អតីត​បេក្ខភាព​Cambodian Idol​និង X Factor Cambodian ថុល លី​ណា រក្សាបាន​ទីផ្សារ​​​ចេញ​ច្រៀង​តាម​កម្មវិធី​តូច​-​ធំ​មួយចំនួន

ភ្នំពេញ ​៖ អតីត​បេក្ខភាព​ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​របស់​ស្ថានីយ​ទូរទស្សន៍​Cambodian Idol​និង X Factor Cambodian​លោក ថុល លី​ណា ថ្វីត្បិតតែ​លោក​មិនអាច​មានឱកាស​ឆ្លង​ដល់​វគ្គ​ចុងក្រោយ​ឬ​ទទួលបាន​ជោគជ័យ​ជា​ម្ចាស់​ជ័យលាភី​ពី​ការ​ប្រឡង​ពិតមែន តែ​តារា​វ័យក្មេង​ម្នាក់នេះ​ នៅតែមាន​សមត្ថភាព​ចេញ​ច្រៀង​នៅតាម​បណ្តា​កម្មវិធី​ប្រគំ​តន្ត្រី​តូច​-​ធំ​មួយចំនួន​ដដែល។

ជាក់ស្តែង​ក្នុងជំនួប​ជាមួយ​គេហទំព័រ​KhStars​លោក ថុល លី​ណា​បាន​ឲ្យ​ដឹងថា​ ទោះបីជា​លោក​មិន​មានឱកាស​ក្លាយជា​ម្ចាស់​ជ័យលាភី​ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក​ទាំងពីរ​នេះ​ក៏ពិតមែន តែ​បរាជ័យ​មួយ​នេះ​វា​ក៏​ជា​បទពិសោធន៍​សម្រាប់​ខ្លួន​ផងដែរ។ លោ​កថា​តាមរយៈ​កម្មវិធី​នេះ​គឺ​បានផ្តល់​បទពិសោធន៍​និង​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញច្បាស់​ពី​សមត្ថភាព​របស់លោក​ថា​មាន​ត្រឹម​កម្រិតណា​ដើម្បី​ជា​ឱកាស​មួយ​ក្នុងការ​កែប្រែរ។

អតីត​បេក្ខភាព​មាន​ដើមកំណើត​មកពី​ទឹកដី​ខេត្តកណ្តាល​លោក ថុល លី​ណា បាន​និយាយទៀតថា​ថ្វីត្បិតតែ​លោក​ប្រឡង​ពីរលើក​មិន​ទទួលបាន​ជោគជ័យ​ក៏ដោយ ​តែ​សម្រាប់​ទីផ្សារ​ច្រៀង​របស់លោក​បច្ចុប្បន្ន​គឺ​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​បណ្តា​អ្នករៀបចំ​ការ​ប្រគំ​តន្ត្រី​នានា​។​ខណៈដែល​កន្លងមក​លោក​ក៏​ទទួលយក​រាល់​ការហៅ​ចេញ​ច្រៀង​នៅតាម​តន្ត្រី​អក​កេះ​ឬ​អក​កា​ដង់​ផ្សេងៗ​ផងដែរ។

លោក ថុល លី​ណា​បាន​បន្ថែមទៀតថា​ ក្រៅតែពី​ការចេញ​ច្រៀង​នៅតាម​កម្មវិធី​មួយចំនួន​ដែល​បាន​អញ្ជើញ​នោះ​ សព្វថ្ងៃ​លោក​ក៏មាន​Cover​បទ​ចម្រៀង​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​យូ​ធូប​ជា​បន្តបន្ទាប់​ទៀតផង​។ ​មិនតែប៉ុណ្ណោះ​លោក ថុល លី​ណា ក៏បាន​បង្ហាញ​អារម្មណ៍​អរគុណ​ដល់​ទស្សនិកជន​និង​មិត្តៗ​យុវ​វ័យ​ដែល​តែងតែ​និយម​គាំទ្រ​ហើយ​ផ្តល់​ការលើកទឹកចិត្ត​អំឡុងពេល​ប្រឡង​ផងដែរ៕


Related posts