អាល្លឺម៉ង់​គ្រោង​ហាមឃាត់​ការប្រើ​ថង់​ប្លា​ស្ទិ​ច​ដែល​ប្រើតែ​មួយដង​នៅ​ឆ្នាំក្រោយ​

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​អាល្លឺម៉ង់​គ្រោង​នឹង​ហាមឃាត់​ការប្រើ​ថង់​ប្លា​ស្ទិ​ច​ដែល​ប្រើតែ​មួយដង​ចោល​ចាប់ពី​ឆ្នាំក្រោយ​នេះ​ទៅ ដោយ​ចូលរួម​ក្នុង​ចលនា​ដែល​កំពុងមាន​ការរីក​ធំ​កាន់តែខ្លាំង​ឡើង​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការបំពុល​សាកលលោក។

នៅតាម​ផ្សារ​ទំនើប​និង​ក្រុម​អ្នក​លក់រាយ​ដទៃទៀត​នឹងត្រូវ​ហាមឃាត់​មិនឱ្យ​ផ្តល់​ថង់យួរ​ធ្វើឡើង​ពី​ប្លា​ស្ទិ​ច​ដែលមាន​ទម្ងន់​ស្រាល​នៅ​កន្លែង​គិតលុយ​ឡើយ។ដោយ​ធ្វើ​ការណែនាំ​អំពី​គំនិត​ផ្តួចផ្តើម​ដែល​សង្ឃឹមថានឹង​ក្លាយជា​ច្បាប់​បញ្ញត្តិ​នាពេល​ឆាប់ៗ​ខាងមុខនេះ លោកស្រី​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន Svenja Schulze បាន​មានប្រសាសន៍ថា “​ជនជាតិ​អាល្លឺម៉ង់​ភាគច្រើន​ចង់បាន​ការហាមឃាត់​នេះ។

យោងតាម​របាយការណ៍​របស់​កាសែត Bild បានឱ្យដឹងថា ការបំពាន​បម្រាម​ដែល​នឹង​ចូល​ជា​ធរមាន​នៅក្នុង​ឆមាស​ទីមួយ​ដើមឆ្នាំ​ក្រោយនេះ​នឹង​គំរាមកំហែង​ដល់​អាជីវកម្ម​របស់​អ្នក​បំពាន​ទាំងនោះ ហើយនឹង​មានការ​ផាកពិន័យ​រហូតដល់​១០​ម៉ឺន​អឺរ៉ូ (១១​ម៉ឺន​ដុល្លារ)។

ការបំពុល​ដោយ​ប្រើ​ប្លា​ស្ទិ​ច ជាពិសេស​ក្នុង​ផ្លូវទឹក​និង​មហាសមុទ្រ​គឺជា​ភ័យន្តរាយ​ដ៏​ធំ​សម្រាប់​វិស័យ​អេកូឡូស៊ី ព្រោះតែ​វា​បានធ្វើឱ្យ​រងរបួស ឬ​សម្លាប់​ជីវិត​សត្វ​សមុទ្រ និង​បក្សី​នៅតាម​ឆ្នេរ ក៏ដូចជា​បង្កើតឱ្យមាន​សំរាម​អណ្តែត​ពាសពេញ​មហាសមុទ្រ។

ជាមួយគ្នានេះ អ្នកវិទ្យាសាស្ត្រ​បាន​ព្រមាន​ថា នៅពេលដែល​ប្លា​ស្ទិ​ច​បំបែក​ខ្លួន​បន្តិច​ម្តងៗ ភាគល្អិត​មីក្រូ​នឹង​ចូលទៅក្នុង​សង្វាក់​ចំណីអាហារ ហើយក៏​បញ្ចប់​នៅក្នុង​ខ្លួន​មនុស្ស៕

Related posts

Leave a Comment