អ្នកជំនាញ​៖ ក្រុម​កីឡាករ​បាល់ទាត់​អង់គ្លេស​គួរតែ​រក​សេវា​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​

អ្នកជំនាញ​សន្តិសុខ​ម្នាក់ បាន​និយាយប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP​ថា ក្លិប​បាល់ទាត់​អង់គ្លេស ត្រូវតែ​ភ្ញាក់ខ្លួន​លើ​ហា​និ​ភាព​សុវត្ថិភាព​មកលើ​ក្រុម​កីឡាករ​របស់​ពួកគេ ពេលដែល​សមាជិក​ណា​ម្នាក់​ក្នុងចំណោម​ពួកគេ ឬ​សមាជិក​គ្រូ​សារ​របស់​ពួកគេ អាច​នឹងរង​ការឈឺចាប់ ឬ​ត្រូវបាន​សម្លាប់​នោះ។

ការ​ក្រើនរំឭក​ពី​លោក Alex Bomberg ដែលជា​អតីត​យោធិន​មួយរូប បាន​កើតមានឡើង ក្រោយពេល​តារាបាល់ទាត់​របស់​ក្លិប Arsenal គឺ​កីឡាករ Mesut Ozil និង​កីឡាករ Sead Kolasinac បាន​ក្លាយជា​គោលដៅ​នៃ​ការ​ប្លន់​រថយន្ត ដោយ​ក្រុម​ប្រដាប់​ដោយ​កាំបិត នៅ​ទីក្រុង​ឡុង​ដ៍ កាលពី​ខែកក្កដា កន្លង​ទៅនោះ។

ឧប្បត្តិហេតុ​នេះដែរ បានធ្វើ​ឲ្យ​កីឡាករ​ទាំង​២ មិនអាច​ចូលរួម​ការប្រកួត​បើកឆាក​រដូវ​កាល Premier League​របស់​ក្រុម Arsenal​ពេល​ប៉ះ​ជាមួយ​ក្រុម Newcastle​ដោយសារតែ​ព្រួយបារម្ភ​ពី​បញ្ហា​សន្តិសុខ​របស់​ពួកគេ។

លោក Bomberg គឺជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Intelligent (UK Holdings) Limited ដែល​ទទួលបន្ទុក​ការការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​លើ​កីឡាករ​បាល់ទាត់​៩​នាក់​នៅ​ប្រទេស​អេ​ស្ប៉ា​ញ និង​ប្រទេស​បារាំង ប៉ុន្តែ​លោក​បាន​និយាយថា ក្រុមហ៊ុន​របស់លោក​មិនទាន់​ទទួលបាន​ការទាក់ទង​ណាមួយ ពី​ក្រុម​កីឡាករ​នៅ​អង់គ្លេស​នោះទេ ដើម្បី​ការពារ​សុវត្ថិភាព​របស់​ពួកគេ ចាប់តាំងពី​ឧប្បត្តិ​ហេតុនេះ​កើត​ឡើងមក។

លោក​បាន​និយាយថា លោក​មានការ​ភ្ញាក់ផ្អើល​ខ្លាំងណាស់ ពេលដែល​ក្រុម​កីឡាករ និង​ក្លិប​អ្នក​មាននៅ Premier League​មើលស្រាល​ចំពោះ​ការគំរាមកំហែង​បែបនេះ៕

Related posts

Leave a Comment