណ្ឌ អ្នកណា​ប្រព្រឹត្ត អ្នកនោះ​ទទួលទោស​ទោះជា​សាច់ញាតិ ចង់​មក​ទទួលទោស​ជំនួស ក៏​ច្បាប់​មិន​អនុញ្ញាត​ដែរ ទង្វើ​ខុសច្បាប់​របស់​ម្ដាយ មិន​ពាក់ព័ន្ធ​ជាមួយ​កូន​ឡើយ​។ សូម​បងប្អូន​បែងចែក​ឲ្យ​ច្បាស់ កុំ​រាលដាល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ប្រិយភាព​របស់​កូនស្រី​ដែល​មិន​ពាក់ព័ន្ធ នឹង​កំពុងតែ​ប៉ះទង្គិច​អារម្មណ៍​យ៉ាងធ្ងន់ធ្ងរ សូម​បងប្អូន​មេត្តា​យោគយល់។

សូមបញ្ជាក់ថា ​បន្ទាប់ពី​មាន​ករណី​ឃាតកម្ម​សម្លាប់​ស្ត្រី​វ័យ​៥០​ឆ្នាំ​ម្នាក់​កាលពី​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០២០​បង្ក​ការភ្ញាក់ផ្អើល​នោះ ទីបំផុត​ជង​សង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ ខណៈដែល​ឃាតក ត្រូវបាន​គេ​ស្គាល់​ថា ជា​ម្តាយ​របស់​តារាចម្រៀង​ស្រី​កញ្ញា ពេជ្រ សូលី​កា ។ ជនរងគ្រោះ​ឈ្មោះ ងិន សុខលី ភេទ​ស្រី អាយុ​៥០​ឆ្នាំមាន​ទីលំនៅ​ផ្ទះ​លេខ​59 ផ្លូវ​លេខ​134 សង្កាត់ ផ្សារ​ដេប៉ូ​2 ខណ្ឌ ទួលគោក រាជធានី​ភ្នំពេញ មុខរបរ​លក់​កាហ្វេ​នៅក្នុង​ផ្សារ​ដេប៉ូ ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​ក្នុង​ទីលំនៅ​ផ្ទះ​លេខ L42A ផ្លូវ​លេខ​V16A (​បុរី​វីឡា​ថោ​ន​) ភូមិ​ទួល​រកា សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ។

ចំពោះ​ជនសង្ស័យ​មានឈ្មោះ ស៊ិន ស្រី​នាង​អាយុ​៤៥​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​នៅផ្ទះ​លេខ L42A ផ្លូវ​លេខ​V16A (​បុរី​វីឡា​ថោ​ន​) ភូមិ​ទួល​រកា សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​ បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ពី​សំណាក់​កម្លាំង​សមត្ថកិច្ច​នោះ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០២០​នេះ ជនសង្ស័យ​ក៏​ត្រូវបាន​សមត្ថកិច្ច​នាំ​យកទៅ​ធ្វើ​ត្រាប់​សកម្មភាព​ដែល​ខ្លួន បានធ្វើ​សម្លាប់​ជនរងគ្រោះ​នៅនឹងកន្លែង​ទីតាំង​ផ្ទះ​ជនសង្ស័យ​ផងដែរ៕

Related posts