អាណិត​ណាស់! នាយ កុយ ត្អូញត្អែរ​អាណិត​តួ​ល្ខោន​កម្សត់​ម្នាក់​ ដែល​មាន​ជំងឺ​ពុក​ឆ្អឹង

ភ្នំពេញ​ ៖ ​បន្ទាប់ពី​​​ជួប​តួ​ជើងចាស់​ល្ខោន​ម្នាក់ ​ស្ថិត​នៅ​ក្នុង​ក្រុម​ល្ខោនបាសាក់​ភី សុគ​ន្ធី ​នោះ ​ស្រាប់តែ​តារា​កំប្លែង​ជើងចាស់​ល្បីឈ្មោះ​ទូទាំង​ប្រទេស​ នាយ កុយ ​បាន​បង្ហាញ​ពី​អារម្មណ៍​ក្តុកក្តួល​និង​អាណិត​អាសូរ​ខ្លាំង​ ខណៈ​​​សព្វថ្ងៃ​តួល្ខោន​រូប​នេះ​ក៏​កំពុង​មាន​ជំងឺ​ផង​នោះ។

តារា​កំប្លែង​នាយ កុយ បាន​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបភាព​ ដោយ​សរសេរ​រៀបរាប់​ដូច្នេះ​ថា ​ថ្ងៃនេះ​មក​សម្ដែង​ល្ខោន​នៅ​វត្ត​ភែ​ក​ស្ថិត​ក្នុងស្រុក​ភ្នំស្រួច​កាត់​តាមផ្លូវ​សំរោង​យ៉ោ​ង ចូល​មកដល់​គ្រាំង​ស្លែង។​ ខ្ញុំ​ក៏​ចូល​សួរសុខទុក្ខ​តា​ការ៉េ​ ដែល​គាត់​ជា​តារា​កំប្លែង​ជើងចាស់​មាន​ជំងឺ​ពុក​ឆ្អឹង​គួរ​ឲ្យ​អាសូរ​គាត់​ណាស់។

តារា​កំប្លែង​ជើងចាស់​មាន​ប្រជាប្រិយភាព​នាយ កុយ បានបញ្ជាក់​បន្ថែមទៀត​ថា ​សព្វថ្ងៃ​គាត់​មាន​ជីវភាព​ខ្វះខាត​ណាស់​។ ​ថ្ងៃមុន​បាន​លោក ហេង​ឡុង ជួយ​គាត់​ម្ដង​រួចមកហើយ​ដើម្បី​ជួយ​សម្រួល​ជីវភាព និង ថ្នាំលេប​ប្រចាំថ្ងៃ​ផងដែរ ​សូម​បងប្អូន​កូនក្មួយ​មេត្តាជួយ​គាត់​ផង​អាណិត​គាត់​ណាស់។

តាមរយៈ​ការ​បង្ហោះ​របស់​តារា​កំប្លែង​នាយ កុយ ខាងលើ​នេះដែរ​ បានធ្វើ​ឲ្យ​ទស្សនិកជន​និង​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​មួយចំនួន​បង្ហាញ​ការអាណិតអាសូរ​ដល់​តា​ការ៉េ​ផងដែរ។

សូម​ជម្រាប​ដែរ​ថា​នាយ កុយ ក្រោយពេល​កម្មវិធី​កម្សាន្ត​របស់​ស្ថានីយទូរទស្សន៍​មួយចំនួន​បាន​ផ្អាក​លែង​ឲ្យ​មាន​ការ​លេង​កំប្លែង​នោះ ​តារា​ជើងចាស់​រូបនេះ​ក៏​ស្រ​វា​ទៅ​ចាប់យក​អាជីព​ដូច​គ្រា​មុន​វិញ​គឺ​ការលេង​ល្ខោនបាសាក់​ដើម្បី​បម្រើ​អារម្មណ៍​ជូន​ទស្សនិកជន​ឲ្យ​មានការ​សើច​សប្បាយរីករាយ​នៅតាម​បណ្តា​ភូមិ ឃុំ ស្រុក​នានា​ផងដែរ៕

Related posts